Thursday, July 10, 2025
Homeចរាចរណ៍ផ្លូវរថភ្លើងផ្តាច់ជីវិតនិស្សិតពេទ្យ ត្រូវបានគាស់ចេញ

ផ្លូវរថភ្លើងផ្តាច់ជីវិតនិស្សិតពេទ្យ ត្រូវបានគាស់ចេញ

ភ្នំពេញ ៖ ផ្លូវរថភ្លើងនៅចំកណ្តាលផ្លូវលេខ 105K ហៅផ្លូវវត្តតាំងកសាង ដែលតែងបង្កគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋ ជារឿយៗ ច្រើននាក់ ពិសេសទើបនឹងបង្កឱ្យយុវតីជានិស្សិតពេទ្យម្នាក់ បាត់បង់ជីវិត ដោយរអិលកង់ម៉ូតូដួល ត្រូវរថយន្ត ១គ្រឿង កិនស្លាប់ កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នោះ ពេលនេះ ត្រូវបានមន្ទីរសាធារណការរាជធានីភ្នំពេញ និងក្រុមហ៊ុន Royal Railway ដាក់គ្រឿងចក្រ និងកម្លាំងមនុស្ស កាយគាស់យកផ្លូវដែកចេញពីផ្លូវនោះវិញហើយ។

តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា កម្លាំងក្រុមហ៊ុន Royal Railway បានសហការជាមួយក្រសួងសា ធារណការនិងដឹកជញ្ជូន រួមជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានចាប់ផ្តើមគាស់យកផ្លូវដែក ចេញពីផ្លូវលេខ 105K (ផ្លូវវត្តតាំងកសាង) ស្ថិតក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រយៈពេល៣ថ្ងៃមកហើយ គឺចាប់ផ្តើមកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ដោយចាប់ផ្តើមគាស់ចេញពីចំណុចវត្តតាំងកសាងខាងត្បូង ភូមិចម្ការឪឡឹក សង្កាត់កាកាបទី១ ដេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី១ ។

ប្រជាពលរដ្ឋ បានបន្តថា ផ្លូវរថភ្លើងនេះ ត្រូវបានក្រុមហ៊ុន Royal Railway សាងសង់នៅចំកណ្តាលទ្រូងផ្លូវលេខ 105K ហៅផ្លូវវត្តតាំងកសាង មានប្រវែងជាង ១៣០០ម៉ែត្រ ដោយតភ្ជាប់ពីចំណុចផ្លូវដែក ជិតវត្តតាំងកសាងខាងត្បូង ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រយៈពេល ៣ថ្ងៃកន្លងមកនេះ ក្រុមការងារខាងលើគាស់ផ្លូវនោះ បានប្រវែងប្រមាណជាង ២០០ម៉ែត្រហើយ និងបានដឹកដែករ៉ៃ ដែលគាស់ចេញរួច យកទៅរក្សាទុកបណ្តើរៗ។

ប្រជាពលរដ្ឋ បានរំលឹកថា តាំងពីដើមមក គ្មានផ្លូវរថភ្លើងនៅកណ្តាលទ្រូងផ្លូវលេខ 105K នេះទេ គឺផ្លូវរថភ្លើងនេះ ទើបតែត្រូវបានក្រុមហ៊ុន Royal Railway សាងសង់ប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ហើយនៅពេលចាប់ផ្តើមសាងសង់ដំបូង មហាជនបានរិះគន់ខ្លាំងណាស់ ព្រោះមិនសមទំនង និងគិតថារញ៉េរញ៉ៃ។ ប៉ុន្តែទីបំផុតក្រុមហ៊ុននោះ នៅតែសាងសង់ រហូតដល់រួចរាល់ ហើយក្រោយមកបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង បណ្តាលឱ្យមានអ្នកដួលម៉ូតូញឹកញាប់ និងមានគ្រោះថ្នាក់រវាងរថយន្ត និងភ្លើង ថែមទៀតផង។

ប្រជាពលរដ្ឋ បានបញ្ជាក់ថា ក្រោយពីរថភ្លើងដំណើរការដឹកភ្លៀវចេញនិងចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានមួយរយៈប៉ុណ្ណោះ ក៏លែងដំណើរការវិញ ប៉ុន្តែផ្លូវដែកនោះ ត្រូវបានទុកចោលនៅកណ្តាលផ្លូវលេខ105K នេះ រាប់ឆ្នាំ និងបានបង្កឱ្យមានគ្រោះថ្នាក់ដួលម៉ូតូ ជាបន្តបន្ទាប់ រហូតមកដែរ។ ដោយឡែកចុងក្រោយ គឺនៅវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ មានយុវតីជានិស្សិតពេទ្យម្នាក់ បានជិះម៉ូតូតាមផ្លូវនោះ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង បណ្តាលឱ្យរអិលក្រឡាច់ផ្លូវដែកនោះ ដួលម៉ូតូ ហើយត្រូវរថយន្តកិនបែក ក្បាលស្លាប់ភ្លាមៗ នៅត្រង់ចំណុចមុខផ្សារតាំងកសាង ភូមិចម្ការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយកើតមានឧប្បត្តិហេតុនេះហើយ មហាជនបានធ្វើការរិះគន់កាន់តែខ្លាំងឡើងៗ ទើបនៅថ្ងៃបន្ទាប់ គឺនៅវេលាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុន បានអ៊ុតកៅស៊ូ លុបផ្លូវដែកនោះ។ ប៉ុន្តែចំណាត់ការនេះ នៅតែទទួលការរិះគន់យ៉ាងខ្លាំងពីមហាជនដដែល ដោយពួកគាត់ស្នើសុំឱ្យដកផ្លូវដែកនេះចេញតែម្តង ទើប ១ថ្ងៃបន្ទាប់ទៀត គឺនៅថ្ងៃទី៥ ខែកក្កដា ក្រុមហ៊ុន បានសហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន រួមជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានគាស់យកផ្លូវដែកចេញតែម្តង។

គួររំលឹកថា កាលពីវេលាម៉ោង ៤និង៥០នាទីល្ងាច ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ មានហេតុការណ៍គ្រោះថ្នាក់ចរា ចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅតាមផ្លូវលេខ 105K (ផ្លូវវត្តតាំងកសាង) ស្ថិតក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយ យុវតីជានិស្សិតពេទ្យម្នាក់ ជិះម៉ូតូចេញពីរៀនតាមផ្លូវបេតុងវត្តតាំងកសាង ដែលមានផ្លូវដែកនៅចំកណ្តាលផ្លូវ  ខណៈមេឃកំពុងធ្លាក់ភ្លៀង ស្រាប់តែកង់មុខម៉ូតូ កិនចំផ្លូវដែកខាង លើ បណ្តាលឱ្យរអិលក្រឡាច់ដួល ខ្ទាតទៅគន្លងផ្លូវម្ខាងទៀត ក៏ត្រូវរថយន្តដឹកទឹកសុទ្ធ ១គ្រឿង បើកបញ្ច្រាសទិសគ្នា ជាន់ហ្វ្រាំង គេចមិនទាន់ ក៏កិនចំក្បាល បណ្តាលឱ្យបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែករថយន្តដឹកទឹកសុទ្ធ ព្យាយាមបើកគេចដែរ តែត្រូវសមត្ថកិច្ចតាមឃាត់រថយន្តជាប់ ប៉ុន្តែអ្នកបើកបរបានចុះរត់បាត់ នៅសល់តែព្រូម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅសាកសួរ។

យុវតីរងគ្រោះដែលត្រូវរថយន្តដឹកទឹកសុទ្ធកិនបែកក្បាលស្លាប់ មានឈ្មោះគីម មួយ អាយុ១៩ឆ្នាំ ជានិស្សិតពេទ្យ រៀននៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ដោយឡែកអ្នកបើកបររថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុ បានចុះរត់គេចខ្លួនបាត់ នៅសល់តែព្រូរថយន្តម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវតីរងគ្រោះខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JH-3661 ធ្វើដំណើរតាមផ្លូវលេខ 105K ក្នុងទិសដៅពីជើង ទៅត្បូង។ ខណៈនោះមេឃកំពុងធ្លាក់ភ្លៀងខ្លាំងទៀតផង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ កង់មុខម៉ូតូបានកិនលើផ្លូវដែកដែលសង់បង្កប់កណ្តាលផ្លូវបេតុងនោះ បណ្តាលឱ្យរអិល ក្រឡាច់ដួលខ្ទាតយុវតីរងគ្រ៉ ទៅគន្លងផ្លូវម្ខាងទៀត ស្របពេលនោះ មានរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2G-5664 ជារថយន្តដឹកទឹកសុទ្ធម៉ាក “ពេញធិក” បើកបរក្នុងទិសដៅពីត្បូង ទៅជើង បញ្ច្រាសគ្នា ក្នុងល្បឿនលឿន មកដល់ក៏ជ្រុលកិនយុវតីរងគ្រោះ ចំក្បាល បណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

បន្ទាប់ពីដឹងថា រថយន្តខ្លួនកិនមនុស្សស្លាប់ហើយ អ្នកបើកបររថយន្តដឹកទឹកសុទ្ធខាងលើ បានបន្ថែមល្បឿនទៅមុខដើម្បីគេចខ្លួន តែភ្លាមនោះត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋ ដេញតាម រហូតដល់ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទើបឃាត់រថយន្តបាន ប៉ុន្តែអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ ចោលរថយន្ត និងព្រូរថយន្តម្នាក់ ត្រូវសមត្ថកិច្ចឃាត់ព្រូរថយន្តខាងលើ យកទៅសាកសួរ។

ក្រោយកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះទៅធ្វើការវាស់វែង នាំយកម៉ូតូ និងរថយន្ត ព្រមទាំងព្រូ ទៅកាន់ការិយាល័យរង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសពយុវតីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES