ខេត្តព្រះវិហារ ៖ បន្ទាប់ពីប្រាសាទព្រះវិហារ សម្បត្តិវប្បធម៌របស់កម្ពុជា និងជាបេតិកភណ្ឌពិភពលោក ត្រូវបានទាហានថៃឈ្លានពាន ប្រើយន្តហោះទម្លាក់គ្រាប់បែក បាញ់គ្រាប់ផ្លោងគ្រប់ប្រភេទ និងគ្រាប់បែកចង្កោម ចង់កម្ទេចប្រាសាទបេតិកភណ្ឌពិភពលោកមួយនេះ ឲ្យរងការខូចខាតធ្ងន់ តែត្រូវកងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កម្ពុជា វាយបកប្រយុទ្ធតតាំងដោយជោគជ័យមក អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានលើកឡើងថា ក្នុងអតីតសង្គ្រាមពីមុនមក គ្មានគ្រាប់បែកធុនធ្ងន់ ត្រូវបានទម្លាក់នៅប្រា សាទព្រះវិហារ នោះទេ ព្រោះប្រាសាទព្រះវិហារ ជាទីតាំងដ៏ស័ក្តិសិទ្ធិបំផុត សូម្បីតែអតីតព្រះមហាក្សត្រសៀម ឡើងសោយរាជ្យ ក៏យកទឹកមន្តពីប្រាសាទព្រះវិហារ ដើម្បីប្រោះព្រំឫទ្ធីអំណាចដែរ ។ ដូចនេះថៃ បាញ់បំផ្លាញប្រាសាទព្រះវិហារ នឹងទទួលនូវផលកម្មវិនាសហិនហោចមិនខានឡើយ ។

លោកហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ថា «ប្រាសាទព្រះវិហារ ត្រូវបានទាហានឈ្លានពានសៀម ប្រើប្រាស់ការទម្លាក់គ្រាប់បែក MK-82 (ទម្ងន់ប្រមាណ ២៣០គ.ក) ជាច្រើនគ្រាប់ រួមនិងគ្រាប់ផ្លោងគ្រប់ប្រភេទ ជាពិសេសគ្រាប់ផ្លោង ១៥៥ម.ម ជាមួយគ្រាប់បែកចង្កោម ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោកមួយនេះ!! ក្នុងស្មារតីការពារបូរណភាពទឹកដី និងប្រាសាទព្រះវិហារ កេរមរតកដូនតាខ្មែរ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កម្ពុជា បានវាយបកប្រយុទ្ធតតាំងជាមួយខ្មាំងឈ្លានពាន ប្រកបដោយជោគជ័យ។

រយៈពេលជាង ៥០ឆ្នាំមកហើយ ពោលគឺចាប់ខែឧសភា ឆ្នាំ១៩៧៥ ដែលគ្រាប់បែក MK-82 បានបាត់សំឡេងផ្ទុះលើទឹកដីនៃមាតុភូមិនេះ! ក្នុងអតីតសង្គ្រាមនោះ គ្មានគ្រាប់បែក MK-82 ត្រូវបានទម្លាក់នៅប្រាសាទព្រះវិហារ នោះទេ!

ប្រាសាទព្រះវិហារ ជាទីតាំងដ៏ស័ក្តិសិទ្ធិបំផុត សូម្បីតែអតីតព្រះមហាក្សត្រសៀម ឡើងសោយរាជ្យ ក៏យកទឹកមន្តពីប្រាសាទព្រះវិហារ ដើម្បីប្រោះព្រំឫទ្ធីអំណាចផងដែរ ។ ដូចនេះរដ្ឋណា ឬអ្នកណាបំផ្លាញប្រា សាទព្រះវិហារ នឹងទទួលនូវផលកម្ម វិនាសហិនហោចវិញមិនខានឡើយ!!» ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលកងទ័ពថៃ បានបាញ់ដោយអាវុធ បំផ្លាញប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោកនេះ ពោលគឺទាហានថៃ ធ្លាប់បានបាញ់បំផ្លាញឲ្យខូចខាតដោយអន្លើ ជាច្រើនលើកមកហើយ ជាពិសេសលើកចុងក្រោយនេះ គឺរំលងគ្នាតែ៣ថ្ងៃប៉ុណ្ណោះ ទាហានថៃ បានបាញ់ប្រហារ ឬម្លាក់គ្រាប់ បែក មកលើប្រាសាទព្រះវិហារ ហើយត្រូវបានក្រសួងវប្បធម៌កម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ជាបន្តបន្ទាប់ ព្រំទាំងបានរាយការណ៍ទៅខាងអង្គការយូណេស្កូ ឲ្យមានចំណាត់ការទៅលើទាហានឈ្លានពានថៃ នោះផងដែរ។
ជាក់ស្តែង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអំពើឈ្លានពានដែលបានកើតឡើងជាថ្មី ដែលបានធ្វើឲ្យប្រាសាទព្រះវិហារ រងការខូចខាតធ្ងន់ធ្ងរ និងគ្រោះថ្នាក់មិនធ្លាប់មានពីមុនមក។
សេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសការបន្តការវាយប្រហារលើប្រាសាទព្រះវិហារ ដោយកងកម្លាំងប្រដាប់អាវុធថៃ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា «ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការបាញ់ផ្លោងលើប្រាសាទព្រះវិហារ ដោយកងកម្លាំងប្រដាប់អាវុធ នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។

អំពើឈ្លានពានដែលបានកើតឡើងជាថ្មីទាំងនេះ បានធ្វើឲ្យប្រាសាទស្ថិតក្នុងភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់មិនធ្លាប់មានពីមុនមក។ ផ្នែកសំខាន់ៗនៃរចនាសម្ព័ន្ធ និងទេសភាពដ៏ពិសិដ្ឋ ជុំវិញរបស់វា ត្រូវបានខូចខាត ឬបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ក្នុងនាមជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ប្រាសាទព្រះវិហារ ឈរជានិមិត្តរូបនៃអត្តសញ្ញាណជាតិ ភាពបន្តប្រវត្តិសាស្ត្រនិងបេតិកភណ្ឌខាងវិញ្ញាណរបស់កម្ពុជា។ ការវាយប្រហារទាំងនេះ មិនត្រឹមតែរំលោភលើអធិបតេយ្យរបស់កម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កគ្រោះថ្នាក់ដល់បេតិកភណ្ឌវប្បធម៌រួមរបស់មនុស្សជាតិផងដែរ។
ការកំណត់គោលដៅដោយចេតនាលើវិមានវប្បធម៌និងសាសនា ដ៏ល្បីលើពិភពលោកនេះ ជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមមាន ៖
-អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ1954 សម្រាប់ការការពារទ្រព្យសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធ;
-ពិធីសារទីពីរនៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ1999;
-អនុសញ្ញាបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ឆ្នាំ១៩៧២;
-លក្ខន្តិកៈទីក្រុងរ៉ូម នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលការបំផ្លិចបំផ្លាញដោយចេតនានៃបេតិកភណ្ឌវប្បធម៌ អាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម។
-ទំនួលខុសត្រូវរបស់ប្រទេសថៃ ក្នុងឋានៈជារដ្ឋភាគីនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្សនិងលើកកម្ពស់ប្រាសាទព្រះវិហារ ដែលបង្កើតឡើងដោយសេចក្តីសម្រេចរបស់អង្គការយូណេស្កូ (UNESCO) ឆ្នាំ២០១៤។

ក្រសួង អំពាវនាវជាបន្ទាន់ ដល់ព្រះរាជាណាចក្រថៃ ៖
-បញ្ឈប់ជាបន្ទាន់នូវរាល់ប្រតិបត្តិការយោធាដែលផ្តោតលើប្រាសាទព្រះវិហារ និងតំបន់ការពាររបស់ប្រាសាទ។
-គោរពយ៉ាងពេញលេញនូវកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិរបស់ខ្លួន ក្រោមអនុសញ្ញានិងកិច្ចព្រមព្រៀងខាងលើ។
ក្រសួង ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ រួមទាំងអង្គការយូណេស្កូ អង្គការសហប្រជាជាតិ និងអង្គការវប្បធម៌ និងសិទ្ធិមនុស្សទាំងអស់ ឱ្យ ៖
-អំពាវនាវឱ្យរដ្ឋាភិបាល និងយោធាថៃ បញ្ឈប់ការបាញ់ប្រហារ បញ្ចប់អរិភាព និងគោរពអធិបតេយ្យរបស់កម្ពុជា។

-គោលនយោបាយថ្កោលទោសការបន្តឈ្លានពានរបស់ប្រទេសថៃ ប្រឆាំងនឹងបេតិកភណ្ឌវប្បធម៌។
-ចាត់វិធានការការទូតនិងផ្លូវច្បាប់ ជាបន្ទាន់ ដើម្បីឱ្យអ្នកទទួលខុសត្រូវ ទទួលខុសត្រូវ។
-ដាក់ពង្រាយអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីវាយតម្លៃពីទំហំនៃការខូចខាត និងជួយការពារទីតាំង។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងបន្តចងក្រងឯកសាររាល់អំពើបំផ្លិចបំផ្លាញ និងបន្តតាមនីតិវិធីច្បាប់ នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) និងស្ថាប័នអន្តរជាតិពាក់ព័ន្ធផ្សេងទៀត ដើម្បីស្វែងរកយុត្តិធម៌ និងសំណង។

ព្រះរាជាណាចក្រកម្ពុជា នៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តការពារបេតិកភណ្ឌវប្បធម៌របស់ខ្លួន និងប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាព យុត្តិធម៌ និងច្បាប់អន្តរជាតិ»៕ ខៀវទុំ
