ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញតាមបណ្តាខណ្ឌនានា ក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមបើកប្រតិបត្តិការបង្ក្រាបការប្រើប្រាស់បំពង់ស៊ីម៉ាំងកែច្នៃបំពងសំឡេងខុសលក្ខណៈបច្ចេកទេស បានជាច្រើនគ្រឿង ។

តាមប្រភពសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹង នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ថា ដោយអនុវត្តតាមបទបញ្ជាលោកឧត្តម សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញនៅតាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ បានចុះអនុវត្តឃាត់ម៉ូតូដែលប្រើប្រាស់បំពង់ស៊ីម៉ាំងបំពងសំឡេងកែច្នៃខុសលក្ខណៈបច្ចេកទេស ជាច្រើនគ្រឿង យកមកចាត់ការតាមច្បាប់។
ជាក់ស្តែងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ កម្លាំងផ្នែកយុត្តិធម៌ ផ្នែកអន្តរាគមន៍ បានសហកាជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ធ្វើការឃាត់បានម៉ូតូដែលប្រើប្រាស់បំពង់ស៊ីម៉ាំងបំពង សំឡេងកែច្នៃខុសលក្ខណៈបច្ចេកទេស ចំនួន៦គ្រឿង នៅចំណុចលើផ្លូវ១៥១ ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។
ជាមួយគ្នានោះ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់បានម៉ូតូ ចំនួន៣០គ្រឿង ក្នុងនោះម៉ូតូប្រីប្រាស់ស៊ីម៉ាំងបំពងសំឡេងខុសលក្ខណបច្ចេកទេស (បំពង់ស៊ីម៉ាំងបំពងសំឡេងឮខ្លាំង) ចំនួន២២គ្រឿង និងម៉ូតូគ្មានផ្លាកលេខ ចំនួន៨គ្រឿង។

ករណីនេះ កម្លាំងនៃធិការដ្ឋាននគរបាលខណ្ឌកំបូល បានណែនាំអប់រំ និងធ្វើកិច្ចសន្យាដល់អ្នកបើកបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូ យកបំពង់ស៊ីម៉ាំងដើម មកដោះដូរ និងធ្វើផ្លាកលេខម៉ូតូ ឲ្យបានត្រឹមត្រូវ ទើបប្រគល់ម៉ូតូឱ្យវិញ។
ដោយឡែកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក និងច្រាំងចំរេះទី១ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការឃាត់ម៉ូតូប្រើប្រាស់ស៊ីម៉ាំងបំពងសំឡេងខុសណបច្ចេកទេស ចំនួន២គ្រឿង និងម៉ូតូបង្ហោះលើផ្លូវសាធារណៈ ចំនួន២គ្រឿង យកមករក្សានៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ដើម្បីអនុវត្តតាមនីតិវិធី។

ចំណែកកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចម្ការមន បានឃាត់ម៉ូតូ ចំនួន៥គ្រឿង ប្រើប្រាស់ស៊ីម៉ាំងបំពងសំឡេងខុសបច្ចេកទេស នៅក្នុងសង្កាត់ផ្សារដើមថ្កូវ និងសង្កាត់ទន្លេបាសាក់ យកមកណែនាំ អប់រំ និងធ្វើកិច្ចសន្យាដល់អ្នកបើបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងដើមមកដោះដូរ ទើបប្រគល់ម៉ូតូឱ្យវិញ៕