Thursday, July 17, 2025
Homeសង្គម និងជីវិតក្មេងស្រី២ខួបកន្លះ ឪម៉ាល់ទិ.../ច២០មេ ពេទ្យគន្ធបុប្ជា ជួយសង្គ្រោះជីវិត

ក្មេងស្រី២ខួបកន្លះ ឪម៉ាល់ទិ…/ច២០មេ ពេទ្យគន្ធបុប្ជា ជួយសង្គ្រោះជីវិត

ភ្នំពេញ ៖ ក្មេងស្រីតូចម្នាក់ ទើបនឹងមានអាយុ ២ខួបកន្លះ ត្រូវបានសត្វឪម៉ាល់ ទិចដល់ទៅ២០មេ បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ជា ដោយត្រូវបានក្រុមគ្រូ ពេទ្យជំនាញ ព្យាបាលយ៉ាងយកចិត្តទុកដាក់ រយៈពេល១៥ថ្ងៃ ទីបំផុត អាចស្រោចស្រង់ជីវិតក្មេងស្រីរងគ្រោះ ឱ្យបានជាសះស្បើយ និងមានសុខភាពល្អឡើងវិញដូចធម្មតា។

តាមប្រភពមន្ទីរពេទ្យគន្ធបុប្ជា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ថា កុមារីតូចអាយុ២ឆ្នាំកន្លះម្នាក់ មកពីខេត្តកំពត មានជំងឺខ្សោយតម្រងនោមស្រួចស្រាល់យ៉ាងធ្ងន់ធ្ងរបំផុត បណ្តាលមកពីពឹសសត្វឪម៉ាល់ ដែលបានទិចនាង ចំនួន២០មេ បណ្តាលឱ្យតម្រងនោមទាំងពីរ របស់ក្មេងតូច ឈប់ដំណើរការទាំងស្រុង និងគ្មានទឹកនោម បណ្តាលឱ្យសន្លប់ និងដកដង្ហើមលែងបាន។

ក្រោយកើតមានករណីខាងលើនេះ ក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនក្មេងស្រីតូចខាងលើ មកកាន់មន្ទីរពេទ្យគន្ធបុប្ជា ដោយត្រូវបានក្រុមគ្រូពេទ្យជំនាញ ថែទាំព្យាបាល សង្គ្រោះអស់រយៈពេល ២៥ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម និងលាងឈាមតាមស្រោមពោះវៀន ១៥ថ្ងៃ។ ថ្ងៃនេះ កុមារីរូបនេះបានជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញដោយស្នាមញញឹម។

ក្មេងស្រីតូចរូបនេះ ត្រូវបានជួយសង្គ្រោះដោយក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យគន្ធបុប្ផា ដែលបានជួយសង្គ្រោះជីវិតមួយនេះ។ ចំពោះរាល់ព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង ដោយសារមានមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផា ស្វីស។

សូមបញ្ជាក់ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបំផុសស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីពលរដ្ឋកម្ពុជា រួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើររបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងមានបេស កកម្មសង្គ្រោះជីវិតស្ត្រីមានផ្ទៃពោះ ទារក និងកុមារនៅកម្ពុជាប្រកបដោយគុណភាព មិនគិតថ្លៃ និងមិនមានការរើសអើង។ សប្បុរសជនអាចបន្តចូលរួមជាមួយយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ក្នុងការកៀរគរថវិការជូនមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីជួយដល់កុមារកម្ពុជា៕

RELATED ARTICLES