Thursday, July 24, 2025
Homeសង្គម និងជីវិតគ្រូបង្រៀនឆ្លៀតរត់កង់បី គាំងបេះដូងស្លាប់

គ្រូបង្រៀនឆ្លៀតរត់កង់បី គាំងបេះដូងស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ ជាគ្រូបង្រៀន ឆ្លៀតពេលយប់ឡើង ចេញរត់ម៉ូតូកង់បី ដើម្បីរកប្រាក់កម្រៃបន្ថែម ស្រាប់តែក្រោយមកបានដេកស្លាប់នៅក្នុងបន្ទប់ជួល តែឯង។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចបន្ទប់លេខ៨ ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះ មានឈ្មោះហេង សៅ អាយុ៥១ឆ្នាំ មុខរបរគ្រូបង្រៀននៅសាលាប៊ែលធីអន្តរជាតិ (បង្រៀននៅពេលថ្ងៃ) លុះយប់ឡើងឆ្លៀតរត់ម៉ូតូកង់បី មានស្រុកកំណើតនៅភូមិអង្គរជ័យក្រោម ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត សព្វថ្ងៃស្នាក់នៅក្នុងបន្ទប់ជួល កើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធរបស់បុរសរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា ក្រុមគ្រួសារគាត់បានរស់នៅបែកគ្នា ដោយបុរសជាប្តី និងកូនប្រុសច្បងម្នាក់ បាននាំគ្នាចាកចេញពីផ្ទះ នៅឯខេត្តកំពត មកស្នាក់នៅរាជធានីភ្នំពេញ ហើយប្តីគាត់បានស្នាក់នៅបន្ទប់ផ្ទះជួលកើតហេតុខាងលើ តែម្នាក់ឯង ដោយនៅពេលថ្ងៃ ធ្វើជាគ្រូបង្រៀនសិស្ស នៅសាលាប៊ែលធី នៅម្តុំជិតដេអិន (DN) លុះយប់ឡើង ឆ្លៀតពេលរត់ម៉ូតូកង់បី នៅម្តុំវត្តសំពៅមាស ហើយថ្ងៃខ្លះ ទៅដេកនៅបន្ទប់ជួល តែយប់ខ្លះ ដេកលើកង់បី នៅក្នុងវត្តសំពៅមាស ក៏មាន។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បានបន្តថា ដោយឡែកកូនប្រុសច្បងរបស់គាត់ មិនបានស្នាក់នៅជាមួយឪពុកទេ ដោយធ្វើការនៅក្នុងហាងសាច់អាំង ១កន្លែង នៅខណ្ឌសែនសុខ ហើយក៏ស្នាក់នៅទីនោះតែម្តង។ ទោះបីជាស្នាក់នៅឆ្ងាយពីគ្នាមែន ប៉ុន្តែកន្លងមក ប្តីគាត់តែងតែទូរស័ព្ទទៅ ដាស់គាត់ជាប្រពន្ធ នៅវេលាម៉ោងជាង៥ព្រឹក ជារៀងរាល់ថ្ងៃ មិនដែលខានទេ ហើយក៏មិនដែលភ្លេចទាក់ទងមកគាត់ជាប្រពន្ធម្តងណាឡើយ។

ស្ត្រីជាប្រពន្ធ បានបញ្ជាក់ថា ស្រាប់តែមកដល់ព្រឹកថ្ងៃកើតហេតុ ម៉ោងជាង៦ព្រឹក ទៅហើយ នៅតែអត់ទាន់ឃើញប្តីទូរស័ព្ទមកដាស់គាត់ដូចរាល់ថ្ងៃសោះ ទើបគាត់មានការព្រួយបារម្ភពីប្តី ក៏បានទូរស័ព្ទទៅប្តីវិញ តែហៅចូល មិនមានអ្នកលើកសោះ។ ពេលនោះគាត់ក៏បានទូរស័ព្ទទៅកូនប្រុសច្បងរបស់គាត់ ដែលធ្វើការនៅហាងសាច់អាំង ឱ្យជួយរកឪពុកផង លុះបន្តិចក្រោយមកកូនប្រុសប្រាប់វិញថា ហៅចូលច្រើនដងហើយ តែមិនលើក ហើយកូនប្រុសក៏បានប្រាប់ទៀតថា ចង់ទៅមើលឪពុកដែរ តែគ្មានលុយចាក់សាំងម៉ូតូជិះទៅ ទើបគាត់បានឱ្យកូនប្រុសទី២ របស់គាត់ម្នាក់ទៀត វេរលុយចំនួន ២ម៉ឺនរៀល ឱ្យកូនប្រុសច្បង ចាក់សាំងម៉ូតូ ជិះទៅមើលឪពុក ហើយពេលទៅដល់ ឃើញទ្វារនិងបង្អួចបន្ទប់ជួលបិទជិត កូនប្រុសគាត់បានស្រែកហៅ តែអត់ឮឪពុកឆ្លើយ និងទូរស័ព្ទចូល ឮសូរសំឡេងទូរស័ព្ទរោទ៍ច្រើនដង ក៏នៅតែអត់លើកទៀត។ ដោយមានការសង្ស័យ កូនប្រុសច្បងគាត់ ក៏បានសុំឱ្យម្ចាស់ផ្ទះជួល គាស់ទ្វារចូលទៅមើល ឃើញឪពុកដេកដណ្តប់ភួយលើពូក ហើយពេលចាប់ដៃអង្រួនមើល ស្រាប់តែឃើញឪពុកស្លាប់រឹងក្រញង់ទៅហើយ ពុំដឹងថាស្លាប់តាំងពីពេលណាមកទេ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយពេលទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ និងរាយការណ៍ជូនសមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យ។បន្ទាប់ពីសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច័យសពរួច បញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយសារគាំងបេះដូង។សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃ ណី៕

RELATED ARTICLES