ភ្នំពេញ ៖ បុរសម្នាក់ បានផឹកស្រាស្រវឹងជោកទាំងព្រឹក រួចបានបើកបររថយន្ត ១គ្រឿង ជ្រុលទៅបុកពីក្រោយរថយន្ត ១គ្រឿងទៀត ដែលកំពុងបើកបរស្របគ្នា បណ្តាលឱ្យខូចខាត និងត្រូវម្ចាស់រថយន្តរងគ្រោះ ទារសំណង ៧០ដុល្លារ តែអ្នកបើករថយន្តបង្កហេតុ មិនព្រមសង បែរជាចូលទៅដេកលក់ក្នុងរថយន្តធ្វើព្រងើយ។ ចុងក្រោយ សមត្ថកិច្ចបានសម្រេចស្ទូចលើកទាំងរថយន្ត និងម្ចាស់ដែលស្រវឹង កំពុងដេកក្នុងនោះ យកទៅកាន់អធិការដ្ឋាន ដើម្បីដោះស្រាយ នៅពេលក្រោយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផ្សារជម្ពូវ័ន ស្ថិតនៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសស្រវឹងស្រាដែលបើករថយន្តបុកគេ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា បើកបររថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-9653 (ខូចខាតចំហៀងខាងស្តាំ)។ ចំណែកភាគីរងគ្រោះ ក៏មិនត្រូវបានស្គាល់អត្តសញ្ញាណដែរ គ្រាន់តែដឹងថា បើកបររថយន្តម៉ាក Lexus LX- 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-9879 (ខូចខាតកាងក្រោយ ខាងឆ្វេង)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Lexus LX-470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-9879 បើកបរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិច ទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ១គ្រឿងទៀត ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-9653 បើកបរក្នុងទិសដៅស្របគ្នា ទាំងស្ថានភាពស្រវឹងជោក រួចជ្រុលបុកពីក្រោយទាំងកំរោល បណ្តាលឱ្យខូចខាតតែម្តង។ ខណៈនោះ សំណាងខ្លាំងណាស់ បើកុំតែបុករថយន្តឡិចស៊ីសនេះ កុំអីរថយន្តបង្កហេតុនេះ ប្រាកដជាបុកសិស្សសាលាជម្ពូវ័ន ៥ទៅ៦នាក់ ដែលកំពុងដើរឆ្លងផ្លូវ ជាក់ជាមិនខានឡើយ ។

ប្រភពដដែល បន្តថា ខណៈនោះ បុរសស្រវឹងខាងលើ មិនបានទទួលខុសត្រូវលើហេតុការណ៍ដែលខ្លួនបង្ក ឡើងនោះទេ បានបើករថយន្តថយក្រោយ បុកម៉ូតូ ១គ្រឿងទៀត រួចទើបបើកទៅមុខ គេចខ្លួន។ ពេលនោះ ម្ចាស់រថយន្ត Lexus LX-470 បានបើកដេញតាម រហូតដល់ផ្លូវវេងស្រង ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ទើបឃាត់បាន។ បន្ទាប់មក នគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះអន្តរាគមន៍ រួចឱ្យភាគីទាំង២ សម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿង។

ប្រភពខាងលើ បញ្ជាក់ថា ភ្លាមៗនោះ ភាគីម្ចាស់រថយន្តម្ចាស់រថយន្ត Lexus LX-470 បានទារថ្លៃជួសជុល រថយន្ត ចំនួន៧០ដុល្លារ ប៉ុន្តែបុរសស្រវឹងស្រា មិនព្រមសង ហើយក៏បានចរចាគ្នាបន្ត។ ប៉ុន្តែបុរសនោះបែរជាដេកលក់ក្នុងរថយន្ត ព្រោះតែស្រវឹងខ្លាំងពេក ។ ក្រោយមក ម្ចាស់រថយន្ត Lexus LX-470 បានចុះត្រឹម ៥០ ដុល្លារ ហើយនគរបាល បានដាស់បុរសនោះ សួរថា តើ៥០ដុល្លារ ព្រមសងគេទេ? ប៉ុន្តែបុរសនោះ នៅតែមិន ព្រមសង រួចដេកធ្វើព្រងើយ។

ដោយសារតែបុរសជាអ្នកបើកបររថយន្តបង្កហេតុ គិតតែពីដេកលក់ក្នុងរថយន្ត ពិបាកនិយាយគ្នា ទើបសម ត្ថកិច្ច សម្រចនាំយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះស្រាយនៅពេលក្រោយ ហើយនគរបាលបានស្ទូចរថយន្តព្រូស ខាងលើ ទាំងដែលអ្នកបើកបរស្រវឹង កំពុងដេកលក់នៅក្នុងរថយន្តនោះ យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ទើបមានក្រុមគ្រួសារខាងបុរសស្រវឹងស្រានោះ បានមកសម្របសម្រួលជាមួយម្ចាស់រថយន្ត Lexus LX-470 និងព្រមព្រៀងគ្នាបញ្ចប់រឿង ៥០ ដុល្លារ រួចក្រុមគ្រួសារបានធានាយកបុរសនោះ ត្រឡប់ទៅផ្ទះវិញ៕
