Friday, August 1, 2025
Homeសង្គម និងជីវិតមេប៉ូលិសការពារព្រំដែន ច្រកតាថាវ រួចជីវិតពីគ្រាប់បែកយន្តហោះថៃ F-16

មេប៉ូលិសការពារព្រំដែន ច្រកតាថាវ រួចជីវិតពីគ្រាប់បែកយន្តហោះថៃ F-16

ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ស៊ុន វណ្ណៈ មេបញ្ជារងវរសេនាតូចការពារព្រំដែន លេខ៧៩៥ ច្រកតាថាវ ខេត្តព្រះវិហារ ដែលបានប្រកៀកស្មារជាមួយកងយោធពលខេមរភូមិន្ទ តស៊ូការពាទឹកដី អស់រយៈពេល ៥យប់ ៦ថ្ងៃ ប្រឆាំងទាហានសៀមឈ្លានពាន ដែលបានវាយប្រហារដោយកាំភ្លើងធំ និងទម្លាក់គ្រាប់បែកពីលើយន្តហោះ F-16 ផងនោះ ទីបំផុតបានរួចរស់ជីវិត ត្រឡប់មកផ្ទះវិញ។

លោកវរសេនីយ៍ទោ ស៊ុន វណ្ណៈ មេបញ្ជារងវរសេនាតូចការពារព្រំដែន លេខ៧៩៥ ប្រចាំច្រកតាថាវ ខេត្តព្រះវិហារ ឈរជើងនៅចម្ការចេក (ចន្លោះវាលឥន្ទ្រី និងប្រាសាទព្រះវិហារ)។

លោកទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របសើលោក នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ថា “វរសេនីយ៍ទោ ស៊ុន វណ្ណៈ មេបញ្ជារងវរសេនាតូចការពារព្រំដែន លេខ៧៩៥ (ច្រកតាថាវ ព្រះវិហារ) តស៊ូតតាំងអស់រយៈ ៥យប់ ៦ថ្ងៃ ប្រឆាំងសត្រូវឈ្លានពាន ដោយប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ…”។

ដោយឡែក លោកថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)  បានដែលបានចុះទៅជួបលោកវរសេនីយ៍ទោ ស៊ុន វណ្ណៈ ដោយផ្ទាល់ បានសរសេរនៅក្នុងទំព័រហ្វេសប។ុក របស់លោក នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថា “លោកស៊ុន វណ្ណៈ កងកម្លាំងជួរមុខ រួចផុតពីការស្លាប់ដោយការទម្លាក់គ្រាប់ បែកយន្តហោះ F-16 នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ខ្ញុំបានជួបវីរភាពកងកម្លាំងជួរមុខ ដែលរួចផុតពីការស្លាប់ដោយការទម្លាក់គ្រាប់បែក ៣គ្រាប់ ពីយន្តហោះ F-16 ថៃ នៅតំបន់ចម្ការចេក នៃចន្លោះវាលឥន្ទ្រី តំបន់ព្រះវិហារ ក្នុងសង្គ្រាមឈ្លានពានថៃ មកលើព្រំដែនកម្ពុជា ចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥…”។

លោកថេង សាវឿន បានបន្តថា “ការតស៊ូរបស់វីរៈកងទ័ពជួរមុខ ក្នុងស្ថានភាពតានតឹងនៃសង្គ្រាមបន្ទាន់ ដែលកើតឡើងនៅព្រំដែនខាងជើង នៃប្រទេសកម្ពុជា ដោយការឈ្លានពានពីកងទ័ពថៃ វីរៈកងទ័ពជួរមុខខ្មែរ បានក្លាយជាបន្ទាយមុខដ៏រឹងមាំ ក្នុងការពារទឹកដី និងអធិបតេយ្យ ភាពជាតិ នៅគ្រានោះ។ ពួកគេបានឈរតស៊ូទាំងថ្ងៃទាំងយប់ ដោយមិនខ្លាចភាពនៃសេចក្តីស្លាប់។

កងទ័ពខ្មែរជួរមុខ បានបង្ហាញនូវចិត្តខ្មែរ ដែលមិនព្រមបោះបង់ដែនដីជាទីស្រឡាញ់ មិនព្រមឱ្យគេរំលោភអធិបតេយ្យជាតិ និងបានប្រើកម្លាំងទាំងកាយ ស្មារតី និងបច្ចេកទេសយុទ្ធសាស្ត្រ ដើម្បីទប់ស្កាត់សត្រូវ នៅគ្រប់ទិសតំបន់ឈរជើង។ ពួកគេបានបញ្ជាក់ថា ការឈានទៅខាងមុខ តស៊ូជាមួយសត្រូវឈ្លានពាន គឺមិនមែនសម្រាប់ខ្លួនឯងទេ ប៉ុន្តែសម្រាប់ជាតិ សាសនា និងព្រះមហាក្សត្រ។ ទោះបីតំបន់ប្រយុទ្ធពោរពេញដោយគ្រោះថ្នាក់ និងអាកាសធាតុលំបាកខ្លាំង កងទ័ពខ្មែរ បានបង្ហាញនូវវីរៈភាព ស្មោះត្រង់ និងមានវិន័យខ្ពស់។ ពួកគេមិនត្រឹមតែជាអ្នកប្រយុទ្ធប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកការពារ និងជាខឿនរបស់ប្រជាពលរដ្ឋ ដែលត្រូវបានយាយីដោយសត្រូវ ក្នុងតំបន់សង្គ្រាម។ ស្មារតីវីរៈភាពនៃកងទ័ពខ្មែរជួរមុខនេះ មិនត្រឹមជាការចងចាំសម្រាប់ពលរដ្ឋសព្វថ្ងៃទេ ប៉ុន្តែគួរត្រូវបានកត់នៅក្នុងប្រវត្តិសាស្ត្រ ជាជំនាន់បន្តនៃអ្នកជំនាន់ក្រោយ សម្រាប់ប្រវត្តិ សាស្ត្រវីរជនខ្មែរ។ ពួកគេបានបញ្ជាក់ថា “យើងអាចស្លាប់បាន ប៉ុន្តែដែនដីមួយផ្នែកក៏មិនអាចបាត់បានឡើយ” ឃ្លាខ្លីប៉ុណ្ណោះ ប៉ុន្តែបង្ហាញនូវអារម្មណ៍នៃការស្រឡាញ់ជាតិ ដ៏ជ្រាលជ្រៅ។ វីរៈភាពរបស់កងទ័ពជួរមុខ គឺជារបាំងខឿនការពារសត្រូវ និងជាទង់ជាតិក្នុងចិត្តរាប់លានបេះដូងខ្មែរ…”។

ជាមួយគ្នានេះ ក្នុងបទសម្ភាសផ្តាល់ជាមួយលោកថេង សាវឿន លោកវរសេនីយ៍ទោ ស៊ុន វណ្ណៈ បានបញ្ជាក់ប្រាប់ថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៩និង២០នាទី លោក និងកម្លាំង ២នាក់ទៀត បានដើរពីចម្ការចេក ឡើងទៅវត្ត លុះពេលចុះមកវិញ ក៏មានកម្លាំងម្នាក់ទៀត ជិះម៉ូតូមក ដោយប្រាប់លោកថា គេចូលលេណដ្ឋានអស់ហើយ ទើបលោកបានឱ្យកម្លាំង ២នាក់ទៀត ជិះម៉ូតូទៅមុន ចំណែកលោកដើរ លុះគ្រាន់តែដល់ចម្ការចេក ស្រាប់តែឮសំឡេងកាំភ្លើងខាងថៃ បាញ់មុនតែម្តង ដោយបាញ់ចូលវត្ត ហើយលោកបានឱ្យកម្លាំងផ្ទៀងម៉ោងមើល ឃើញថានៅម៉ោង ៩និង២០នាទី គឺទាហានថៃ ជាអ្នកបាញ់យើងមុន ដោយបាញ់បុកចូលវត្តតែម្តង។

លោកវរសេនីយ៍ទោ ស៊ុន វណ្ណៈ បានបញ្ជាក់ថា “ដំបូងឡើយ លើកទី១ យន្តហោះ F-16 របស់ថៃ មិនទាន់ទម្លាក់គ្រាប់ទេ តែបានបាញ់ចូលវាលឥន្ទ្រី ដោយយន្តហោះនោះ ហោះលើវាលឥន្ទ្រី និងចម្ការចេក លុះដល់លើកទី២ យន្តហោះ F-16 បានទម្លាក់គ្រាប់បែកវិញម្តង ដោយដំបូង វាមកសំកាំងលើតំបន់ចម្ការចេក និងវាលឥន្ទ្រី រួចក៏ទម្លាក់គ្រាប់បែក លើចម្ការចេក ចំនួន៣គ្រាប់ ពេលវាទម្លាក់ហើយ វាហោះទៅវិញបាត់ រួចហើយក៏ចូលមកទម្លាក់ម្តងទៀត តែមិនបង្កឱ្យកម្លាំងរបស់យើងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ…”។

លោក ស៊ុន វណ្ណៈ បានឱ្យដឹងថា ដោយសារតែលោកធ្លាប់បានឆ្លងកាត់សមរភូមិ កន្លងមកច្រើនឆ្នាំហើយ ទើបលោកមិនសូវជួបការលំបាកខ្លាំងនោះទេ ប៉ុន្តែអ្វីដែលលោកបារម្ភនោះ គឺបារម្ភពីមិត្តរួមអាវុធ កម្លាំងដែលនៅក្នុងក្រុមជាមួយគ្នា ដែលខ្លះនៅក្មេងខ្ចី មិនធ្លាប់ឆ្លងកាត់ សមរភូមិ តែយ៉ាងណា ពួកគេសុទ្ធតែមានទឹកចិត្តមោះមុតក្លាហានគ្រប់គ្នា ដោយឈរលើពលិកម្មដើម្បីជាតិ។

លោកវរសេនីយ៍ទោ ស៊ុន វណ្ណៈ បានបបន្តថា “ជាធម្មតា សង្គ្រាម តែកើតឡើងហើយ អ្នកណាក៏ភ័យដែរ តែងតែភ័យទាំងអស់គ្នាហ្នឹង ប៉ុន្តែដើម្បីជាតិ ដើម្បីតួនាទីភារកិច្ចរបស់យើង គឺយើងត្រូវតែបំពេញការងារហ្នឹង…”។

ចំពោះការហូបចុកនៅអំឡុងពេលប្រយុទ្ធគ្នាជាមួយក្រុមទ័ពចោរសៀមនោះ លោកវរសេនីយ៍ទោ ស៊ុន វណ្ណៈ បានឱ្យដឹងថា ចំពោះស្បៀង នៅអំឡុងពេលប្រយុទ្ធ គឺមេៗថ្នាក់លើ មានវិធីចាត់ចែងឱ្យកម្លាំងជួរមុខទាំងអស់ ត្រៀមរួចរាល់អស់ទៅហើយ មានតាំងពីទឹក មានតាំងពីអាហារក្រៀម ប្រហុក ផ្អក មីកញ្ចប់ អាចប្រើប្រាស់រយៈពេលដល់ទៅ ១ខែឯណោះ និយាយរួម គឺថ្នាក់លើ មើលការខុសត្រូវ ទំនុកបម្រុង ប្រៀបបាននឹងឪពុកម្តាយមើលថែកូនយ៉ាងដូច្នោះដែរ។

ជាចុងក្រោយ លោកវរសេនីយ៍ទោ ស៊ុន វណ្ណៈ សំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋដែលនៅសមរភូមិក្រោយ ធ្វើយ៉ាងណាជួយដល់កងកម្លាំងជួរមុខ ទាំងកងទ័ព ទាំងនគរបាល និងកម្លាំងអាវុធហត្ថ ដែលការពារព្រំដែនទាំងអស់ ព្រោះគ្រប់កម្លាំងទាំងអស់ នៅជាមួយគ្នា ប្រកៀកស្មាគ្នា ប្រយុទ្ធតតាំងជាមួយក្រុមចោរឈ្លានពាន ដោយក្លាហានខ្លាំងណាស់ ដើម្បីជាតិមាតុភូមិ៕

RELATED ARTICLES