ភ្នំពេញ ៖ ហាងកាហ្វេ ១កន្លែង ស្ថិតនៅក្នុងសង្កាត់បឹងត្របែក ត្រូវបានប្រជាពលរដ្ឋ រាយការណ៍មកថា ទីតាំងមួយនេះ បានបណ្តែតបណ្តោយឱ្យយុវវ័យប្រុសស្រី ភាគច្រើនជាសិស្សអង្គុយឱបថើបគ្នាយ៉ាងពពាក់ពពូន និងត្រូវបានអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យ និងធ្វើកិច្ចសន្យា អប់រំម្ចាស់ហាង និងមិនអនុញ្ញាតឱ្យមានទង្វើបែបនេះកើតឡើងទៀតឡើយ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោកសែន បូតេ ចៅសង្កាត់បឹងត្របែក កម្លាំងប៉ុស្តិ៍បឹងត្របែក និងកម្លាំងគណៈបញ្ជាការសាលាសង្កាត់បឹង ត្របែក បានសហការចុះទីតាំងយីហោ «ECS DEVELOPMENT COL» មានទីតាំងស្ថិតនៅផ្ទះលេខ 47E0E1 ផ្លូវ៤៣២ ភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន។

ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញជាក់ស្តែងថា មានផ្ទះមួយល្វែង មានចំនួន១ជាន់ ខាងក្រោម ជាម៉ាត ខាងលើជាហាងកាហ្វេ ដោយមួយបន្ទប់ទៀត សម្រាប់បុគ្គលិកគិតលុយ។ ក្រុមកាងារបានអប់រំណែនាំ មិនអនុញ្ញាតឱ្យមានអំពើអសីលធម៌ និងមិនឱ្យមានលេងល្បែង ស៊ីសងខុសច្បាប់ និងសកម្មភាពពាក់ព័ន្ធជួញដូរ ប្រើប្រាស់គ្រឿងញឿន និងប្រមូលផ្តុំគ្នាប្រើប្រាស់បារីអេឡិចត្រូនិកជាដាច់ខាត។

ប្រជាពលរដ្ឋ បានលើកឡើងថា ដើម្បីតែលុយ ហាង «ECS DEVELOPMENT COL» បណ្តែតបណ្តោយផ្តល់ទីតាំងឱ្យក្មេងស្រីក្មេងប្រុសអង្គុយឱបគ្នា ធ្វើឱ្យបាត់បង់សីលធម៌ ភ្លេចសាលា គេចផ្ទះសម្បែង ដែលជាវិបត្តិដល់អាណាព្យាបាល ឪពុកម្តាយ ហើយក្មេងៗអាចឈានដល់ការ បោះបង់ការសិក្សា បាត់បង់អនាគតថែមទៀតផង៕


