ភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែក ស្អុយ៤ម៉ឺនដុល្លារ)។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមដីកា មានឈ្មោះមាស សៅវណ្ណៈ ភេទប្រុស អាយុ២៩ឆ្នាំ មានលំនៅ បុរីសុខាផល្លី ផ្ទះលេខB3.04 ផ្លូវលេខ០១ ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ ស្ពឺ។
តាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួន ចេញដោយលោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឱ្យឈ្មោះមាស សៅវណ្ណៈ ចូលបង្ហាញខ្លួននៅ នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឱ្យបានមុនថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីធ្វើការសាកសួរលើបណ្តឹងព្រហ្មទណ្ឌ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមបណ្តឹងរបស់ឈ្មោះផែន បុប្ផាពេជ្រ ភេទស្រី អាយុ២៨ឆ្នាំ។

ជនត្រូវចោទខាងលើ សមត្ថកិច្ចបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ដើម្បីចាត់ការតាមនីតិវិធី៕