ខេត្តមណ្ឌលគិរី ៖ គូស្នេហ៍ ១គូ ដែលកូនក្រមុំ ជាជនជាតិដើមភាគតិច ព្នង (ខ្មែរលើ) និងកូនកំលោះ ជាជនជាតិខ្មែរកណ្តាល បានសម្រេចដឹកដៃគ្នាចូលរោងការ ដោយរៀបចំពិធីតាមប្រពៃណីដូនតា គោរពតាមទំនៀមទម្លាប់ទាំងសងខាង។

ពិធីមង្គលការរបស់គូស្វាមីភរិយាខ្មែរលើនិងខ្មែរកណ្តាលនេះ បានរៀបចំឡើងរយៈពេល ពីរថ្ងៃ កាលពីចុងខែឧសភា ឆ្នាំ២០២៥ ដោយរៀបចំតាមប្រពៃណីជនជាតិដើមភាគតិច ព្នង និងប្រពៃណីខ្មែរកណ្តាល នៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សាមីខ្លួនកូនក្រមុំ មានឈ្មោះសាមឿន សីហវលក្ខណ៍ មានដើមកំណើតជាជនជាតិដើមភាគតិច ព្នង រស់នៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ ចំណែកសាមីខ្លួនកូនកំលោះ មានឈ្មោះ ជា ឡាលីន ជាជនជាតិខ្មែរ អ្នកខេត្តឧត្តរមានជ័យ។

ពិធីមង្គលការនេះ នៅថ្ងៃទី១ ចាស់ទុំបានរៀបចំពិធីសែនព្រេនថ្វាយភ្លេងគង និងរបាំជនជាតិ ស្រាពាង ជ្រូក មាន់ និងតង្វាយផ្សេងៗ ជាច្រើនទៀត ជាការគោរពដល់បុព្វបុរសជនជាតិដើមភាគតិច ព្នង។ ចំណែកនៅថ្ងៃទី២ កម្មវិធីនានាត្រូវបានរៀបចំឡើងតាមរបៀបរបបប្រពៃណីខ្មែរកណ្តាល។

លោក ណយ ច័ន្ទតារា ជាបងប្រុសជីដូនមួយកូនក្រមុំ បានរៀបរាប់ប្រាប់ថា ការរៀបចំពិធីមង្គលការ របស់ប្អូនស្រីលោក ត្រូវបានរៀបចំជា ២កម្មវិធី ដើម្បីជាការគោរពដល់បុព្វបុរសជនជាតិដើមភាគតិច ព្នង ដែលបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ និងការប្រារព្ធតាមបែបសម័យ បែបខ្មែរកណ្តាល ដ្បិតកូនកំលោះ ជាអ្នកមកពីខេត្តឧត្តរមានជ័យ។ លោកច័ន្ទតារា បន្តថា ក្នុងនាមជាកូនអ្នកខេត្តមណ្ឌលគិរី និងមានពូជអម្បូរជាជនជាតិដើមភាគតិច ព្នង លោកពិតជាមានសេចក្តីសោមនស្សជាខ្លាំង ដោយបានរៀបចំពិធីបែបប្រពៃណី ក្នុងរង្វង់សមាជិកគ្រួសារ ដែលនេះគឺជាការផ្តល់តម្លៃដល់ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់របស់ដូនតា ហើយក៏ជាការបង្ហាញដល់កូនចៅជំនាន់ក្រោយ កុំឱ្យបំភ្លេចចោលអ្វីដែលជាទំនៀមទម្លាប់របស់ខ្លួន។

លោកសុខ ទីឃាវុឌ្ឍ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ និងមានមោទនភាពជាខ្លាំង ដែលបងប្អូនជនជាតិដើមភាគតិច ទាំងអស់ រស់នៅខេត្តមណ្ឌលគិរី អាចថែរក្សាបាននូវទំនៀមទម្លាប់ពួកគាត់។ លោកបញ្ជាក់ថា ចំពោះទំនៀមទម្លាប់អាពាហ៍ពិពាហ៍ ក៏ដូចគ្នា បើទោះជាបងប្អូនជនជាតិដើមភាគតិចខ្លះ គាត់បានចូលសាសនាផ្សេង ពីសាសនាដើមរបស់ខ្លួន និងមានលំហូរវប្បធម៌ដទៃទៀត ចូលមកក៏ដោយ ក៏ពួកគាត់នៅតែថែរក្សាប្រពៃណីទំនៀមទម្លាប់របស់ពួកគាត់បានច្រើន។

លោកសុខ ទីឃាវុឌ្ឍ បន្តថា កន្លងទៅ កាលឆ្នាំ២០២៤ មន្ទីរវប្បធម៌ បានចងក្រង បោះពុម្ពអំពីទំនៀមទម្លាប់ប្រពៃណីអាពាហ៍ពិពាហ៍របស់បងប្អូនជនជាតិដើមភាគតិច ព្នង ដែលពេលនោះ មន្ទីរ បានយកករណីសិក្សានៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ដោយបាន រៀបចំកម្មវិធីបន្តវេន ទៅដល់អ្នកជំនាន់ក្រោយ ចំនួន៥នាក់ផងដែរ ក្នុងការរៀបចំពិធីអាពាហ៍ពិពាហ៍ តាមទម្រង់ដើមរបស់ពួកគាត់៕

