ភ្នំពេញ ៖ យុវជនម្នាក់ ខឹងសុំលុយម្តាយ ចំនួន១ម៉ឺនរៀល មិនបាន ស្រាប់តែដុតផ្ទះចោល បង្កឱ្យមានការឆាបឆេះ ផ្អើលដល់សមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។ករណីអគ្គិភ័យ កូនប្រុសបង្កើត ដុតផ្ទះម្តាយខ្លួនឯងនេះ បានកើតមានកាលពីវេលាម៉ោង១១និង ២៥នាទី ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាប់ឆេះចេញពីជាន់ទី១ នៃអគារផ្ទះល្វែងផ្អែង ហុយទ្រលោម បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយ ប្រជាពលរដ្ឋនៅក្បែរខាង នាំគ្នាជួយពន្លត់និងទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យ ដើម្បី អន្តរាគមន៍។

តាមស្ត្រីជាម្ចាស់ផ្ទះ បានឱ្យដឹងថា មូលហេតុដែលបណ្តាឱ្យកើតមានអគ្គិភ័យនេះ គឺកូនប្រុសញៀនថ្នាំរបស់គាត់ ជាអ្នកដុត ដោយសារតែ ខឹងសុំលុយចំនួន ១ម៉ឺនរៀល មិនបាន។

តាមប្រភពសមត្ថកិច្ចជំនាញការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅក្នុងហេតុការណ៍អគ្គិភ័យនេះ រថយន្តពន្លត់អគ្គិភ័យ ចំនួន ៤គ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់ ហើយភ្លើងបានរលត់ទៅវិញ ពុំបណ្តាលឱ្យ ឆេះរាលដាលដល់លំនៅឋាននៅក្បែរនោះឡើយ។

ប្រភពដដែល បន្តថា អគ្គិភ័យនេះ បណ្តាលឱ្យសម្ភារៈមួយចំនួន នៅជាន់ទី១ បានរងការខូចខាត តែពុំបណ្តាលឱ្យមនុស្សរងរបួសឡើយ។
ករណីនេះ ជនដៃដល់ ដែលត្រូវជាកូនប្រុសម្ចាស់ផ្ទះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅសាកសួរ និងចាត់ ការបន្តតាមនីតិវិធី៕



