ភ្នំពេញ ៖ ព្រះតេជគុណ មហានរិន្ទ ថន ហៅលោកឪ ស៊ុច ជាព្រះសង្ឃថៃ ដើមកំណើតខ្មែរ នៅខេត្តបុរីរម្យ ដែលបាននិមន្តមកដល់ទឹកដីកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ ត្រូវបានសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនរថយន្តថ្មីសន្លាង ១គ្រឿង សម្រាប់ជាមធ្យោបាយធ្វើដំណើរក្នុងការនិមន្តជួបពុទ្ធបរិស័ទ នៅទីជិតឆ្ងាយ លើវិថីអប់រំតាមព្រះធម៌ព្រះពុទ្ធសាសនា។

លោកឧកញ៉ា ស្រី ចាន់ថន ដែលជាអ្នកប្រគេនរថយន្តអំណោយសម្តេចហ៊ុន សែន ដល់លោកឪ ស៊ុច ដោយផ្ទាល់ បានឲ្យដឹងថា តាមរយៈរូបលោកជាតំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេច ហ៊ុន សែន បានប្រគេនរថយន្ត មួយគ្រឿង ម៉ាក TOYOTA HILUX REVO RALLY ស៊េរីឆ្នាំ២០២៥ ជាអំណោយរបស់សម្តេចប្រធានព្រឹទ្ធសភា ប្រគេនលោកឪ ស៊ុច នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ សម្រាប់ជាមធ្យោបាយធ្វើដំណើរ ក្នុងការនិមន្តជួបពុទ្ធបរិស័ទ នៅទីជិតឆ្ងាយ។
លោកឧកញ៉ា ស្រី ចាន់ថន បានបង្ហោះវីដេអូ បង្ហាញរថយន្តដែលប្រគេនលោកឪ ស៊ុច នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ភ្ជាប់ជាមួយសំណេរថា “នៅរាត្រីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈខ្ញុំបាទតំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចតេជោ ហ៊ុន សែន បានប្រគេនរថយន្ត មួយគ្រឿង ម៉ាក TOYOTA HILUX REVO RALLY ជាអំណោយរបស់សម្តេច ប្រគេនលោកតា ស៊ុច សម្រាប់ជាមធ្យោបាយធ្វើដំណើរ ក្នុងការនិមន្តជួបជុំពុទ្ធបរិស័ទ ទីជិតឆ្ងាយ លើវិថីក្នុងការអប់រំតាមព្រះធម៌ នៃមាគ៌ាព្រះពុទ្ធសាសនា របស់យើង…”។
ចំណែកលោកឪ ស៊ុច បានមានថេរដីកា អរគុណសម្តេចហ៊ុន សែន យ៉ាងដូច្នេះថា “ថ្ងៃ៧ ខែ៧ ឆ្នាំ២០២៥ អាត្មា លោកតា ស៊ុច បានមានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ក្នុងជីវិតនេះ ដែលសម្តេចតេជោ បានប្រទានឡានតូយ៉ូតា ស្អាតមែនទែន ១គ្រឿង ក៏ត្រេកអរដែលឧកញ៉ា ស្រី ចាន់ថន ដែលទទួលភារៈពីសម្តេចតេជោ រត់រកឡានប្រគេនអាត្មា ថ្ងៃនេះ។ ក៏សូមជូនពរឱ្យសម្តេចតេជោ សុខភាពជាល្អ ឈ្នះគូបដិបក្ខ ឧបសគ្គទាំងអស់ទាំងឡាយ ដែលបានមកចំសម្តេចតេជោហើយ ក៏ឱ្យខ្ទាតចេញឆ្ងាយទៅ និងជូនពរដល់ឧកញ៉ា ស្រី ចាន់ថន ឱ្យរកស៊ីចេះតែមានបាន រហូតតទៅមុខ តទៅ…”។

ដោយឡែក លោកអ៊ូ គារិទ្ធ ថៅកែហាងលក់រថយន្ត យីហោ យូអេស អូតូ (US Auto) ដែលរថយន្តជាអំ ណោយសម្តេចហ៊ុន សែន ប្រគេនលោកឪ ស៊ុច ខាងលើនេះ បានលើកឡើងថា បារមីលោកឪ ស៊ុច ដែលបាននិមន្តមកឃ្លាំង US Auto របស់លោក នៅថ្ងៃនោះ ជួយឲ្យលោកលក់រថយន្តបាន ៦គ្រឿង ។
លោកអ៊ូ គារិទ្ធ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ថា “ថ្ងៃនេះ បារមីលោកឪ ស៊ុច មកឃ្លាំង US Auto លក់បាន ៦គ្រឿង។ អរព្រះគុណលោកឪដែលជះបារមីដល់កូនចៅ…”។

គួរបញ្ជាក់ថា ព្រះតេជគុណ មហានរិន្ទ ថន ហៅលោកឪ ស៊ុច ជាព្រះសង្ឃថៃ ដើមកំណើតខ្មែរ នៅខេត្តបុរីរម្យ បាននិមន្តមកដល់ទឹកនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីព្រះអង្គ សម្រេចព្រះទ័យថា មិននិមន្តទៅប្រទេសថៃ វិញជាដាច់ខាត ដោយសារជនជាតិថៃ រួមទាំងអ្នកដែលមានដើមកំណើតខ្មែរ មួយចំនួន ដែលវង្វេងប្រវត្តិសាស្ត្រ ភ្លេចដើមកំណើតខ្លួនជាខ្មែរ មានការរើសអើងចំពោះព្រះអង្គ ដែលមានថេរដីកាការពារកម្ពុជា ដែលរងការឈ្លានពានពីទាហានថៃជ្រុលនិយម។ បន្ទាប់ពីលោកឪ ស៊ុច បានបិណ្ឌបាតសុំនិមន្តមកគង់នៅប្រទេសកម្ពុជា ក៏បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងស្នើព្រះ មហាក្សត្រ ប្រោសព្រះរាជទានផ្តល់សញ្ជាតិខ្មែរ ដល់ព្រះអង្គទៀតផង៕