តារាចម្រៀងសាន់ដេ លោកឆាយ ចាន់ឆោម ហៅឆាយវីរៈយុទ្ធ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំង ព្រោះតែម្ចាស់បទ ”ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ” រូបនេះ បានភ្ជាប់ពាក្យជាមួយនាងសែ ចាន់ឌី កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលអនាគតភរិយាជាប្អូនថៅកែម៉ាស៊ីនកិនស្រូវហាក់ សែ។
តារាសិល្បៈរួមអាជីព និងមហាជនមានការភ្ញាក់ផ្អើលខ្លាំង នៅពេលដែលឃើញលោកឆោម ក្លាយជាកូនកំលោះដែលនឹងត្រៀមដឹកដៃកូនក្រមុំអ្នកមានទ្រព្យសម្បត្តិនៅខេត្តកំពង់ចាម រៀបការនាពេលខាងមុខនេះ ហើយស្របពេលដែលមានចម្ងល់ថា តារាចម្រៀងល្បីរូបនេះធ្លាប់មានប្រពន្ធកូន២នាក់ទៅហើយ តើម៉េចបានមកភ្ជាប់ពាក្យធ្វើព្រងើយបែបនេះ?
ក្នុងជំនួបផ្ទាល់ជាមួយឆាយ វីរៈយុទ្ធ កាលពីថ្ងៃទី០៤ ខែមីនា តារាល្បីបទ ”ចិញ្ជៀននាងដៃ” រូបនេះហាក់មិនចង់និយាយរឿងដែលខ្លួនបានទៅភ្ជាប់ពាក្យជាមួយប្អូនថៅកែម៉ាស៊ីនកិនស្រូវ ហាក់ សែ នោះឡើយ។
លោកឆោមថ្លែងបែបលាក់លៀមថា ”អូ! រឿងហ្នឹងកុំអាលអីបង… (សើច)។ ខ្ញុំដូចជាមិនទាន់ចង់និយាយអីច្រើនទេ ព្រោះចាំបន្ដិចទៀតសិន ដោយសារតែឥឡូវខ្ញុំជាប់រវល់ការងារសិល្បៈច្រើន ឆ្នាំហ្នឹង គឺរវល់ច្រើនជាងឆ្នាំមុនទៀត”។
ឆ្លើយតបសំណួរថា ចុះរឿងគេថាលោកវីរៈយុទ្ធ មិនមែននៅទំនេរទេ គឺមានប្រពន្ធនិងកូន២ទៅហើយ ម៉េចបានភ្ជាប់ពាក្យកើតនោះ លោកឆោម និយាយខ្លីថា ”អូ! ខ្ញុំស្អាតស្អំ មិនមានបញ្ហាអីទេ។ តែរឿងហ្នឹងខ្ញុំសូមមិននិយាយទេ គឺចាំឲ្យឃើញទាំងអស់គ្នានៅថ្ងៃហ្នុង (រៀបការ) តែម្ដងទៅ”។
ឆាយ វីរៈយុទ្ធ និយាយថា នៅថ្ងៃមង្គលរបស់លោកនោះ មិនទាន់ប្រាកដថានឹងធ្វើនៅកន្លែងណាទេ តែលោកសូមស្វាគមន៏អ្នកកាសែតទាំងអស់ ដែលចង់ចូលរួមថ្ងៃពិសេសរបស់លោក។
ប៉ុន្តែមហាជនបានលើកឡើងថា ការមិនព្រមបកស្រាយលម្អិតពីរឿងឯកជនលម្អិតនៅពេលនេះរឹតកាន់តែធ្វើឲ្យគេសង្ស័យថា លោកឆោម មានស្នេហាចម្រូងចម្រាសកាន់តែខ្លាំងថែមទៀតជាមិនខាន ខណៈដែលមុននេះមានព័ត៌មានថា តារាប្រុសល្បីទាំង៣ដួង របស់សាន់ដេ គឺលោកខេមរៈ សិរីមន្ដ ឆាយ វីរៈយុទ្ធ និងខាន់ ជេមស៍ គឺសុទ្ធតែធ្លាប់មានព័ត៌មានថា មានប្រពន្ធកូន២នាក់ទៅហើយ តែក្នុងនោះមានតែលោកជេមស៍ ម្នាក់ទេ ដែលហ៊ានសារភាពថា មានម្ចាស់ចិត្តហើយនោះ ព្រោះសិរីមន្ដ និងលោកឆោម តែងតែប្រកែកជានិច្ច៕