ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម ជាមុខសញ្ញាកាប់ប្លន់យកស្លាកលេខម៉ូតូ និងករណីឆក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនបានចំនួន៦នាក់ នាំយកមកចាត់ការតាមច្បាប់។

តាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ កម្លាំងការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកផ្លាកលេខ និងករណីឆក់ នៅចំណុចផ្លូវលំ ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង៦នាក់ ដែលត្រូវបានសមត្ថកិច្ចបង្ក្រាបបាន រួមមាន ទី១-ឈ្មោះសោម គីមស៊្រាង ភេទប្រុស។ ទី២-ឈ្មោះសំ បូរលាភ ភេទប្រុស។ ទី៣-ឈ្មោះខេង ម៉េងឡុង ភេទប្រុស។ ទី៤-ឈ្មោះលី តុលា ភេទប្រុស។ ទី៥-ឈ្មោះហួរ សុខសេងហុង ភេទប្រុស និងទី៦-ឈ្មោះវិន ទិត្យ ភេទប្រុស។

ជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕