ភ្នំពេញ ៖ ក្រោយទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល ណែនាំឱ្យក្រសួងស្ថាប័នជំនាញ ពិនិត្យមើលសកម្មភាពគ្រូបារមី អួតអាងពីមន្តអាគមអូមអាម ដែលកំពុងកើតមានយ៉ាងផុលផុសតាមបណ្តាញសង្គមមក ក្រសួងធម្មការនិងសាសនា បានចុះធ្វើការបង្ក្រាបគ្រូមន្តអាគមអូមអាម ជាបន្តបន្ទាប់។

តាមប្រភពក្រសួងធម្មការនិងសាសនា បានឱ្យដឹងថា បន្ទាប់ពីមានបទបញ្ជាពីសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះឬាជាណាចក្រកម្ពុជា ណែនាំឱ្យមានការពិនិត្យនិងគ្រប់គ្រងទៅលើសកម្មភាពរបស់គ្រូបារមី មន្តអាគមនានា ដែលបានបង្ហោះផ្សព្វផ្សាយវីដេអូសកម្មភាព និងរូបភាពអួតអាងពីបារមីខ្លាំងពូកែរបស់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់សង្គម ហើយក៏មានជនខិលខូចបោកប្រាស់មួយមួយចំនួន ជ្រកក្រោមឈ្មោះគ្រូមន្តអាគមអូមអាមនេះផងដែរនោះមក ក្រសួងធម្មការ តាមរយៈមន្ទីរធម្មការនិងសាសនារាជធានី-ខេត្ត បានបន្តចុះបង្ក្រាប អប់រំណែនាំ ធ្វើកិច្ចសន្យា ចំពោះគ្រូបារមី គ្រូមន្តអាគមទាំងនោះ ជាបន្តបន្ទាប់។

ជាក់ស្តែង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោកម៉េង សុវណ្ណ និងលោកស្រីសុខ សុម៉ាលី (ត្រូវជាភរិយា) ដែលនៅមើលថែប្រាសាទនាងសក់ក្រអូប ជាអ្នកតាំងខ្លួនជាគ្រូបារមី ព្រះមាតានាគី នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានលោកជួន វ៉ាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តតាកែវ សហការជាមួយរដ្ឋបាលស្រុក រដ្ឋបាលឃុំ បានចុះទៅណែនាំនិងធ្វើកិច្ចសន្យា ជុំវិញការបង្ហោះវីដេអូសកម្មភាពនិងរូប ភាពធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម តាមបណ្តាញសង្គមនានា ដោយបានធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះ និងលុបវីដេអូ រូបថតសកម្មភាពផ្សេងៗ មានការប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ដោះអំពើ ប្រសិទ្ធីមន្តគាថា ចារយ័ន្តគាថា ចាក់សាក់ ជាដើម ទាំងចាស់ ទាំងថ្មី ចេញពីប្រព័ន្ធបណ្តាញសង្គមទាំងអស់។

នៅថ្ងៃដដែលនោះដែរ លោកជា ម៉ៅ ហៅលោកគ្រូជ័យសុវណ្ណៈសៈ នៅភូមិចម្ការរដ្ឋ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលតាំងខ្លួនជាគ្រូបារមី ចេះស្រោចទឹក ព្យាបាលជំងឺ ដោះអំពើ…៘ ត្រូវបានលោក សម សោភ័ណ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺ សហការជាមួយរដ្ឋបាលស្រុក រដ្ឋបាលឃុំ មេភូមិ បានចុះទៅណែនាំនិងធ្វើកិច្ចសន្យា ជុំវិញការបង្ហោះវីដេអូសកម្មភាពនិងរូបភាពធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម តាមបណ្តាញសង្គមនានា ដោយបានធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះនិងលុបវីដេអូ រូបថតសកម្មភាពផ្សេងៗ មានការប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ដោះអំពើ ប្រសិទ្ធីមន្តគាថា ចារយ័ន្តគាថា ចាក់សាក់ ជាដើម ទាំងចាស់ ទាំងថ្មី ចេញពីប្រព័ន្ធបណ្តាញសង្គមទាំងអស់។

ចំណែកលោកសែម អនុស្សនៈ ហៅលោកគ្រូមហាឥសី មានលំនៅ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវបានលោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌឫស្សីកែវ ចុះធ្វើការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះវីដេអូ រូបថតសកម្មភាពប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ដោះអំពើ ប្រសិទ្ធីមន្តគាថា ចេញពីប្រព័ន្ធបណ្តាញសង្គមទាំងអស់ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

ដោយឡែក លោក ទូច ឌី ហៅលោកគ្រូទេពនិមិត្ត មានលំនៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ត្រូវបានលោកទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅ ចុះធ្វើការណែនាំ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ជុំវិញការបង្ហោះវីដេអូសកម្មភាព និងរូបភាពធ្វើឱ្យប៉ះពាល់ដល់សង្គម តាមបណ្តាញសង្គមនានា ដោយបានធ្វើកិច្ចសន្យា បញ្ឈប់ការបង្ហោះ និងលុបវីដេអូ រូបថតសកម្មភាពប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ដោះអំពើ ប្រសិទ្ធីមន្តគាថា ចារយ័ន្ត ជាដើម ទាំងចាស់ ទាំងថ្មី ចេញពីប្រព័ន្ធបណ្តាញសង្គមទាំងអស់។

រីឯកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លោក រេម សារ៉ុម ហៅលោកឪ ជ័យធន មានលំនៅសង្កាត់ពញាពន់ ខណ្ឌព្រែកពៅ ត្រូវបានលោកទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ ចុះធ្វើការណែនាំ ជុំវិញការបង្ហោះវីដេអូសកម្មភាពនិងរូបភាពធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម តាមបណ្តាញសង្គមនានា ដោយបានធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះ និងលុបវីដេអូ រូបថតសកម្មភាពប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ដោះអំពើ ប្រសិទ្ធីមន្តគាថា ចារយ័ន្តគាថា ជាដើម ទាំងចាស់ទាំងថ្មី ចេញពីប្រព័ន្ធបណ្តាញសង្គមទាំងអស់។

ចំណែកលោក ថោង សុខុម ហៅលោកគ្រូភ្នំគូលែន មានលំនៅ ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានលោកទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានសហការជាមួយស្ថាប័ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ចុះធ្វើការណែនាំ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ជុំវិញការបង្ហោះវីដេអូសកម្មភាព និងរូបភាពធ្វើឱ្យប៉ះពាល់ដល់សង្គម នៅតាមបណ្តាញសង្គមនានា ដោយបានធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះសកម្មភាពប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ប្រសិទ្ធីចារយ័ន្តគាថា ការដើរបិណ្ឌបាតដោយស្លៀកដណ្តប់គ្រងសំពត់បែបអ្នកបួសព្រះពុទ្ធសាសនា ជាដើម ចេញពីប្រព័ន្ធបណ្តាញសង្គមទាំងអស់។
ដូចគ្នានេះដែល កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ លោកណុប សក្កដា ហៅលោកគ្រូផេះគ្រូអង្កាម មានលំនៅ ភូមិត្រពាំងស្នោ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ត្រូវបានលោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ ចុះធ្វើការណែនាំឱ្យបញ្ឈប់ការបង្ហោះវីដេអូសកម្មភាពនិងរូបភាពធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម នៅតាមបណ្តាញសង្គមនានា ដោយបានធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះ និងលុបវីដេអូ រូបថតសកម្មភាពផ្សេងៗ មានការប្រោះព្រំ ស្រោចទឹក ដោះអំពើ ព្យាបាលជំងឺ ប្រសិទ្ធីមន្តគាថា ជាដើម ទាំងចាស់ទាំងថ្មីចេញពីប្រព័ន្ធបណ្តាញសង្គមទាំងអស់។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងធម្មការនិងសាសនា គ្រប់គ្រងអ្នកដែលអះអាងថា មានបារមី ហើយដែលហាក់មាននិន្នាការកើនឡើងកាន់តែច្រើន។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជំនឿសាសនា គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ដែលមិនខុសច្បាប់នោះទេ ប៉ុន្តែក្នុងករណីដែលមានអ្នកយកសាសនា ដើម្បីធ្វើអាជីវកម្ម ឬឆបោក គឺជាបទល្មើស។ អ្វីដែលសំខាន់ គឺមិនអនុញ្ញាតឱ្យពួកគេធ្វើសកម្មភាពដោយបង្ហោះតាមប្រព័ន្ធបណ្តាញសង្គមនោះឡើយ ពីព្រោះ វាបង្កឱ្យមានភាពច្របូកច្របល់ក្នុងសង្គម៕