Saturday, June 7, 2025
Homeទេសចរណ៍កំណាយនៅអង្គរធំ ប្រទះឃើញរូបចម្លាក់ ទេពលោកេស្វរ: និងក្បាលយក្សទាញព្រ័ត្រ

កំណាយនៅអង្គរធំ ប្រទះឃើញរូបចម្លាក់ ទេពលោកេស្វរ: និងក្បាលយក្សទាញព្រ័ត្រ

ខេត្តសៀមរាប ៖ រូបចម្លាក់លោកេស្វរ: ដៃបួន ចំនួន០១ ធ្វើពីថ្មភក់ និងក្បាលយក្សទាញព្រ័ត្រ ចំនួន០៣ ត្រូវបានក្រុមការងារកំណាយ ប្រទះឃើញនៅបរិវេណប្រាសាទបាយ័ន (អង្គរធំ) ហើយត្រូវបានយកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ។

កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់អង្គរ បានសហ ការជាមួយភ្នាក់ងារជំនាញអាជ្ញាធរអប្សរា បានចុះទៅប្រាសាទបាយ័ន ដើម្បីធ្វើការប្រគល់-ទទួល រូបចម្លាក់ទេពលោកេស្វរ: ដៃបួន ចំនួន០១ ធ្វើពីថ្មភក់ ដែលក្រុមការងារកំណាយនិងជួសជុលស្រះទឹក ប្រទះឃើញនៅចំ ណុចស្រះខាងកើតឆៀងខាងជើងប្រាសាទបាយ័ន ហើយលោក ហែម ម៉ៃ ប្រធានក្រុមការដ្ឋានកំណាយនិងជួសជុល បានធ្វើការប្រគល់ជូនលោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ។

ដោយឡែក កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានសហការជាមួយមន្ត្រីជំនាញរបស់អាជ្ញាធរអប្សរា ចុះមកចំណុចខាងជើងស្ពានហាលខ្លោងទ្វារជ័យ ស្ថិតក្នុងភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីធ្វើការប្រគល់-ទទួលវត្ថុបុរាណ ក្បាលយក្សទាញព្រ័ត្រ ចំនួន០៣ ធ្វើពីថ្មភក់ ដែលក្រុមការងារការដ្ឋានកំណាយជួសជុលរបស់អាជ្ញាធរអប្សរា ដឹកនាំដោយលោក ស៊ុ្រន តិច ប្រធានការដ្ឋាន ប្រទះឃើញ ហើយបានធ្វើការប្រគល់រូបចម្លាក់ទាំងនោះ ទៅឲ្យលោកឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីវត្ថុសិល្បៈ នៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ផងដែរ៕ ខៀវទុំ

RELATED ARTICLES