Friday, June 20, 2025
Homeសេដ្ឋកិច្ចជាតិទឹកទន្លេហក់ឡើង កសិករបង្ខំចិត្តប្រមូលផលពោត

ទឹកទន្លេហក់ឡើង កសិករបង្ខំចិត្តប្រមូលផលពោត

ខេត្តត្បូងឃ្មុំ ៖ ប្រជាកសិករ ចំនួន៣ភូមិ ស្ថិតក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ បានសម្រេចបង្ខំចិត្តប្រមូលផលពោតចំណីសត្វ ខណៈទឹកទន្លេមេគង្គ នៅតែបន្តហក់ឡើង ធ្វើឱ្យកសិករមានការព្រួយបារម្ភអំពីផលដំណាំរបស់គាត់ ដោយពោតមិនទាន់ទុំល្អនៅឡើយ។

លោកពៅ ជា កសិករនៅក្នុងភូមិជីរោទ៍កណ្តាល ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ បានឱ្យដឹងថា ទឹកទន្លេ បានឡើង មកដល់ចុងចម្ការពោតរបស់គាត់ហើយ ដូច្នេះទាំងគាត់ ក៏ដូចជាកសិករទាំងអស់ ត្រូវតែស្រូតប្រមូលផល ចៀសវាងទឹកលិច បណ្តាលឱ្យខូចខាតទាំងស្រុង។ លោកបន្តថា នៅពាក់កណ្តាលខែមិថុនា ដំណាំកសិកម្មមួយចំនួន កំពុងឱ្យផល រួមមាន ពោតស ពោតក្រហម ត្រសក់ និងល្ង ជាដើម។

លោកទួន ឆៃលីម មេឃុំជីរោទ៍ទី១ បានឱ្យដឹងថា ឃុំមានផ្ទៃដីដាំពោតក្រហម ទំហំ៥០០ហិកតារ។ លោកថា ប៉ុន្មានថ្ងៃនេះ ទឹកទន្លេមេគង្គ បានឡើងជាបន្តបន្ទាប់ ធ្វើឱ្យលិចផ្ទៃដីដាំពោតចំនួន៤០ហិកតារ ក្នុងភូមិចំនួន៣ មានភូមិជីរោទ៍ក្រោម ភូមិជីរោទ៍ទី១ និងភូមិជីរោទ៍ទី២។ ទន្ទឹមនេះ កសិករក៏បានខិតខំប្រមូលផលទាំងបង្ខំ ខណៈពោតមិនទាន់ទុំល្អ។ ការងារនេះ អាជ្ញាធរបានជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងឃុំ ឱ្យមានការប្រុងប្រយ័ត្ន និងប្រមូលផលដំណាំកសិកម្ម ឱ្យទាន់ពេលវេលា។

យោងតាមរបាយការណ៍កម្ពស់ទឹក ពីលោកសុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ មានកម្ពស់ ៨,៨០ម៉ែត្រ បើធៀបនឹងថ្ងៃទី១៧ មិថុនា ទឹកឡើង ០,៥០ម៉ែត្រ៕

RELATED ARTICLES