ភ្នំពេញ ៖ ឆ្លើយតបលោកខ័ណ្ឌ ច័ន្ទសុផល ក៏ដូចជាគណនីបណ្តាញសង្គមមួយចំនួន ផ្សព្វផ្សាយថា តាឥសីសក់ស ភ្នំត្បែង ដែលតារាចម្រៀង មាស សុខសោភា លង់ជឿ ហៅ «លោកឪៗ» បានបោកលុយមាស សុខសោភា អស់ជាង ២៣ម៉ឺនដុល្លារនោះ ព្រមទាំងចោទប្រកាន់ថា ធ្លាប់ជួញគ្រឿងញៀន លួចម៉ូតូ និងបោកក្មេងស្រីក្មេង ៤នាក់ រួមភេទបញ្ចូលអាគមស្នេហ៍ ឲ្យប្តីឬសង្សារស្រឡាញ់ ទាក់ទាញប្តីឬសង្សារដែលបែកឆ្វេង ឲ្យត្រឡប់មកផ្ទះវិញជាដើម លុះបែកធ្លាយរឿង ឥសីសក់ស កំបុតដៃស្តាំ ដាក់មេប្រូច រត់គេចខ្លួនបាត់នោះ ពេលនេះ តាបសសក់សភ្នំត្បែង បានចេញមុខបដិសេធការចោទប្រកាន់ទាំងអស់ និងបានអះអាងថា គាត់មិនបានរត់គេចខ្លួនទៅណាទេ គឺនៅរង់ចាំដីការកោះហៅទៅបំភ្លឺជានិច្ច ។

តាឥសីសក់សភ្នំត្បែង បានសរសេរបកស្រាយបំភ្លឺតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន ឈ្មោះ «អង្ គមហាឦស្វរ:មោក្ខ-ពេជ្រ សង្វាវង្ស ហៅ លោកតាសក់តសក់ភ្នំត្បែង» នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ថា «ដៃស្តាំរបស់ខ្ញុំ ត្រូវបាត់បង់ទាំងស្រុង ដោយសារតែសង្រ្គាមនៅក្នុងសមរភូមិស្វាយចេក ក្នុងអំឡុងឆ្នាំ១៩៨៩ ព្រោះតែការពារជាតិ ការពារទឹកដី ការពារជនប្រុសស្រីទាំងឡាយ ឱ្យរួចចាកផុតពីការភិតភ័យកន្លងមក។ រឿងរបស់ខ្ញុំ អស់ពីលុយម្ភៃបីម៉ឺន ឥឡូវខ្ញុំត្រូវគេចោទប្រកាន់ថា ជាចោរលួចយកម៉ូតូគេ រត់ទៅភ្នំត្បែង គេចោទយើងថា រកស៊ីគ្រឿងញៀន មិនត្រឹមតែប៉ុណ្ណោះ ពួកគេបែរជួលមនុស្ស មកសម្តែងដើម្បីទម្លាក់កំហុសមកលើរូបយើង ដោយគ្មានក្តីពិចារណា។ យើងចង់ដឹងណាស់ថា តើនៅលើលោកនេះ មានជនពិការដៃស្តាំណាដែលអាចបើកម៉ូតូដៃឆ្វេងបានទេ? ហ្គែរម៉ូតូ នៅខាងស្តាំ ហើយខ្ញុំត្រូវពិការដៃស្តាំទាំងស្រុង តើមានជនពិការដៃស្តាំណាដែលអាចបើកម៉ូតូដៃឆ្វេងបាន? តើមានជនពិការដៃស្តាំណាដែលអាចលេងហ្គីតារដៃមួយចំហៀងបានទេ? តើយកដៃណាចាប់ខ្ទង់ ដៃណាកេះហ្គីតារ? ហេតុអីលោកទាំងឡាយ នាំគ្នាមកចោទប្រកាន់ទម្លាក់កំហុសមកលើយើងបែបនេះទៅវិញ?»។

តាបសសក់ស បន្តថា «យើងមិនបានរត់គេចខ្លួនទៅណាទេ យើងរង់ចាំអ្នកច្បាប់ ចេញដីកាកោះហៅទៅបំភ្លឺគ្រប់ពេល។ ខ្ញុំមិនបានរត់គេចពីសច្ចធម៌នោះទេ? សង្ឃឹមថា អស់លោកអ្នកមានបុណ្យគ្រប់រូប តាមបណ្តាស្ថាប័នរដ្ឋ ដែលមានតួរនាទីដឹកនាំផ្លូវលោក មេត្តាជួយស្រាវជ្រាវរកការពិត រកយុត្តិធម៌ដល់រូបខ្ញុំផងទៅចុះ។ ម្នាក់ៗនាំគ្នាយករូបថតយើងតាំងពីអតីតកាល មុនពេលបួស មកធ្វើជាបច្ចុប្បន្នភាព ដើម្បីបំពុលសង្គម មិនត្រឹមតែប៉ុណ្ណោះ ចោទយើងថា ជាគ្រូអាគម។ យើងសូមជម្រាបទៅលោកទាំងឡាយថា ការបដិបត្តិធម៌របស់យើង ក្នុងពេលកំពុងបួស គឺយើងយកតែការសមាធិ ជាគោល ក្នុងការឈ្វេងយល់ធម៌ប៉ុណ្ណោះ មិនបានរៀនវិជ្ជាតិរច្ឆានណាដែលនាំឱ្យប៉ះពាល់ដល់សតិបញ្ញារបស់មនុស្សឡើយ។ យើងមិនចង់និយាយអ្វីច្រើនទេ បើខ្ញុំនៅតែប្រព្រឹតអំពើល្អ មានគុណធម៌ ដូច្នេះសច្ចធម៌ នៅតែជាអាវុធការពារយើងជានិច្ច»។

សូមបញ្ជាក់ថា ការចេញមុខប្រតិកម្ម ឆ្លើយតបនិងបកស្រាយបំភ្លឺ របស់តាបសសក់សភ្នំត្បែង ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីមានបណ្តាញសង្គមមួយចំនួន ផ្សព្វផ្សាយថា រូបគាត់បានរត់គេចខ្លួនបាត់ហើយ បន្ទាប់ពីបែកធ្លាយរឿងបោកលុយតារាចម្រៀង មាស សុខសោភា អស់ជាង ២៣ម៉ឺនដុល្លារ ព្រមទាំងចោទប្រកាន់ថា ធ្លាប់ជួញគ្រឿងញៀន លួចម៉ូតូ និងបោកក្មេងស្រីក្មេង ៤នាក់ រួមភេទបញ្ចូលអាគមស្នេហ៍។

ជាក់ស្តែង កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ លោកខ័ណ្ឌ ច័ន្ទសុផល អ្នកលេងបណ្តាញសង្គម ល្បីឈ្មោះម្នាក់ បានបង្ហោះឃ្លីបវីដេអូមួយ ភ្ជាប់ជាមួយសំណេរថា “ឥសីដាច់ឈាន រត់គេចខ្លួនហើយបងប្អូន! ជួបគ្នាយប់នេះ វគ្គពិសេស! កុំភ្លេចតាមដានទស្សនាឈុតពិសេស…”។

ក្នុងវីដេអូនោះ លោកខ័ណ្ឌ ច័ន្ទសុផល បានរៀបរាប់ថា “ថ្ងៃនេះ មានវីដេអូឃ្លីបមួយ ប្រហែលជាអស្ចារ្យ គឺឥសី គឺចៀមពាក់ស្បែកខ្លា ឥឡូវនេះ បានទទួលបានដំណឹងពីសមត្ថកិច្ច បានឱ្យដឹងថា ដាក់មេប្រូចបាត់ហើយ មិនដឹងជាទៅណាទេ បន្ទាប់ពីឃើញសភាពការណ៍អត់ស្រួល ណាមួយឥឡូវនេះ ខ្ញុំកំពុងតែឱ្យបងប្អូននៅខាងសាលាដំបូងរាជធានីភ្នំពេញ ជួយឆែកមើលសំណុំរឿងរបស់លោកចក្រាវុធ ជាឥសី ដែលជាព្រះគង់លើផ្កាឈូកស ជាអាយដលហ្វេនផ្កាប់មុខរបស់មាស សុខសោភា នោះ ពីបទចែកចាយគ្រឿងញៀន កូនគាត់ប៉ុន្មាននាក់ហ្នុង កាលហ្នុងគឺបងប្អូនយើងអ្នកនៅបុរីកីឡា រាយការណ៍មកថា ប្រើប្រាស់គ្រឿងញៀន តាឪហ្នឹង គឺជាអ្នក ចែកចាយ បន្ទាប់មកក៏រត់ឡើងភ្នំត្បែង ហើយឥឡូវនេះ ក៏មានបងប្អូនស្រីៗ ជាអាជីវករ តែគាត់សុំលាក់មុខ លាក់ឈ្មោះ ចំនួន៤នាក់ ដែលត្រូវលោកចក្រា ហ្នឹង គឺបានដេកជាមួយ ដេកជាមួយហើយគេហៅថា ចង់ឱ្យត្រូវជាមួយប្តី ជាមួយសង្សារ ឱ្យគេហ្នឹង យកទឹករំអិល ទឹកកាមរបស់ស្ត្រីហ្នឹង យកមកធ្វើពិធី ហើយខាងស្រីហ្នឹង សួរថាធ្វើពិធីយ៉ាងម៉េច? គឺរួមដំណេក ដើម្បីឱ្យបានទឹកហ្នឹង មកផ្គុំធាតុគ្នាញីឈ្មោល ដើម្បីហៅខាងប្រុសហ្នឹងមក ហើយនិងរឿងច្រើន គឺដំបៅវាទុំ រកផ្ទុះយូរហើយ តែវាអត់មានអ្នកឆ្កឹះ ដល់ឥឡូវ យកម្ជុលឆ្កឹះបន្តិច ឃើញចេញធ្លាយគ្រប់កន្លែង»។

លោកខ័ណ្ឌ ច័ន្ទសុផល បន្តថា «អាហ្នឹងត្រួសៗទេណា ក្មេងស្រីៗ ៤នាក់ដែលត្រូវចៀមពាក់ស្បែកខ្លា លួចស៊ីប្រហារ តែគេអត់ហ៊ានចេញមុខទេ ខ្លាចមានបញ្ហា ណាមួយជាកេរ្តិ៍ខ្មាសផង។ អ៊ីចឹងគ្រាន់តែជូនដំណឹងទេថា ចៀមពាក់ស្បែកខ្លា រត់បាត់ហើយ មិនដឹងទៅដល់ណាទេ ហើយបងប្អូនឃើញ ជួយរាយការណ៍ផង ដើម្បីឱ្យប៉ូលិស គេធ្វើការ ហើយចាំមើលព្រះដ៏មានបុណ្យរបស់មាស សុខសោភា ហ្នឹង គិតម៉េចវិញ? ភា អើយ ភា! គ្រាន់តែឃ្លីបចេញការពារអាតាង៉ែនហ្នុង ដល់ ៤-៥ដង មហាជនឥឡូវគ្រវីក្បាលហើយអូនអើយ! ដំបូងគេថាអូនឯងត្រូវអំពើត្រូវអី ដល់ឥឡូវនេះវាលែងត្រូវអំពើ វាទៅជាបបរផិបាត់ហើយ និយាយលែងចេញហើយឥឡូវ អ៊ីចឹងបាន ម្នាក់ៗគេខ្ជិលនិយាយ គេថាឆ្នាំងណាគ្របហ្នឹងហើយ អ៊ីចឹងតាមដំណើរ តែឥឡូវត្រូវតាមវែករកជនល្មើសសិន…”៕

