ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពបង្កើតផេកហ្វេសប៊ុក «សេវាកម្មស្ត្រីមេផ្ទះ Easy-Maid» និងបានធ្វើការផ្សព្វផ្សាយផ្តល់សេវាកម្មអ្នកបម្រើតាមផ្ទះ ដល់ក្រុមគ្រួសារដែលមានតម្រូវការអ្នកបម្រើតាមផ្ទះ ដោយតម្រូវឱ្យជនរងគ្រោះបង់ប្រាក់សេវាកម្មមុន ទើបបញ្ជូន បុគ្គលិកទៅធ្វើការនៅតាមផ្ទះ តាមក្រោយ ដោយក្នុងរយៈពេលប្រមាណ ៣ឆ្នាំ ជននេះធ្លាប់ធ្វើសកម្មភាពឆបោកបានប្រាក់ប្រមាណ ១០ម៉ឺនដុល្លារ ទីបំផុតត្រូវបានសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា យោងតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ និងតាមការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃ.ឡ អាយុ៣៨ឆ្នាំ ដែលជាម្ចាស់ផេកហ្វេសប៊ុក និងតេឡេក្រាម ឈ្មោះ “សេវាកម្មស្ត្រីមេផ្ទះ Easy-Maid”។
យោងតាមការទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ នាយកដ្ឋានបានទទួលពាក្យបណ្តឹងលើករណីនេះជាង ៣០បណ្តឹង ដែលមានទំហំទឹកប្រាក់ ប្រមាណជាង ២ម៉ឺនដុល្លារ ប៉ុន្តែតាមរយៈការស្រាវជ្រាវ ជំនាញកំណត់បានថា ជនសង្ស័យរូបនេះបានធ្វើការឆបោកជនរងគ្រោះជាងរយនាក់ និងទំហំទឹកប្រាក់ប្រមាណជាង ១០ម៉ឺនដុល្លារ តាំងពីឆ្នាំ២០២២ មកម៉្លេះ។

តាមចម្លើយជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាអ្នកផ្តើមគំនិតបង្កើតផេកនេះ ដើម្បីឆបោកប្រជា ពលរដ្ឋប្រាកដមែន ដោយបានធ្វើការផ្សព្វផ្សាយផ្តល់សេវាកម្មអ្នកបម្រើតាមផ្ទះ ដល់ក្រុមគ្រួសារដែលមានតម្រូវការអ្នកបម្រើតាមផ្ទះ ដោយតម្រូវឱ្យជនរងគ្រោះបង់ប្រាក់ សេវាកម្មមុន ទើបបញ្ជូនបុគ្គលិកទៅធ្វើការនៅតាមផ្ទះ តាមក្រោយ ដោយម្តងៗទទួលបានប្រាក់ចន្លោះ ៣០០ ទៅ ២ ០០០ដុល្លារ។ លើសពីនេះ ជនសង្ស័យខាងលើ ក៏បានឆបោកបងប្អូនប្រជាពលរដ្ឋដែលរត់ម៉ូតូកង់បី ឱ្យជួយទទួលប្រាក់តាមរយៈ QR ធនាគារជំនួសរូបគេ និងបានឱ្យពួកគាត់ផ្ទេរតាមរយៈភ្នាក់ងារផ្ទេរប្រាក់ មកឱ្យគេវិញ។

ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តែងតែក្រើនរំលឹកដល់ប្រជាពលរដ្ឋថា វិស័យបច្ចេកវិទ្យា មានការរីកចម្រើន បានសម្រួលកិច្ចការប្រចាំថ្ងៃ និងការផ្តល់សេវាកម្មមួយចំនួន មានភាពងាយស្រួល ប៉ុន្តែទន្ទឹមនឹងនេះ ជនល្មើសតែងតែបន្លំខ្លួននិងឆ្លៀតឱកាសប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ ដើម្បីឆបោកប្រជាពលរដ្ឋទូទៅ និងសូមក្រើនរំលឹកបន្ថែមដល់សាធារណជនទាំងអស់ ប្រុងប្រយ័ត្ន និងបញ្ឈប់ការទទួលប្រាក់ជំនួសអ្នកដទៃ ដែលមិនមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងប្រឈមនឹងបញ្ហាផ្លូវច្បាប់ ដោយប្រការណាមួយ៕