Wednesday, May 28, 2025
Homeទេសចរណ៍អគារអាយុជាង១០០ឆ្នាំ គ្រោងប្រើប្រាស់ឡើងវិញ

អគារអាយុជាង១០០ឆ្នាំ គ្រោងប្រើប្រាស់ឡើងវិញ

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានជួសជុលអគារដែលមានអាយុកាលជាង ១០០ឆ្នាំ ដែលមានទីតាំងនៅផ្នែកពាយ័ព្យនៃប្រាសាទបាយ័ន ឱ្យមានសោភណភាពឡើងវិញ ព្រមទាំងមានគម្រោងប្រើប្រាស់ជាថ្មី ដើម្បីបម្រើឱ្យផ្នែកវិស័យទេសចរណ៍ និងការសិក្សា ស្រាវជ្រាវជុំវិញកិច្ចការអភិរក្សអង្គរ នៅពេលឆាប់ៗ។

លោកឡុង កុសល អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា អគារនេះ គឺជាឃ្លាំងនៃអភិរក្សដ្ឋានទី១ ដែលបានកសាងឡើង តាំងពីសម័យបារាំងនោះ មានលក្ខណៈជារោង សម្រាប់បម្រើឱ្យការងារជួសជុសប្រា សាទបុរាណនានានៅក្នុងតំបន់អង្គរ។ ដោយអគារនេះ មានលក្ខណៈតូច មិនអាចពង្រីកបាន ព្រោះប៉ះពាល់ដល់ប្រាសាទ និងមិនអាចទ្រទ្រង់ការងារអភិរក្សដែលមានទំហំធំ ទើបអ្នកគ្រប់គ្រងពេលនោះ បានសម្រេចចិត្តប្តូរមកកសាងអគារអភិរក្សដ្ឋានថ្មី ដែលមានទីតាំងនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ទល់មុខវត្តព្រះឥន្ទកោសីយ រហូតដល់សព្វថ្ងៃ។

លោកឡុង កុសល បញ្ជាក់ទៀតថា ការប្រើប្រាស់អគារអភិរក្សទី១ ឡើងវិញ គឺចង់ឱ្យកូនខ្មែរជំនាន់ក្រោយ និងភ្ញៀវទេសចរទាំងឡាយ បានយល់ដឹងពីប្រវត្តិសាស្ត្រ និងដំណើរនៃការជួសជុលអង្គរ កាលពីសម័យមុន តើប្រព្រឹត្តទៅយ៉ាងណា? ហើយតើគេប្រើប្រាស់ឧបករណ៍អ្វីខ្លះ? និងប្រើប្រាស់បច្ចេកទេសបែបណា? ម៉្យាងទៀត អគារនេះក៏នឹងត្រូវបានរៀបចំជាកន្លែងប្រគល់សម្ភារៈ ឬរបស់របរផ្សេងៗដែលភ្ញៀវទេសចរ ជ្រុះឬភ្លេចនៅតាមប្រាសាទ៕

RELATED ARTICLES