ខេត្តព្រះវិហារ ៖ អាជ្ញាធរមីន ចុះផ្សព្វផ្សាយការយល់ដឹងអំពីគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅទីតាំងសុវត្ថិភាពក្នុងខេត្តព្រះវិហារ ក្រោយពេលទាហានថៃ ត្រូវបានរាយការណ៍ថា បានប្រើគ្រាប់បែកចង្កោម លើដែនដីកម្ពុជា។

ការចុះណែនាំពីគ្រោះថ្នាក់នេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ និងដឹកនាំដោយលោកលី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន។
លោកលី ធុជ ថ្លែងថា ក្នុងនាមជាខ្មែរមួយរូប លោកចូលរួមឈឺចាប់ និងត្រូវផ្តល់កម្លាំងចិត្ត និងក្តីសង្ឃឹមដល់ជនភៀសសឹកទាំងអស់ ដែលប្រឈមនឹងភាពភ័យខ្លាច ភាពអត់ធ្មត់ក្នុងអំឡុងពេលភៀសខ្លួន និងការរួបរួមគ្នានៅក្នុងអំឡុងពេលដ៏ខ្មៅងងឹតនេះ។

លោកថ្លែងថា ដោយសារសង្គ្រាម ប្រជាពលរដ្ឋត្រូវចាកចោលផ្ទះសម្បែង ភៀសខ្លួនចេញពីគ្រាប់រំសេវ ដឹកកូនចៅ តាយាយចាស់ជរា និងទ្រព្យសម្បត្តិបន្តិចបន្តួច យកតាមខ្លួន។ នៅពេលស្ថានភាពបានធូរស្រាល ពួកគាត់នឹងត្រឡប់ទៅផ្ទះសម្បែងវិញ ប៉ុន្តែពួកគេត្រូវប្រឈមនឹងគ្រោះថ្នាក់ដែលបន្សល់ទុកដោយសង្គ្រាម។ ហេតុដូច្នេះហើយ បានជាវាជាការចាំបាច់ក្នុងការយល់ដឹងពីសំណល់ពីសង្គ្រាម និងការបង្កគ្រោះថ្នាក់របស់វា។

លោកថ្លែងថា “សំណល់ជាតិផ្ទុះពីសង្គ្រាម ពិតជាគ្រោះថ្នាក់ខ្លាំង ហើយនៅពាសពេញស្រែចម្ការ ព្រៃភ្នំ និងតាមច្រាំងទន្លេ។ ប៉ុន្តែប្រសិន បើបងប្អូន កូនក្មួយ ស្គាល់គ្រាប់ទាំងនេះ អាចចៀសចេញពីវា ហើយចេះរាយការណ៍អំពីវា នោះគ្រោះថ្នាក់ទាំងនេះ នឹងបាត់រសាត់អស់ជាមិនខាន។ អ្វីដែលបងប្អូនជនភៀសសឹក បានរៀនសូត្រ និងស្វែងយល់នៅថ្ងៃនេះ នឹងអាចជួយសង្គ្រោះអាយុជីវិតមនុស្សជាទីស្រលាញ់របស់ខ្លួន”។

ពាក់ព័ន្ធនឹងបទឈប់បាញ់ដែលបានឯកភាពកាលពីថ្ងៃទី២៨ កក្កដា លោក លី ធុជ បានថ្លែងថា “វាជាក្តីសង្ឃឹមរបស់យើងទាំងអស់គ្នា ហើយយើងត្រូវរក្សាវាឱ្យបានល្អ”។ លោកបន្ថែមថា ថ្នាក់ដឹកនាំកម្ពុជាតែងផ្តល់តម្លៃដល់សន្តិភាព ដោយចាត់ទុកវាជា “មូលដ្ឋានគ្រឹះនៃជីវិត”។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរមីន បានស្នើទៅអង្គការអន្តរជាតិ ឱ្យបញ្ជូនអ្នកជំ នាញឯករាជ្យ ដើម្បីកត់ត្រាការប្រើប្រាស់គ្រាប់បែកចង្កោម របស់កងទ័ពថៃ ក្នុងការប្រយុទ្ធជាមួយកម្ពុជា ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៥ ៕