ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ បានជិះកង់ហាត់ប្រាណតាមដងផ្លូវដូចសព្វដង លុះហាត់ប្រាណរួច ឆៀងចូលទៅហូបកាហ្វេ នៅហាងមួយកន្លែង ស្រាប់តែបន្តិចក្រោយមក បានដួលផ្ងារក្រោយ ធ្វើឱ្យមានការភ្ញាក់ផ្អើល និងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ តែអកុសល ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ។ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចតូបលក់កាហ្វេមួយកន្លែង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

បុរសរងគ្រោះ មានឈ្នោះអ៊ូច ភី ភេទប្រុស អាយុ៥៤ឆ្នាំ មានលំនៅក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជារៀងរាល់ព្រឹក គេតែងឃើញជនរងគ្រោះ ដើរឬជិះកង់ហាត់ប្រាណ ជាប្រចាំ។ លុះមកដល់ព្រឹកកើតហេតុ ជនរងគ្រោះបានជិះកង់ហាត់ប្រាណដូចសព្វដង បន្ទាប់ពីហាត់ ប្រាណរួច ជនរងគ្រោះបានជិះកង់ចូលហូបកាហ្វេ នៅតូប លក់កាហ្វេខាងលើ ដោយបានចូលទៅអង្គុយហូបកាហ្វេ ជួបជុំជជែកនិយាយគ្នាលេងដូចធម្មតា ស្រាប់តែបន្តិចក្រោយមក ជនរងគ្រោះបានដួលផ្ងារក្រោយទាំងជំ ហរតែម្តង។ ភ្លាមៗនោះ បងប្អូនដែលនៅក្បែរនោះ បានជួយសម្រួលនិងដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសល ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យសព រួចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។ បន្ទាប់មកបានធ្វើកំណត់ហេតុ ប្រគល់សពឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណៃ៕