Saturday, July 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមព្រះរាជអាជ្ញារង គ្រី សីហា ACU ឃាត់ខ្លួន

ព្រះរាជអាជ្ញារង គ្រី សីហា ACU ឃាត់ខ្លួន

ភ្នំពេញ ៖ លោកគ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដែលត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចផ្អាកមុខងារជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ចនិងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតពាក់ព័ន្ធនឹងការដោះលែងជនល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់ នោះ ពេលនេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) សម្រេចឃាត់ ខ្លួន។

តាមប្រភពអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឲ្យដឹងនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ថា នៅវេលាម៉ោង ៩ៈ៤៥នាទី ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចធ្វើការឃាត់ខ្លួនព្រះរាជអាជ្ញារងខេត្ត ពោធិ៍សាត់ គ្រី សីហា បន្ទាប់ពីការរកឃើញភ័ស្តុតាងនិងការស្តាប់ចម្លើយដែលមានលក្ខណៈស៊ីចង្វាក់គ្រប់គ្រាន់ ដែលលោកព្រះរាជអាជ្ញារងរូបនេះ បានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះលែងមនុស្ស៥នាក់ (ប្រុសចិន ម្នាក់ និងស្រីវៀតណាម ៤នាក់) នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនធ្វើនីតិវិធីទៅលើជនទាំង៥នាក់ ដែលសមត្ថកិច្ចរកឃើញក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមអនឡាញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។

លោកយ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ នៃអង្គភាពប្រឆាំងទៅពុកលួយ ដែលដឹកនាំការស៊ើបអង្កេតនេះ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់មន្ត្រីចេញទៅខេត្តពោធិ៍សាត់ ភ្លាមៗ នៅពេលអធ្រាត្រថ្ងៃទី១៦ ខែកក្តដា ហើយថ្ងៃទី១៨ ខែកក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីស៊ើបអង្កេត របស់អង្គភាពប្រឆាំងពុកលួយ បានចុះទៅស្រាវជ្រាវប្រមូលភ័ស្តុតាង ដល់ទីកន្លែងឃុំថ្មដា។

លោកហ៊ូ ស្ថាបនា អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប្រធានក្រុមស៊ើបអង្កេតផ្ទាល់ករណីនេះ បានស្តាប់ចម្លើយលោក គ្រី សីហា និងអ្នកពាក់ព័ន្ធមួយចំនួនទៀត រហូតដល់ឃើញមានបន្ទុកគ្រប់គ្រាន់ ទើបសុំការអនុញ្ញាតពីប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការឃាត់ខ្លួនលោកគ្រី សីហា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងារលោកគ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ច ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ទាក់ ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។ ការសម្រេចនេះ បានធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

RELATED ARTICLES