Tuesday, July 15, 2025
Homeសង្គម និងជីវិតទិញប៊័រក្រឡុក បាញ់លុយអត់ចូលកុង សុំដកលុយថែម

ទិញប៊័រក្រឡុក បាញ់លុយអត់ចូលកុង សុំដកលុយថែម

ភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូ១គ្រឿង ទៅទិញប័រក្រឡុក ១ថង់ ដោយទូទាត់តាមកុង QR រួចក៏សុំអ្នកលក់ដកប្រាក់ ៣ម៉ឺនថែម តែពេលស្គែន QR Code រួចមិនព្រមបាញ់លុយឱ្យទេ តែប្រាប់ថាបាញ់រួចហើយ រួចប្រុងជិះម៉ូតូចេញ តែត្រូវអ្នកលក់ប៊័រក្រឡុក ឆែកមិនឃើញទឹកប្រាក់ក្នុងកុង ក៏ចាប់ក្របួចជាប់ និងប្តឹងសមត្ថកិច្ចចុះជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុច ផ្លូវភ្នំពេញហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌ពីបុរសជាអ្នកលក់ទឹកក្រឡុក និងប៊័រក្រឡុក បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ មាន បុរសម្នាក់ ជិះម៉ូតូ ១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ បានមកទិញប៊័រក្រឡុក ក្នុងតម្លៃ៦ពាន់រៀល ហើយសុំដកលុយបន្ថែម ចំនួន៣ម៉ឺនទៀត ចាំបាញ់តាមកុងធនាគារឱ្យវិញ។ ខណៈនោះ គាត់ក៏បានបើក QR ឱ្យស្គែន លុះពេលស្គែន ក៏ប្រាប់ថា បាញ់រួចរាល់ហើយ និងក៏បានជិះម៉ូតូចេញទៅ ចំណែកគាត់ បានឆែកមើលក្នុងកុង មិនទាន់ឃើញបាញ់លុយឱ្យ ក៏នាំគ្នាជិះម៉ូតូតាមឃាត់បុរសខាងលើ ដើម្បីសាកសួរ និងសុំឆែកមើលកុង ថាតើពិតជា បានបាញ់លុយឱ្យមែនអត់? តែភ្លាមៗនោះ បុរសខាងលើ មិនព្រមឱ្យពួកគាត់មើលកុងទេ ទើបគាត់បានប្តឹងនគរបាលប៉ុស្តិ៍ទឹកថ្លា ជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍បាននាំភាគីទាំងសងខាង ទៅប៉ុស្តិ៍ ដើម្បីសាកសួរ ហើយក៏បានសម្រប សម្រួលជាមួយអ្នកលក់ទឹកក្រឡុក ដោយឱ្យបុរសខាងលើសងលុយឱ្យគ្រប់ចំនួនវិញ រួចហើយសមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាណែនាំ រួចអនុញ្ញាតឱ្យបុរសនោះត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES