Thursday, June 5, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមល្បិចចោរ បន្លំស៊ីឈ្នួលបើកឡាន ចម្លងសោទុក សុំឈប់ លួចឡាន

ល្បិចចោរ បន្លំស៊ីឈ្នួលបើកឡាន ចម្លងសោទុក សុំឈប់ លួចឡាន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានបន្លំឈ្មោះចូលទៅស៊ីឈ្នួលធ្វើជាអ្នកបើកបររថយន្ត ឱ្យថៅកែជនជាតិចិន លុះក្រោយមក បានលួចចម្លងសោរថយន្តទំនើប ១គ្រឿង លុះធ្វើការបានមិនដល់១ខែផង ក៏សុំឈប់ រួចរួមគំនិតជាមួយបក្ខពួកម្នាក់ទៀត ធ្វើសកម្មភាពលួចរថយន្តថៅកែចិន ដែលខ្លួនបានចម្លងសោទុករួចជាស្រេច ហើយយកទៅលក់ក្នុងតម្លៃ ២ម៉ឺនដុល្លារ បានលុយចែកគ្នាដើរស៊ីចាយអស់ ក៏ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួនបានទាំងអ្នកលក់ និងអ្នកទិញរថយន្ត សរុប៣នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីលួចរថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចមុខផ្ទះលេខ៧៣ បុរី៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ រហូតដល់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ទើបសមត្ថកិច្ច ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យបាន ចំនួន៣នាក់។

 ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះលៀក ចាន់សុភាព  ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ (ជនដៃដល់ក្នុងអំពើលួច)។ ទី២-ឈ្មោះគង់ វុត្ថា  ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ (ជនដៃដល់ក្នុងអំពើលួច) និងទី៣-ឈ្មោះ ដាំ ធូ ភេទប្រុស អាយុ៤៣ឆ្នាំ (ជាអ្នកទទួល ទិញផលចោរកម្ម)។ ចំណែករថយន្តដែលក្រុមជនសង្ស័យលួចយកទៅនោះ ម៉ាក GAC GN8 ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CC-3260 ជាកម្មសិទ្ធិរបស់ឈ្មោះស៊ួន ស្រីណែត ភេទស្រី អាយុ២៦ឆ្នាំ មានប្តីជាជនជាតិចិន និងមានលំនៅ ផ្ទះលេខ៧៣ បុរី៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពសមត្ថកិច្ច បានបង្ហើបឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ មានករណីចោរលួចរថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក GAC GN8 ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 2CC-3260 នៅចំណុច មុខផ្ទះលេខ៧៣ បុរី៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះស៊ួន ស្រីណែត ភេទស្រី អាយុ ២៦ឆ្នាំ។

ក្រោយកើតមានអំពើចោរកម្មនេះ លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរ បាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទៅស្នងការរងទទួលផែនព្រហ្មទណ្ឌ ឱ្យកម្លាំងការិយាល័យជំនាញចុះស្រាវជ្រាវជាបន្ទាន់ ដើម្បីចាប់មុខសញ្ញាលួចរថយន្ត។

 ដោយមានការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ចំនួន៣នាក់ ក្នុងនោះមានម្នាក់ ជាអ្នកទទួលទិញផលពីចោរកម្ម និងដកហូតវត្ថុតាងរថយន្ត ១គ្រឿង ជាកម្មសិទ្ធិរបស់ជនរងគ្រោះ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថា ដំបូងឈ្មោះលៀក ចាន់សុភាព បានក្លែងដាក់ ឈ្មោះសុខ ចាន់ដារ៉ា ហើយបានទៅស៊ីឈ្នួលបើកឡានឱ្យថៅកែចិន ជាប្តីរបស់ស្ត្រីរងគ្រោះម្ចាស់រថយន្ត ក្នុងរយៈពេលកំពុងធ្វើតៃកុងឡានឱ្យថៅកែចិន ជនសង្ស័យឈ្មោះលៀក ចាន់សុភាព បានលួចចម្លងសោឡានទុក។ លុះធ្វើការមិនទាន់បានមួយខែផង ជនសង្ស័យក៏សុំឈប់បើកបររថយន្តឱ្យថៅកែចិននោះ។ លុះមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ជនសង្ស័យបានទៅជួបបក្ខពួកម្នាក់ ឈ្មោះគង់ វុត្ថា ហើយនាំគ្នាទៅធ្វើសកម្មភាព លួចរថយន្តទំនើបខាងលើ វេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ដែលម្ចាស់ចតទុកនៅមុខផ្ទះលេខ៧៣ បុរី៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ 

បន្ទាប់ពីលួចបានហើយ មើលក្នុងរថយន្តនោះ ឃើញមានឯកសារគ្រប់គ្រាន់ ទើបប្រញាប់ យករថយន្តទៅលក់ឱ្យឈ្មោះដាំ ធូ (ជាអ្នកទទួលទិញផលចោរកម្ម) ក្នុងតម្លៃប្រមាណ ២ម៉ឺនដុល្លារ ដែលខុសប្រក្រតីពីតម្លៃទីផ្សារ។ រហូតមកដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនទាំងអ្នកលួច និងអ្នកទិញរថយន្ត (ផលចោរកម្ម) ទាំង៣នាក់តែម្តង។

បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ។ បន្ទាប់មក នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ចៅក្រមស៊ើបស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនជនសង្ស័យទាំង៣នាក់ ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ដើម្បីរង់ចាំជំនុំជម្រះនៅពេលក្រោយ៕

RELATED ARTICLES