Sunday, June 1, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរជម្លៀសពលរដ្ឋ ពីតំបន់ព្រំដែនផ្ទុះអាវុធ

អាជ្ញាធរជម្លៀសពលរដ្ឋ ពីតំបន់ព្រំដែនផ្ទុះអាវុធ

ខេត្តព្រះវិហារ ៖ ក្រោយកើតមានករណីផ្ទុះអាវុធ នៅចំណុចព្រំដែនមុំបី ដោយទាហានថៃ បានលួចឆ្មក់បាញ់ប្រហារមកលើលេណដ្ឋានរបស់កងទ័ពកម្ពុជា នៅចំណុចចំបក់ ភូមិមរកត ស្រុកជាំក្សាន្ត កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បណ្តាលឲ្យទាហានកម្ពុជា ម្នាក់ បាត់បង់ជីវិតមក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ អាជ្ញាធរខេត្តព្រះវិហារ បានជម្លៀសពលរដ្ឋពីតំបន់ជួរមុខ ទៅកាន់ទីកន្លែងសុវត្ថិភាព ខណៈភាគីទាំងសងខាង មានការចល័តកម្លាំងទ័ព និងសព្វាវុធជាច្រើន ទៅកាន់តំបន់ព្រំដែនប្រឈមុខគ្នា បើទោះបីជាមេបញ្ជាការកងទ័ពជើងគោក  នៃប្រទេសទាំង២ កម្ពុជា-ថៃ បានជួបប្រជុំ ចរចា ដោះស្រាយគ្នាដោយសន្តិវិធីក្នុងថ្ងៃដដែលនោះក៏ដោយ។

 យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា អាជ្ញាធរខេត្តព្រះវិហារ បានសម្រេចជម្លៀសពលរដ្ឋ ចេញពីភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទៅទីកន្លែងសុវត្ថិភាព នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីស្ថានការណ៍ព្រំដែន កំពុងកើនកម្ដៅ។ ពលរដ្ឋដែលត្រូវបានជម្លៀស មានចំនួន៧៥គ្រួសារ មានចំនួន ២៤១នាក់ (ស្រី ១២១នាក់) ទៅស្នាក់នៅចំណុចទីធ្លាមណ្ឌលសុវត្ថិភាព តាកឹង ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការគាំទ្រសម្ភារៈ និងអាហារ ពីកាកបាទក្រហមកម្ពុជា និងមន្ទីរសង្គមកិច្ចខេត្ត ។

  ការជម្លៀសពលរដ្ឋនេះ ធ្វើឡើងក្រោយ ទាហានកម្ពុជា និងថៃ បានប៉ះទង្គិចគ្នាដោយអាវុធ  ក្នុងរយៈពេលខ្លី ប្រមាណ ១០នាទី នៅក្នុងតំបន់ព្រំដែនមុំបី-ចុងបូក ខេត្តឧប៊ុនរាជថានី ប្រទេសថៃ ជាប់នឹងខេត្តព្រះវិហារ ក្នុងភូមិមរកត ស្រុកជាំក្សាន្ត របស់កម្ពុជា កាលពីវេលាទៀបភ្លឺ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។

 មូលហេតុនៃការផ្ទុះអាវុធនេះ នៅក្នុងសេចក្ដីថ្លែងការណ៍ពីភាគីថៃ បានចោទប្រកាន់ថា ទាហានកម្ពុជា បានចូលទៅក្នុងតំបន់ព្រំដែនមានជម្លោះ ហើយទាហានរបស់ខ្លួន បានចូលទៅចរចា និងហាមឃាត់ ប៉ុន្តែទាហានកម្ពុជា បានបើកការបាញ់ប្រហារ ទើបទាហានថៃ ត្រូវបាញ់តបត ដើម្បីការពារខ្លួន។ ប៉ុន្តែ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា  បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា ទាហានថៃ បានបាញ់ប្រហារមុន មកលើលេណដ្ឋានរបស់កងទ័ពកម្ពុជា បណ្តាលឱ្យទ័ពកម្ពុជា ម្នាក់ បាត់បង់ជីវិត ។

 សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិកម្ពុជា ចុះថ្ងៃពុធ ២កើត ខែជេស្ឋ  ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា «ក្រសួងការពារជាតិ មានកិត្តិយសជម្រាបជូនសាធារណជន មេត្តាជ្រាបថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុន មកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពយើងម្នាក់ ។ ការប៉ះទង្គិចគ្នានេះ មិនមែនជាជម្រើសដែលកម្ពុជា ចង់បាននោះទេ ហើយយើងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញ ឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត។

 កម្ពុជា ប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ កម្ពុជា ប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ។

 ក្នុងន័យនេះ ក្រសួងការពារជាតិ សូមអំពាវនាវឱ្យសាធារណជនទាំងអស់ មេត្តាកុំជឿ និងផ្សព្វផ្សាយនៅតាមបណ្តាញទំនាក់ទំនងសង្គម នូវព័ត៌មានមិនពិត ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែន ឱ្យមានអស្ថិរភាពនិងអសន្តិសុខ ព្រមទាំងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរបស់កងទ័ព ការប្រព្រឹត្តទៅនៃជីវភាពធម្មតារបស់ប្រជាពលរដ្ឋ ក៏ដូចជារបស់ប្រទេសជាតិទាំងសងខាង។ ក្រសួងការពារជាតិ ក៏សូមស្នើឱ្យសាធារណជនទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ និងផ្លូវការ ជាពិសេសការប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ»។

 ទោះយ៉ាងណា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ស្របពេលដែលអាជ្ញាធរខេត្តព្រះវិហារ នៃតំបន់ព្រំដែនកម្ពុជា បានជម្លៀសពលរដ្ឋទៅរកកន្លែងសុវត្ថិភាពនោះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងថៃ បានជួបចរចាគ្នា នៅច្រកអន្តរជាតិអូរស្មាច់ ដើម្បីរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពប្រទេសទាំងពីរ នៅតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ភាគីកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ចំណែកភាគីថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ាណា ក្លេវផ្លតធូក មេបញ្ជាការកងទ័ពជើងគោកថៃ។

 ជាលទ្ធផលនៃជំនួបចរចាទ្វេភាគី កម្ពុជា-ថៃ ដែលបានចំណាយពេលប្រមាណ ១ម៉ោង និង២០នាទី ភាគីទាំងពីរ បានសម្រេចព្រមព្រៀងគ្នាលើ ៣ចំណុច គឺ ១-ភាគីទាំងពីរយល់ព្រមដោះស្រាយបញ្ហានេះ តាមរយៈគណៈ កម្មការព្រំដែនរួម (JBC) ដែលនឹងរៀបចំឡើងក្នុងរយៈពេល ២-៣សប្តាហ៍ខាងមុខ។ ២-ភាគីទាំងពីរ យល់ព្រមឈរជើងនៅចំណុចសមស្របមួយ រៀងៗខ្លួន ដើម្បីកាត់បន្ថយការប្រឈមមុខដាក់គ្នា នៅតំបន់ព្រំដែន និង៣- ភាគីទាំងពីរ ត្រូវរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងអនុវត្តភាពអត់ធ្មត់ខ្ពស់ ក្នុងការដោះស្រាយបញ្ហានានា ៕ កុលបុត្រ

RELATED ARTICLES