Monday, July 21, 2025
Homeចរាចរណ៍ចេញពីផឹក បើកឡានបុកគល់ស្ពានអាកាស

ចេញពីផឹក បើកឡានបុកគល់ស្ពានអាកាស

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្ត ១គ្រឿង ក្នុងស្ថានភាពស្រវឹងជោក រួចជ្រុលទៅបុកគល់ស្ពានអាកាសស្ទឹង មានជ័យ បណ្តាលឱ្យរថយន្តខូចខាតធ្ងន់ សំណាងល្អមិនបង្កឱ្យមានអ្នករងរបួសនោះឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ត្រើយខាងត្បូង តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា កាមរី ហាយប៊្រីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BR-8683 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនយ៉ាងលឿន ទាំងស្ថានស្រវឹង លុះមកដល់ចំណុចកើត ហេតុ ស្រាប់តែរថយន្តជ្រុលទៅបុកថ្មបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ ពេញទំហឹងបណ្តាល ឱ្យរថយន្តស្រុញខ្ទេចផ្នែកខាងមុខ តែមិនគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ ចំណែកគល់ស្ពាន អត់មានខូចខាតអ្វីនោះទេ។

ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានចុះពីលើរថយន្ត ទាំងស្ថានភាពស្រវឹងជោក រួចបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុករថយន្តនៅនឹងកន្លែង ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឱ្យជំនាញ ស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននករបាលរាជធានីភ្នំពេញ រង់ចាំដំណោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES