Saturday, April 27, 2024
Homeព័ត៌មានជាតិមន្ត្រី​អគ្គិ​សនី​ឡើង​ត​ភ្លើង​ ភ្លាត់​ស្នៀត​ ឆក់​របួស​២នាក់​

មន្ត្រី​អគ្គិ​សនី​ឡើង​ត​ភ្លើង​ ភ្លាត់​ស្នៀត​ ឆក់​របួស​២នាក់​

ខេត្តកំពង់ឆ្នាំង ៖ បុរស២នាក់ ជាមន្ត្រី អគ្គិសនីប្រចាំខេត្តកំពង់ឆ្នាំង បានឡើងតបណ្តាញ អគ្គិសនីនៅលើ បង្គោលភ្លើងមួយដើម ស្រាប់តែ អកុសលភ្លាត់ស្នៀតត្រូវឆ្លងចរន្តអគ្គិសនី ឆក់ជាប់ នឹងបង្គោលម្នាក់ រងរបួសធ្ងន់ ចំណែកម្នាក់ទៀត រងរបួសស្រាល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចបង្គោល អគ្គិសនីមួយកន្លែង ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

មន្ត្រីអគ្គិសនីទាំង២នាក់ ដែលត្រូវចរន្ត អគ្គិសនីឆក់នោះ រួមមាន ទី១ឈ្មោះហ៊ិន កក្កដា អាយុ៣០ឆ្នាំ មានលំនៅ ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង (រងរបួសស្រាល) និងទី២ឈ្មោះ លី ចាន់ធឿន អាយុ២៥ឆ្នាំ ស្នាក់នៅភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ និងមានស្រុកកំណើត នៅខេត្តកំពង់ចាម (រងរបួសធ្ងន់ ឆក់ជាប់នឹង បង្គោលភ្លើង)

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ មន្ត្រីអគ្គិសនីខេត្តកំពង់ឆ្នាំង បានរៀបចំខ្សែបណ្តាញ និងបំពាក់គ្រឿង ឧបករណ៍បច្ចេកទេសថ្មី ចាប់ពីផ្លូវ ទៅផ្សារក្រោម ហើយចរន្តអគ្គិសនីត្រូវកាត់ផ្តាច់មួយព្រឹក ដើម្បី ទុកឱកាសឱ្យក្រុមការងារជំនាញ រៀបចំត បណ្តាញសិន។ បន្ទាប់មក ក្រុមការងារបានឡើងតបណ្តាញ បានចំនួន១០បង្គោល រួចមកហើយ មិនមាន បញ្ហាអ្វីនោះទេ លុះនៅសល់បង្គោលចុងក្រោយ នេះ ក៏ត្រូវមន្ត្រីអគ្គិសនីរងគ្រោះទាំង២នាក់ ខាងលើ បានឡើងទៅបំពាក់ឧបករណ៍អគ្គិសនី និងដាក់បណ្តាញខ្សែថ្មី ស្រាប់តែបន្តិចក្រោយ មក ក្នុងពេលដែល ជនរងគ្រោះទាំង២នាក់ កំពុងបំពេញការងារ ឆ្លងចរន្តអគ្គិសនីឆក់ជនរងគ្រោះ ទាំង២នាក់ បណ្តាលឱ្យ ជនរងគ្រោះ ឈ្មោះលន់ ចាន់ធូ ដែលពុំមានពាក់ខ្សែក្រវាត់ការពារ រងរបួសធ្ងន់ ឆក់ជាប់នឹងបង្គោលភ្លើង ចំណែក ជនរងគ្រោះឈ្មោះហ៊ីម កក្កដា មានពាក់ខ្សែក្រវាត់ ការពារ គ្រាន់តែទទួល រងរបួសស្រាលប៉ុណ្ណោះ។

មន្រ្តីអគ្គិសនីដែលត្រូវភ្លើងឆក់
មន្រ្តីអគ្គិសនីដែលត្រូវភ្លើងឆក់

ក្រោយកើតហេតុក្រុមការងារ បានបញ្ជា គ្រឿងចក្រមួយគ្រឿង លាប្រមោយដងសន្ទូច ឱ្យមន្ត្រីអគ្គិសនីម្នាក់ ឡើងទៅចងផ្អោបជនរងគ្រោះ ដាក់ចុះមកក្រោម និងប្រញាប់ ដឹកបញ្ជូនតាមរថយន្តសង្គ្រោះ ទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំង ដើម្បីសង្គ្រោះជីវិតភ្លាមៗ។ លុះទៅដល់ ក្រុមគ្រូពេទ្យ បានបញ្ជាក់ថា ជនរងគ្រោះ មានរបួសធ្ងន់ តែមិនប៉ះពាល់ដល់អាយុ ជិវិតនោះទេ ពោលគឺនៅអាចសង្គ្រោះបាន។

ជុំវិញករណីខាងលើនេះ មន្ត្រីអគ្គិសនីដែល រួមការងារជាមួយជនរងគ្រោះឆ្ងល់ថា មូលហេតុអ្វី បានជាមានចរន្តអគ្គិសនី ឆ្លងកាត់? ព្រោះចរន្តអគ្គិសនីមេ ត្រូវបានកាត់ផ្តាច់ទាំងស្រុង ទៅហើយ នៅមុនពេលដែល ក្រុមការងារចេញមក រៀបចំតបណ្តាញថ្មី នៅទីតាំងកើតហេតុនេះ។

3

ឆ្លើយតបទៅនឹងករណីខាងលើនេះ លោក ស រនាថ មេការក្រុមហ៊ុនអគ្គិសនី ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅមុនពេលដែលឱ្យជនរងគ្រោះ ឡើងតភ្លើងនៅលើបង្គោល គឺក្រុមហ៊ុន បានបិទចរន្តអគ្គិសនី នៅតាមលីង ឆ្ពោះទៅផ្សារក្រោម រួចរាល់ហើយ។ ប៉ុន្តែជាធម្មតា នៅពេលចរន្តអគ្គិសនីបានផ្តាច់ ប្រជាពលរដ្ឋ ដែលមាន ម៉ាស៊ីនភ្លើងនៅតាមផ្ទះ ចាំបាច់ត្រូវការប្រើប្រាស់ភ្លើង និងត្រូវបញ្ឆោះម៉ាស៊ីនភ្លើង។ ហេតុនេះ ទើបមាន ចរន្តអគ្គិសនី ឆ្លងចេញពីផ្ទះណាមួយ រត់តាមបង្គោលភ្លើង បង្កឱ្យឆក់ជនរងគ្រោះ ទាំង២នាក់ ដែលកំពុងបំពេញ ការងារបែបនេះតែម្តង”

RELATED ARTICLES