Saturday, July 19, 2025
Homeចរាចរណ៍ចិនស្រវឹងបើកឡានបុ.../ករះរ៉ឺម៉ក២ ក្មេងចាស់៨នាក់ របួសរដូករណែល

ចិនស្រវឹងបើកឡានបុ…/ករះរ៉ឺម៉ក២ ក្មេងចាស់៨នាក់ របួសរដូករណែល

ភ្នំពេញ ៖ បុរសជនជាតិចិន ម្នាក់ បើកបររថយន្តក្នុងស្ថានភាពស្រវឹងជោក ជ្រុលបុករះម៉ូតូសណ្តោងរ៉ឺម៉ក ចំនួន២គ្រឿង បណ្តាលឱ្យមនុស្សក្មេងចាស់ ប្រុសស្រី ចំនួន៨នាក់ រងរបួសធ្ងន់-ស្រាល ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ ចំណែកជនបង្កហេតុ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងវាស់ជាតិស្រវឹង ឃើញមានអត្រាជាតិអាល់កុល 0.80Mg/L។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅបណ្តោយផ្លូវកាំកូ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូសណ្តោងរ៉ឺម៉ក ចំនួន២គ្រឿង បានបើកឆ្លងកាត់ផ្លូវកាំកូ ឆ្ពោះទៅផ្លូវបុរីអង្គរ ក្នុងទិសដីពីត្បូង ទៅជើង ដោយក្នុងនោះម៉ូតូរ៉ឺម៉ក ១គ្រឿង ខាងមុខ ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-1666 មានប្តីប្រពន្ធនិងកូនតូចៗ ចំនួន៤នាក់ (សរុប៦នាក់)។ ចំណែកម៉ូតូរ៉ឺម៉កទី២ ម៉ាក Citi PLUS ពណ៌ក្រហម គ្មានស្លាកលេខ មានមនុស្ស២នាក់ គោលបំណងទៅទិញត្រីលក់ នៅម្តុំព្រែកព្នៅ។ លុះពេលកំពុងបើកតាមផ្លូវសុខៗ ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាក TUNDRA ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-5799 បើកបរក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿន ជ្រុលមកបុករះម៉ូតូសណ្តោងរ៉ឺម៉ក ទាំង២គ្រឿង បណ្តាលឱ្យមនុស្សដែលនៅលើរ៉ឺម៉ក ប៉ើងខ្ទាតចូលគុម្ពោតព្រៃ ចិញ្ចើមផ្លូវ រងរបួសធ្ងន់-ស្រាល សរុប៨នាក់ ក្នុងនោះមានក្មេងតូចម្នាក់ រងរបួសធ្ងន់ត្រង់ក្បាល។

ប្រភពដដែល បន្តថា បន្ទាប់ពីបុករះរ៉ឺម៉កម៉ូតូរួច រថយន្តបង្កហេតុ មិនទាន់អស់ល្បឿន បានជ្រុលទៅបុករះរនាំងដែកជាច្រើនថែមទៀត រួចទើបធ្លាក់ផ្លូវ។ ចំណែកអ្នកបើកបររថយន្ត ជាជនជាតិចិន ស្ថិតក្នុងសភាពស្រវឹងជោក បានចុះពីលើរថយន្ត ដើរចុះឡើងមួយសន្ទុះធំ ក៏អង្គុយ និងដេកលក់ទៅ។

ក្រោយកើតហេតុ រថយន្តសង្គ្រោះបន្ទាន់ បានមកដល់ទីតាំង និងបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ។ ចំណែកក្មេងតូចៗ បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចបានចុះមកវាស់វែង យករថយន្តបង្កហេតុ និងរ៉ឺម៉ករងគ្រោះ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី។

ដោយឡែក អ្នកបើករថយន្ត ជាជនជាតិចិន ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅសាកសួរ និងវាស់ជាតិស្រវឹង ឃើញមានអត្រាជាតិអាល់កុល 0.80Mg/L ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង អនុវត្តតាមនីតិវិធី៕

RELATED ARTICLES