ថ្មីៗនេះ តារាចម្រៀងផលិតកម្មរស្មីហង្សមាស ងួន ចាន់ដេវីត ហៅG-Devith បានទៅឃ្លាំងរថយន្ដទំនើបមួយ ថតក្បែរឡានទំនើបម៉ាក Audi ពណ៌ខ្មៅ ដែលត្រូវគេដឹងថា ឡាននោះថ្លៃជាង១០ម៉ឺនដុល្លារឯណោះ។ ម្ចាស់ឃ្លាំងក៏បានបង្ហោះរូបថត១សន្លឹកនេះ ផ្អើលពេញបណ្ដាញសង្គម Facebook តែម្ដង ហើយបានធ្វើឲ្យអ្នកគាំទ្រ (Fan) លោកដេវីត ជាច្រើនបានចូលរួមអបអរសារទរថា មិនគូរឲ្យជឿ ម្ចាស់បទ ”រាំញីកែងជើង” រូបនេះ ត្រូវប៉ាន់ច្រៀងតាម Concert នៅរដូវក្ដៅ មួយប្រាវសោះ ក៏ហ៊ានទិញឡាន១គ្រឿង ថ្លៃស្មើផ្ទះល្វែងមួយជុងទៅហើយ។
ទន្ទឹមនឹងនេះដែរម្ចាស់យានដ្ឋានលក់រថយន្ដទំនើបនោះ ក៏បានសរសេរថា អរគុណ Idol ងួន ចាន់ដេវីត ដែលបានមកទិញរថយន្ដហាងខ្ញុំ។ ជូនពរឲ្យដេវីត ទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើនថែមទៀត…។
ក្នុងជំនួបតាមទូរសព្ទ័កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ ម្ចាស់បទ ”រាំញីកែងជើង” លោកងួន ចាន់ដេវីត និយាយដោយមិនបង្អង់ថា ខ្លួនគ្មានលទ្ធភាពទិញរថយន្ដទំនើបនោះឡើយ គឺគ្រាន់តែថតផ្សាយឃោសនាឡានប៉ុណ្ណោះ។
ដេវីត ប្រាប់ថា ”មានឯណាបង! ខ្ញុំថតលេងតើ! ម្ចាស់ហាងនិងខ្ញុំស្គាល់គ្នា ហើយគាត់ថត Post លេងហ្នឹង ផ្សាយហាងគាត់តើ! ខ្ញុំមានលុយឯណាទិញឡានហ្នឹង ថ្លៃណាស់បង។ ប៉ុន្ដែក្នុងចិត្តខ្ញុំស្រលាញ់ឡានហ្នឹងណាស់ បើមានលុយ គឺទិញយកភ្លាមតែម្ដងបង!”។
ងួន ចាន់ដេវីដត ដែលធ្លាប់តែជិះរថយន្ដជាមួយពេជ្រ សោភា Range Rover ពណ៌ខ្មៅ តម្លៃជាង៤ម៉ឺនដុល្លារនោះ បានងាកមកទិញឡានផ្ទាល់ខ្លួន Toyata Tundra ពណ៌ស តម្លៃជាង៤ម៉ឺនដុល្លារ ជិះយ៉ាងកាលីព ហើយរយៈពេលដែលរូបគេឡើងកូដខ្លាំងនេះ ក៏បានទិញផ្ទះល្វែងមួយជុងផងដែរ។
គេថា ងួន ចាន់ដេវីដ ដែលនៅតែកើបលុយដោយសារតែបទ ”រាំញីកែងជើង” និងពេលនេះកំពុងផ្ទុះបទ ”No Smoke” នោះ មិនពិបាកឡើយ បើសិនជារូបគេចង់ទិញរថយន្ដម៉ាក Audi ទំនើប ដែលមានតម្លៃជាង១០ម៉ឺនដុល្លានោះ ព្រោះនៅរដូវក្ដៅនេះ តារាវ័យក្មេងរូបនេះអាចកើបលុយបានរាប់សែនដុល្លារជាមិនខាន ដោយសារតែស្ទើរគ្រប់កម្មវិធីប្រគំតន្ដ្រីធំៗទាំងអស់ អ្នករៀបចំកម្មវិធីចង់បានដេវីត ទៅច្រៀងជាមួយតម្លៃខ្លួន១កម្មវិធី ជិត២ពាន់ដុល្លារឯណោះ។
ដេវីត បន្ថែមថា ”ខ្ញុំស្រលាញ់ឡាន Audi ហ្នឹងមែន ថ្ងៃក្រោយនឹងអាចទិញ បើមានលទ្ធភាពនោះ។ តែរាល់ថ្ងៃខ្ញុំនៅតែជិះរថយន្ដ Tundra ដដែលទេបង”៕