ខេត្តកណ្តាល ៖ ក្មេងស្រីម្នាក់ វ័យ ៤ឆ្នាំ បានកើតជំងឺមហារីកភ្នែកធ្ងន់ធ្ងរ ពេលនេះទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

លោកមាន កុសល ត្រូវជាឪពុករបស់កុមារីរងគ្រោះ បានរៀបរាប់ប្រាប់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ថា កូនរបស់គាត់ មានអាការបញ្ហាភ្នែកដំបូង តាំងពីអាយុ១ខួបកន្លះមកម៉្លេះ ហើយលោកក៏បានយកទៅមន្ទីរពេទ្យជាច្រើន ដូចជា មន្ទីរពេទ្យព្រះអង្គឌួង កៀនឃ្លាំង និងមន្ទីរពេទ្យភ្នែកខេត្តតាកែវ ហើយគ្រូពេទ្យបានប្រាប់ថា កូនគាត់កើតមហារីកបាតភ្នែក ដូច្នេះមានតែមន្ទីរកុមារអង្គរ ទេ ទើបអាចព្យាបាលបាន លោកក៏បានយកកូនគាត់មកមន្ទីរពេទ្យនេះ ចុងក្រោយគេ។

លោកថា ដោយសារតែលោកខ្វះខាតថវិកា និងមានប័ណ្ណសមធម៌ ខាងមន្ទីរពេទ្យ ពុំបានយកថវិកាពីលោក ឡើយ ហើយព្យាបាលដោយការចាក់ថ្នាំគីមី ចំនួន១១ដង (លើកទី១១ នៅឆ្នាំ២០២៤)។ លោកអះអាងថា ពេទ្យបានជូនយោបល់ឱ្យវះកាត់យកគ្រាប់ភ្នែកចេញ ព្រោះភ្នែកកើតមហារីក តាំងពីយូរមកហើយ ដើម្បីចៀសវាងមានគ្រោះថ្នាក់ធ្ងន់ជាងមុន។ ម៉្យាងទៀតដោយសារលោកមើលឃើញថា កូនបានធូរស្បើយច្រើនហើយ ទើបលោកនិងប្រពន្ធ ពិគ្រោះគ្នា មិនទទួលយកការវះកាត់ឡើយ និងទុកកូនជិត១ឆ្នាំ ដោយគិតថា កូនគាត់នឹងមិនកើតអ្វី ទៀតទេ ប៉ុន្តែក្រោយមក អាការភ្នែកកូនគាត់ស្រាប់តែរើឡើងវិញថ្មីៗនេះ រហូតដល់ដំណាក់កាលធ្ងន់ធ្ងរបែបនេះ។
លោកមាន កុសល បន្តទៀតថា ដោយទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្តាល មន្ត្រីសុខាភិបាលថ្នាក់មន្ទីរ និងស្រុកប្រតិបត្តិ ព្រមទាំងអាជ្ញាធរ ភូមិ ឃុំ ស្រុក បានជួយឧបត្ថម្ភសម្ភារៈ ថវិកាផងនោះ លោកក៏សម្រេចនាំកូនមកកាន់មន្ទីរពេទ្យកុមារអង្គរ ម្តងទៀត ក្រោមការជួយជ្រោមជ្រែងឡានដឹកជូន ពីក្រុមគ្រូពេទ្យប៉ុស្តិ៍សុខភាពសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ក្រោមការគ្រប់គ្រងរបស់សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា បានជូនមកដល់មន្ទីរពេទ្យកុមារអង្គរ កាលពីវេលាម៉ោង ៦និង៣០នាទី ព្រលប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។
លោកបន្តថា ក្រុមការងារមន្ទីរពេទ្យកុមារអង្គរ បានយកចិត្តទុកដាក់ខ្ពស់ចំពោះកូនស្រីរបស់លោក និងសូមថ្លែងអំណរគុណជាអនេកដ៏ខ្ពង់ខ្ពស់ចំពោះការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំខេត្តកណ្តាល ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត និងថ្នាក់ភូមិ ឃុំ ស្រុក ដែលបានយកចិត្តទុកដាក់ជួយជ្រោមជ្រែងករណីកូនស្រីរបស់លោក។

បើតាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលខេត្តកណ្តាល ដែលបានចុះទៅពិនិត្យ និងជួបពិគ្រោះផ្តល់យោបល់ជាមួយក្រុមគ្រួសារកុមារីរងគ្រោះ បានបញ្ជាក់ថា ប្រវត្តិអ្នកជំងឺ គឺបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងឆ្នាំ២០២៣ ដោយបានចាក់ថ្នាំគីមី ចំនួន១១ដង ស្មើនឹង ៤០ម្ជុល។ បន្ទាប់មក គ្រូពេទ្យបានពន្យល់ឱ្យធ្វើការវះកាត់យកគ្រាប់ភ្នែកចេញ តែគាត់សុំពិភាក្សាគ្នាសិន។ តាំងពីពេលនោះមក គាត់ពុំបានត្រឡប់មកជួបគ្រូពេទ្យ តាមការណាត់ទេ ហើយភ្នែករបស់កូនគាត់ ក៏មិនទាន់មានសភាពដូចឥឡូវនេះដែរ។ ទើបតែនៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២៥ ភ្នែកកូនគាត់ចាប់ផ្តើមហើម ហើយលៀនចេញមកបន្តិចម្តងៗ គាត់គិតថាយកទៅមន្ទីរពេទ្យគន្ធបុប្ផា តែដោយគ្រូពេទ្យនៅកុមារអង្គរ បានទូរស័ព្ទមកឱ្យគាត់យកកូនទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យ និងដោយមានការចុះទៅពិនិត្យ ពិគ្រោះដល់ផ្ទះ និងណែនាំពីគ្រូពេទ្យភ្នែក នៃមន្ទីរពេទ្យខេត្ត ឱ្យគាត់យកកូនទៅជួបគ្រូពេទ្យ នៅពេទ្យកុមារអង្គរវិញ (ព្រោះគាត់ធ្លាប់ទទួលការព្យាបាលនៅទីនោះ)។

ក្រោយការពន្យល់ណែនាំរួចមក គាត់ក៏យល់ព្រម និងសម្រេចចិត្តយកកូនទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀម រាប តាមការណែនាំរបស់គ្រូពេទ្យ ហើយដើម្បីជួយសម្រួលក្នុងការធ្វើដំណើរ និងការចំណាយផ្សេងៗ លោកវេជ្ជបណ្ឌិត លី មករា ប្រធានមន្ទីរពេទ្យជ័យជម្នះ បានជួយ ថវិកា ចំនួន១០០ដុល្លារ ដល់កុមារីផងដែរ និងបានជួយបញ្ជូនដោយដឹកតាមឡានពេទ្យរបស់ប៉ុស្តិ៍សុខភាពសម្តេចព្រះសង្ឃរាជ បួរ គ្រី។
បច្ចុប្បន្នកុមារីកំពុងទទួលបានការយកចិត្តទុកដាក់ព្យាបាល ពីសំណាក់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរ៕