ខេត្តកណ្តាល ៖ រថយន្តដឹកអ្នកដំណើរ ភ្នំពេញ-វៀតណាម ១គ្រឿង បើកបរក្នុងល្បឿនលឿន និងវ៉ាជែងដោយខ្វះការប្រុងប្រយ័ត ធ្វើឱ្យជ្រុលទៅបុកម៉ូតូ ១គ្រឿង ពេញទំហឹង បណ្តាលឱ្យបុរសជាអ្នកជិះម៉ូតូរងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៥០នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ២០-២១ ស្ថិតនៅចំណុចភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ។

ជនរងគ្រោះដែលត្រូវរថយន្តក្រុងបុករបួសធ្ងន់ មានឈ្មោះជា កុសល ភេទប្រុស អាយុ៤១ឆ្នាំ មានលំនៅ ភូមិ ស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុ បានចុះរត់គេចខ្លួនបាត់។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត ១គ្រឿង ម៉ាក HYUNDAI UNIVERSE ពណ៌ស-ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E-7579 ជាប្រភេទរថយន្តដឹកអ្នកដំណើរភ្នំពេញ-វៀតណាម របស់ក្រុមហ៊ុន ដាន ដាន បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដោយធ្វើដំណើរពីភ្នំពេញ ទៅអ្នកលឿង ក្នុងទិសដៅពីលិច ទៅកើត តាមផ្លូវជាតិលេខ១។ លុះពេលបើកមកដល់កន្លែងកើតហេតុ រថយន្តបានបើកជែងរថយន្តមួយគ្រឿងទៀត រួចជ្រុលទៅបុកម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 1LF-6540 បើកបរដោយឈ្មោះជា កុសល ដែលបើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋដឹកទៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ខេត្តកណ្តាល បន្ទាប់មកបញ្ជូនបន្តទៅមន្ទីរពេទ្យភ្នំពេញ ដោយសាររងរបួសធ្ងន់ធ្ងរពេក។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។
បន្ទាប់ពីសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងរួច ក៏បានអូសយករថយន្ត និងម៉ូតូទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីអ្នកបើកបររថយន្ត បើកបរធ្វេសប្រហែស មិនប្រុងប្រយ័ត្ន ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងរំលោភចូលចំណែកផ្លូវនៃយានយន្តដែលបើកមកពីទិសដៅផ្ទុយគ្នា ទើបបង្កជាគ្រាះថ្នាក់បែបនេះ៕