ដំណឹងស្នេហ៍រវាងតារាសម្ដែងរូបសង្ហា លោកលឹម ជាឡាយ ជាមួយអ្នកមេម៉ាយចាយសម្រស់ កែវ នីសា បានសាយភាយជាច្រើនឆ្នាំមកហើយ ប៉ុន្តែអ្នកទាំង២ មិនធ្លាប់ចេញមុខសារភាពទេ ខណៈដែលក្នុងជំនួបផ្ទាល់លោកជាឡាយ ក៏មិនហ៊ានជម្រះមន្ទិលស្នេហ៍ដែរនោះ។
ព័ត៌មានស្នេហារវាងលោកលឹម ជាឡាយ ជាមួយអ្នកមេម៉ាយរូបស្រស់កែវ នីសា បានផ្ទុះឡើងចាប់តាំងពីអ្នកទាំង២ល្បីឈ្មោះព្រមគ្នា តាមរយៈសម្ដែងតួឯករួមគ្នានៅក្នុងរឿង ”ត្រៀមចិត្តសម្រាប់ឈឺ” និងរឿង ”ប្រើជីវិតគិតដល់អូន” របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ន ម្ល៉េះ ហើយកន្លងមក ល្បីថា ស្នេហាអ្នកទាំង២ត្រូវបានចាស់ទុំទាំងសងខាងដឹងឮ និងមានមន្ត្រីធំ ឧកញ៉ាតាមជ្រែកស្នេហ៍ទៀតផង។ ប៉ុន្តែពួកគេហាក់មិនខ្វល់ខ្វាយចេញមុខបកស្រាយទេ។
ក្នុងជំនួបផ្ទាល់ជាមួយលោកលឹម ជាឡាយ ថ្មីៗនេះ លោកក៏មិនហ៊ានបកស្រាយជម្រះមន្ទិលស្នេហ៍ជាមួយអ្នកនាងកែវ នីសា ដែរ ដោយលោកលើកឡើងថា រឿងជីវិតគូ លោកមិនទាន់អាចនិយាយបើកចំហពេលនេះបានទេព្រោះលោកយល់ថា រឿងស្នេហាមិនទៀង គឺអាចប្រែប្រួលគ្រប់ពេល។លោកជាឡាយ ប្រាប់ថា “ខ្ញុំសុំមិនបកស្រាយចំពោះដំណឹងនេះទេ ពោលគឺខ្ញុំនឹងលាតត្រដាងរឿងស្នេហារបស់ខ្ញុំ នៅថ្ងៃចូលរោងការតែម្ដង។ ត្បិតអីរឿងស្នេហាពិសោធចិត្តមិនទៀងទេ ដរាបណាមិនទាន់ចូលរោងការ”។
លោកជាឡាយ មិនខ្វល់ពីដំណឹងស្នេហាជាមួយកែវ នីសា ទេ សំខាន់ពេលនេះ លោកប្រឹងលេងសិល្បៈពង្រឹងសមត្ថភាព និងគ្រោងបើកមុខរបរផ្ទាល់ខ្លួនឲ្យមានលំនឹងច្បាស់លាស់សិន មុននឹងចូលនឹមអាពាហ៍ពិពាហ៍កសាងជីវិតគ្រួសារមួយ៕