ខេត្តបាត់ដំបង ៖ ជនជាតិចិនម្នាក់ ជួលរថយន្តដឹកជញ្ជូនទំនិញចេញពីខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ យកទៅដាក់នៅការដ្ឋាន ១កន្លែង ក្នុងខេត្តបាត់ដំបង ស្រាប់តែពេលដឹកទំនិញដល់គោលដៅ ក្រុមជនជាតិចិន រើទំនិញចុះពីរថយន្ត ប្រទះឃើញកេសដាក់ទូរស័ព្ទរបស់ខ្លួន បានរហែក រួចពិនិត្យឃើញថា បានបាត់ទូរស័ព្ទដល់ទៅ ៨០គ្រឿង ទើបប្រញាប់ ប្តឹងសមត្ថកិច្ចស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួន យុវជនជាកម្មករ លើកទំនិញ ចំនួន២នាក់ មកសាកសួរ ព្រមទាំងដកហូតបានវត្ថុតាងជាក់ស្តែង ទូរស័ព្ទ ជាង៤០គ្រឿង។

ករណីលួចទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅចំណុច ក្រុម ហ៊ុនចិន ១កន្លែង ស្ថិតក្នុងភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។ រហូតមកដល់វេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃដដែល ទើបសមត្ថកិច្ច ជំនាញស្រាវជ្រាវ ឈានដល់ការខាត់ខ្លួនជនសង្ស័យបានចំនួន២នាក់។
ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះមាស បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិដូនពេញ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងទី២-ឈ្មោះហម លីហួរ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៨ និង០៥នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលពេជ្រចិន្តា នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានទទួលបណ្តឹងពីរបស់ជនរងគ្រោះឈ្មោះ LI FEI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងការដ្ឋានចិន ស្នាក់នៅបណ្តោះអាសន្នភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ថាមានករណីលួចទូរសព្ទ័ដៃមួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចទូរស័ព្ទដៃ ប្រភេទស្មាតហ្វូន អស់ចំនួនប្រហែលជាង៨០គ្រឿង ក្រោយ ពេលដែលក្រុមហ៊ុនចិន បានជួលរថយន្តដឹកទំនិញពីក្រុងកំពង់សោម ចំនួន៣គ្រឿង និងមកពីខេត្តត្បូងឃ្មុំ ចំនួន៣គ្រឿង (ប្រភេទរថយន្តដឹក ទំនិញ) ឆ្ពោះមកស្រុកភ្នំព្រឹកខេត្តបាត់ដំបង ចំណុចការដ្ឋានចិន លុះមកដល់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្រោយពេលឡានដឹកអីវ៉ាន់ បាន មកដល់គោលដៅ នៅវេលាម៉ោងប្រហែលជាង៧យប់ ហើយក្រុមឡានបានរៀបចំទម្លាក់អីវ៉ាន់ចុះ ក៏ស្រាប់តែក្រុមការងារ ជនជាតិចិន បានពិនិត្យ និងរកឃើញកេះដាក់ទូរសព្ទ័ដៃមានស្នាមដាច់រហែកចំនួន២កេស និងបាត់បង់ចំនួន១កេស ភ្លាមនោះក្រុម ការងារ ជនជាតិចិន មានការសង្ស័យថា បាត់អីវ៉ាន់ (ទូរសព្ទ័ដៃ) ចំពោះតៃកុងឡាន និងកម្មករសរុបចំនួន១១នាក់ (ស្រី២) ទើបក្រុមការងារជនជាតិចិន បានប្តឹងរាយការណ៍មក សមត្ថកិច្ចស្រុកភ្នំព្រឹក។

ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក រួមជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលពេជ្រចិន្តា នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១-ឈ្មោះមាស បញ្ញា ដកហូតបានវត្ថុតាងទូរសព្ទ័ដៃស្មាតហ្វូន iPhone ចម្រុះពណ៌ ចំនួន១៥គ្រឿង លាក់ទុកនៅលើរថយន្តម៉ាកហ៊ីយ៉ាន់ដាយទម្ងន់៥តោន ពណ៌លឿងស ពាក់ស្លាកលេខ បាត់ដំបង 3A-2886 នៅចំណុចការដ្ឋានចិន ភូមិពេជ្រចិន្តា ឃុំពេជ្រ ចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ និងទី២-ឈ្មោះ ហម លីហួរ ដកហូតបានវត្ថុតាងទូរសព្ទ័ដៃស្មាតហ្វូន iPhone ចម្រុះពណ៌ ចំនួន២៦គ្រឿង លាក់ទុកនៅលើរថយន្តម៉ាកហ៊ីយ៉ាន់ដាយទម្ងន់៥តោន ពណ៌ស ពាក់ ស្លាកលេខ បាត់ដំបង 3A-2947 នៅចំណុចការដ្ឋានចិន ភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រួចក៏នាំយក មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក។

ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរសព្ទ័ដៃប្រភេទស្មាតហ្វូន iPhone ចម្រុះពណ៌ របស់ក្រុមកាងារជនជាតិចិន នៅកន្លែងកើតហេតុខាងលើប្រាកដមែន។ វត្ថុតាងដកហូតបានរួមមាន ទូរសព្ទ័ដៃស្មាតហ្វូន iPhone ចម្រុះពណ៌ សរុបចំនួន៤១គ្រឿង និងរថយន្តចំនួន២គ្រឿង ១-រថយន្តម៉ាកហ៊ីយ៉ាន់ដាយទម្ងន់៥តោន ពណ៌លឿង ស ពាក់ស្លាកលេខ បាត់ដំបង 3A-2886 និង២-រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ទម្ងន់៥តោន ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-2947។
ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកភ្នំព្រឹក សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕