ភ្នំពេញ ៖ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតផ្ញើជូនលោក អាស៊ីម អ៊ីហ្វទីខារ អាហ៍ម៉ាដ ( Asim Iftikhar Ahmad) ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យរបស់កម្ពុជា និងចាត់វិធានការទប់ស្កាត់សកម្មភាពញុះញង់ណាដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែតានតឹងបន្ថែមទៀត។

លិខិតរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ គោរពលោកឯកអគ្គរដ្ឋទូត Asim Iftikhar Ahmad តំណាងអចិន្ត្រៃយ៍ប៉ាគីស្ថាន ប្រចាំអង្គការសហប្រជាជាតិ ប្រធានក្រុមប្រឹក្សាសន្តិសុខ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក មានខ្លឹមសារទាំងស្រុងថា “ខ្ញុំសូមជម្រាបជូន ឯកឧត្តម ក៏ដូច ជាសមាជិកដទៃទៀតនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជ្រាបជាបន្ទាន់ អំពីការឈ្លានពានដោយ អាវុធ មកលើប្រទេសកម្ពុជា នាពេលថ្មីៗនេះ ដោយកងកម្លាំងយោធាថៃ នៅតាមព្រំដែនកម្ពុជា-ថៃ ដូចតទៅ ៖
ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកការ វាយប្រហារដោយមានការគិតទុកជាមុន និងចេតនាបង្កហេតុ មកលើទីតាំងរបស់កម្ពុជា តាមបណ្តោយតំបន់ព្រំដែន រួមមាន តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់មុំបី ដែលស្ថិតក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
កម្ពុជា ថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត និងមានសេចក្តីទោមនស្សយ៉ាងខ្លាំងចំពោះការ ឈ្លានពានដោយកងកម្លាំងប្រដាប់អាវុធរបស់ព្រះរាជាណាចក្រថៃ ដែលមានការគិតទុកជាមុន និងចេតនាបង្កហេតុនេះ។ ការវាយប្រហារដោយយោធានេះ បានបំពានយ៉ាងជាកស្តែងលើគោលការណ៍មិនឈ្លានពានគ្នា និងការដោះស្រាយវិវាទដោយសន្តិវិធី ដែលជាមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិ និងគោលការណ៍ចែងក្នុងធម្មនុញ្ញអង្គការសហប្រជា ជាតិ និងធម្មនុញ្ញអាស៊ាន ស្តីពីការហាម មិនឱ្យធ្វើការគំរាមកំហែង ឬប្រើប្រាស់កម្លាំងឈ្លានពានបូរណ ភាពទឹកដីនៃរដ្ឋណាមួយ ក៏ដូចជាការមិនគោរពចំពោះស្មារតីអ្នកជិតខាងល្អ ដែលកម្ពុជា បានខិតខំប្រកាន់ខ្ជាប់រហូតមកដល់ពេលនេះ។
ប្រឈមមុខនឹងការឈ្លានពានដ៏ព្រហើននេះ កងទ័ពកម្ពុជា គ្មានជម្រើសអ្វីក្រៅពីធ្វើការវាយបក ដើម្បីការពារខ្លួន ការពារអធិបតេយ្យនិងបូរណភាពទឹកដីរបសកម្ពុជា។ កម្ពុជា អំពាវនាវឱ្យថៃ បញ្ឈប់រាល់ទង្វើអរិភាពជា បន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងចៀសវាងសកម្មភាពញុះញងបង្កហេតុ ដែលអាចធ្វើឱ្យស្ថាន ការណ៍កាននៅតែតានតឹង។
ខ្ញុំសូមអនុញ្ញាតរំលឹកថា ភាពតានតឹងនៅតាមព្រំដែន និងអរិភាពប្រដាប់អាវុធ នៅតែបន្តកើត មានរវាងកម្ពុជា និងថៃ បើទោះបីជាមានអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ ក៏ដូចជាផែនទីដែលផលិតដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន និងសៀម ដែលបង្កើតឡើងដោយអនុលោមតាមលិខិតូបករណ៍អន្តរជាតិ ទាំងពីរ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាសវែងនិងខណ្ឌសីមាព្រំដែនគោក ឆ្នាំ២០០០ (MOU-2000) ដែលតាមរយៈ MOU ភាគីទាំងពីរបាន ប្តេជ្ញារួមគ្នាបោះបង្គោលព្រំដែនគោក រវាងប្រទេសទាំងពីរ ផ្អែកលើឯកសារច្បាប់ទាំងនេះ។
ដូចករណីមុនៗដែរ អរិភាពតាមព្រំដែន រវាងប្រទេសទាំងពីរ នាពេលបច្ចុប្បន្ននេះ កើតចេញពី ការដែលប្រទេសថៃ ទទួចទាមទារអធិបតេយ្យដែនដីនៅតំបន់ព្រំដែន ផ្អែកលើមូលដ្ឋាននៃផែនទីដែលថៃ ខ្លួនឯងបានគូសជាឯកតោភាគី គ្មានមូលដ្ឋានច្បាប់ និងផ្ទុយពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរព MOU-2000។ ដើម្បីជាលេសសម្រាប់ការឈ្លានពានប្រដាប់អាវុធ នាពេលបច្ចុប្បន្ន ប្រទេសថៃ ក៏បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ជុំវិញការផ្ទុះគ្រាប់មីន បន្ទាប់ពីទាហានថៃ បានដើរល្បាតខុសផ្លូវដែលប្រទេសទាំងពីរបានសម្របសម្រួលនិងព្រមព្រៀងគ្នាពីកន្លងមក ហើយថែមទាំងបានបង្កើតផ្លូវថ្មីមួយ ឆ្លងកាត់ទឹកដីកម្ពុជា នៅក្នុងតំបន់ដែលមានការទទួលស្គាល់ និងត្រូវបានចុះបញ្ជីជាផ្លូវការថា ជាចម្ការមីន។
ជាការគួរឲ្យសោកស្តាយដែលមានអំពើឈ្លានពាននេះកើតឡើង ខណៈកម្ពុជា កំពុងបន្តខិតខំ យ៉ាងសកម្មដើរតាមផ្លូវច្បាប់ ដោយសន្តិវិធី និងមិនលម្អៀង ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ជាមួយថៃ តាមរយៈយន្តការទ្វេភាគី និងអន្តរជាតិ។ ដូចដែលសហគមន៍អន្តរជាតិ បានដឹងហើយថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងការបញ្ជូនទៅសុំតុលាការយុត្តិធម៌អន្តរជាតិ ធ្វើការវិនិច្ឆ័យចំពោះតំបន់ជម្លោះចំនួន៤ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ កំណើនភាពតានតឹងផ្នែកយោធានេះ ត្រូវបានបង្កឡើងដោយប្រទេសថៃ បើទោះបីជាមានការអំពាវនាវក្នុងតំបន់និងអន្តរជាតិ ឱ្យមានការអត់ធ្មត់ និងដំណោះស្រាយដោយសន្តិវិធី និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសន្ទនា រួមទាំងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក កម្ពុជា-ថៃ (JBC) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ។

យោងលើការឈ្លានពានយ៉ាងគឃ្លើនរបស់ថៃ នាពេលថ្មីៗនេះ ដែលបានគំរាមកំហែងយ៉ាង ធ្ងន់ធ្ងរដល់សន្តិ ភាពនិងស្ថិរភាពនៅក្នុងតំបន់ ខ្ញុំសូមស្នើឱ្យឯកឧត្តម កោះប្រជុំក្រុមប្រឹក្សាសន្តិសុខ ជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពានរបស់ថៃ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ប្រសិនបើឯកឧត្តម អាចផ្សព្វផ្សាយលិខិតនេះ ជូនដល់សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
សូមឯកឧត្តម ទទួលនូវការរាប់អានយ៉ាងជ្រាលជ្រៅអំពីខ្ញុំ“ ៕ កុលបុត្រ