ភ្នំពេញ ៖ អ្នកគ្រួបង្រៀនរូបស្រស់ស្អាតម្នាក់ បានធ្លាក់ខ្លួនមានជំងឺខូចក្រលៀន អត់លុយលាងឈាម និងដូរ ក្រលៀន ប្រកាសរកជំនួយសប្បុរជនទាំងក្នុងប្រទេសនិងក្រៅប្រទេស ជាពិសេសស សម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មេត្តាជួយដល់រូបនាងផង ដើម្បីមានលទ្ធភាពលាងឈាម និងវះកាត់ដូរក្រលៀន ព្យាបាលជាសះស្បើយ បានបន្តជីវិតរស់នៅជួបជុំគ្រួសារ និងបន្តការងារជាគ្រូបង្រៀន ចែករំលែកចំណេះដឹងដល់សិស្ស បន្តទៀត ។

គ្រូបង្រៀនកម្សត់ដែលកំពុងឈឺធ្ងន់ ខូចក្រលៀន (តម្រងនោម) នោះ មានឈ្មោះម៉េង ស្រីកា ហៅកាកា អាយុ២៩ឆ្នាំ ជាគ្រូបង្រៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សាកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល មានប្ដីឈ្មោះរេន ចាន់នឿន អាយុ២៩ឆ្នាំ ជាគ្រូបង្រៀនបឋមសិក្សាដូចគ្នា តែសាលាខុសគ្នា ។ អ្នកគ្រូ មានកូនស្រីម្នាក់ អាយុ៧ឆ្នាំ រស់នៅភូមិព្រែកតាមែ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ។

អ្នកគ្រូ ម៉េង ស្រីកា បានបង្ហោះរូបភាពជាច្រើនសន្លឹក ទាំងរូបភាពនៅស្រស់ស្អាត មិនទាន់ធ្លាក់ខ្លួនឈឺ និងរូបភាពដេកលើគ្រែពេទ្យ លាងឈាម នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២៣ ខែ កក្កដាឆ្នាំ២០២៥ ភ្ជាប់ជាមួយសំណេរថា “អាជីពគ្រូបង្រៀនពេលមានជំងឺធ្ងន់ធ្ងរ គ្មានលុយសម្រាប់ព្យាបាលជំងឺខ្លួនឯងទេ ពិតជាកម្សត់ពេកហើយ។ មានតែចំណេះវិជ្ជាដែលផ្ទេរឱ្យក្មេងៗជំនាន់ក្រោយ រាប់រយនាក់ នាងខ្ញុំទើបតែចេញបង្រៀន មិនទាន់បាន ១០ឆ្នាំផង ឥឡូវមកកើតជំងឺខូចក្រលៀន ដល់ដំណាក់កាលលាងឈាម ។ បើបងៗ អ៊ំពូមីង អាណិតស្រលាញ់ សូមជួយគ្រូបង្រៀនដូចនាងខ្ញុំ សូមបងប្អូនជួយស៊ែរឱ្យថ្នាក់ដឹកនាំបានឃើញនិងជួយកូនចៅផង…។ នាងខ្ញុំជាគ្រូបង្រៀននៅសាលាបឋមសិក្សាកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ អ្នកគ្រូ ម៉េង ស្រីកា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ថា អ្នកគ្រូ បានប្រលងចេញធ្វើជាគ្រូបង្រៀន នៅក្នុងសាលាបឋមសិក្សាកំពុងអុស តាំងពីឆ្នាំ២០១៦ ដែលគិតមកដល់ពេលនេះ បង្រៀនបាន ៩ឆ្នាំហើយ តែរយៈពេល ១ឆ្នាំចុងក្រោយនេះ ក្រោយធ្លាក់ ខ្លួនឈឺ ខូចក្រលៀន អ្នកគ្រូ មិនអាចបង្រៀនសិស្សបានទៀតឡើយ គឺនាយកសាលា បានឲ្យធ្វើការនៅក្នុងទីចាត់ការ ក្នុងតួនាទីជាលេខា ធ្វើការងារស្រាល អង្គុយនៅមួយកន្លែង មិនដូចបង្រៀនសិស្ស ត្រូវឈរនិយាយ បញ្ចេញសកម្មភាពច្រើន អ្នកគ្រូគ្មានកម្លាំងទេ ចេះតែហត់ ព្រោះជំងឺខូចក្រលៀននេះចេះតែធ្វើទុក្ខ ហើយពេលធ្វើទុក្ខម្ដងៗ ពិបាកទ្រាំខ្លាំងណាស់ ចាំបាច់ត្រូវទៅលាងឈាម ក្នុង១សប្ដាហ៍ ពីរដង ។

អ្នកគ្រូ ម៉េង ស្រីកា បានបញ្ជាក់ថា អ្នកគ្រូ បានធ្លាក់ខ្លួនមានជំងឺខូចក្រលៀន ទើបតែបានរយៈពេលមួយឆ្នាំកន្លះទេ ដែលអាការដំបូង ហើមមុខ និងលើសឈាម អ្នកស្រីបានទៅមន្ទីរពេទ្យ ខាងមន្ទីរពេទ្យ មិនបានធ្វើ រោគវិនិច្ឆ័យច្បាស់លាស់ទេ បានត្រឹមបើកថ្នាំលើសឈាម ឲ្យលេបនៅផ្ទះ ជារៀងរាល់ខែ ។ លុះជំងឺធ្វើទុក្ខខ្លាំង អ្នកគ្រូ បានទៅសម្រាកមន្ទីរពេទ្យ ក៏រកឃើញថា អ្នកគ្រូមានជំងឺខូចតម្រងនោមរ៉ាំរ៉ៃ ដំណាក់កាលទី៤ ខណៈដែលកន្លងមក អ្នកគ្រូ មានសុខភាពល្អធម្មតា ដោយមិនដែលឈឺអីធ្ងន់ទេ យ៉ាងច្រើនត្រឹមផ្ដាសាយធម្មតា និងបានលេបថ្នាំលើសឈាម តាមវេជ្ជបញ្ជារបស់គ្រូពេទ្យប៉ុណ្ណោះ ឯជំងឺខូចតម្រងនោមនេះ មិនដែលនឹកគិត សង្ស័យថានឹងកើតទេ ព្រោះអ្នកគ្រូ តែងប្រយ័ត្ននឹងភេសជ្ជៈផ្អែមដែរ ពុំសូវញ៉ាំញឹកញាប់ទេ ។ យ៉ាងណា ការកើតជំងឺនេះ អាចដោយសារតែមកពីអ្នកគ្រូ បណ្ដែតបណ្ដោយមិនទៅពិនិត្យតាមដានសុខភាពជាប្រចាំ និងមួយទៀត តាមការសន្និដ្ឋានពីគ្រូពេទ្យ ដំបូងឡើយ អ្នកគ្រូអាចកើតជំងឺទឹកនោមប្រៃ ហើយដោយសារគ្រប់គ្រងរបបអាហារមិនបានត្រឹមត្រូវ ក៏បណ្ដាលឲ្យកើតខូចតម្រងនោម (ខូចក្រលៀន) ដល់ដំណាក់កាលលាងឈាម តែម្ដង ។

ពាក់ព័ន្ធដល់ការតម្លៃនៃការលាងឈាម អ្នកគ្រូ បញ្ជាក់ថា អ្នកបានទៅលាងនៅមន្ទីរពេទ្យកាល់ម៉ែត ដោយត្រូវចំណាយអស់ច្រើន ទៅលើថ្នាំ គឺលាងម្ដង អស់១០០ដុល្លារ ហើយត្រូវចាក់ថ្នាំបណ្ដុះគ្រាប់ឈាមទៀត បើអត់ចាក់ទេ គ្រាប់ឈាមថយចុះ ធ្វើឲ្យមានការបញ្ចូលឈាមកាន់តែច្រើនថែមទៀត ។ ដូច្នេះបើគិតមកដល់ឥឡូវ ទាំងការព្យាបាល និងការលាងឈាម គឺចំណាយថវិកាអស់ច្រើន ព្រោះនៅខាងលាងឈាម គេអត់ត្រូវការប័ណ្ណ ប.ស.ស (លាងឈាមឥតគិតថ្លៃ) ទេ គឺ ប.ស.ស ប្រើអត់បានទេ តម្រូវឲ្យចំណាយថវិកាផ្ទាល់ខ្លួន ទាំងការលាងឈាម ទាំងថ្នាំចាក់ ។

ចំពោះការដូរក្រលៀន អ្នកគ្រូ ម៉េង ស្រីកា ប្រាប់ថា អ្នកគ្រូបានឮពីអ្នកជំងឺខូចក្រលៀនដូចគ្នា បង្ហើបថា បើចង់បានជោគជ័យ ត្រូវទៅដូរនិងព្យាបាលនៅប្រទេសឥណ្ឌា ព្រោះនៅទីនោះ ខាងវេជ្ជសាស្រ្តរបស់គេ ពួកែ ប៉ុន្តែត្រូវចំណាយថវិកាខ្ពស់ យ៉ាងតិចក៏ជាង ៥ម៉ឺនដុល្លារដែរ ដែលចំនួនប្រាក់នេះ ពិតជាច្រើនសម្រាប់ជីវិតជាគ្រូ បង្រៀនដូចអ្នកគ្រូណាស់ គឺអ្នកគ្រូ គ្មានលទ្ធភាពទេ ព្រោះសូម្បីតែប្រាក់សម្រាប់បង់ថ្លៃលាងឈាម ១សប្ដាហ៍ ២ដងនោះ រកមិនចង់បានផង គឺត្រូវយកទាំងប្រាក់ខែគ្រូ របស់អ្នកគ្រូ និងប្ដី ទៅទប់ តែបើពឹងតែប្រាក់ខែគ្រូ របស់អ្នកគ្រូ ម្នាក់ឯង មិនគ្រាន់ទេ ព្រោះក្រៅពីជាគ្រូបង្រៀន គ្រួសារអ្នកគ្រូ មិនមានមុខរបរអ្វីដើម្បីរកចំណូលបន្ថែមទេ ។ ហេតុដូច្នេះហើយ ទើបអ្នកគ្រូ ដាច់ចិត្តបង្ហោះតាមបណ្ដាញសង្គម អំពាវនាវរកថវិកាសប្បុរសជន យកទៅដូរក្រលៀន ព្រោះមានតែការដូរក្រលៀនទេ ទើបបន្តជីវិតរស់បានយូរ ឯការលាងឈាម បានត្រឹមជួយពន្យារជីវិតរយៈពេលខ្លីប៉ុណ្ណោះ ។

អ្នកគ្រូ ម៉េង ស្រីកា បានអំពាវនាវតាម «នគរធំ» ថា “ការដែលខ្ញុំផុសសុំជំនួយ ដោយចង់ឲ្យថ្នាក់ដឹកនាំជួយ ចង់ឲ្យអស់លោក ឯកឧត្ដម លោកជំទាវ ជួយខ្ញុំហ្នឹង ដោយសារតែខ្ញុំចង់រស់នៅបន្តទៅមុខ ព្រោះកូនខ្ញុំនៅតូច ត្រូវមើលថែ ហើយទី២ ខ្ញុំចង់នៅបន្តការងាររបស់ខ្ញុំជាគ្រូបង្រៀន ដែលខ្ញុំនៅស្រលាញ់ នៅចង់អប់រំក្មេងៗឲ្យបានយូរជាងហ្នឹងទៀត ។ ដូច្នេះជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវដល់សម្ដេចហ៊ុន សែន សម្ដេចហ៊ុន ម៉ាណែត សម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមលោកជួយកូនចៅនៅក្រោមឱវាទផង កូនចៅមានការខ្វះខាត កូនចង់រស់មែន កូនចៅចង់ព្យាបាលឲ្យជាទៅ ដើម្បីនៅបណ្ដុះបណ្ដាលក្មេងៗជំនាន់ក្រោយឲ្យបានច្រើនជាងហ្នឹងទៀត ។ សូមសម្ដេចពុក សម្ដេចម៉ែ ជួយកូនចៅផង ហើយកូនចៅក៏សូមថ្លែងអំណរគុណចំពោះសប្បុរសជនផ្សេងៗដែលគាត់បានជួយកូនចៅតិចតួចកន្លងមក ឲ្យកូនចៅបានលាងឈាម បានទៅពេទ្យ មានថវិកាខ្លះៗ ដើម្បីដោះស្រាយជីវភាពមួយរយៈពេល ហើយសូមឲ្យអ្នកទាំងអស់គ្នា និងសម្ដេចម៉ែ សម្ដេចពុក មានnសុខភាពល្អទាំងអស់គ្នា ហើយអ្វីដែលសំខាន់សម្រាប់ខ្ញុំ គឺចង់បានថវិកាយកទៅដូរក្រលៀន និងព្យាបាលឲ្យជាសះស្បើយ“ ៕ កុលបុត្រ


