ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យសោកសង្រេងបំផុត សម្រាប់វីរយុទ្ធជនជួរមុខមួយរូប ដែលគេដាក់រហស្សនាមថា “ឪចាស់” កំពុងជាប់ដៃច្បាំងជាមួយនឹងសត្រូវសៀម ឈ្លានពានទឹកដីកម្ពុជា ស្រាប់តែម្តាយចំណាស់ វ័យ៨០ឆ្នាំ នៅឯផ្ទះ ឮដំណឹង ភ័យតក់ស្លុត រហូតគាំងបេះដូងស្លាប់ ខណៈដែលកូនប្រុសកំពុងប្រយុទ្ធក្នុងសមរភូមិជួរមុខ រយៈពេល៥យប់ ៥ថ្ងៃ មិនបានមកចូលរួមពិធីបុណ្យសព បានត្រឹមក្រាបសំពះផ្នូរម្តាយ ក្រោយពេលបទឈប់បាញ់ ចូលជាធរមាន។

យោធិនដ៏អង់អាចក្លាហាននោះ មានឈ្មោះ ព្រិន្ទបាលឯក អ៊ុក គា ហៅលោកឪចាស់ ជាមន្ត្រីយោធានៅវរសេនាតូចការពារព្រំដែន លេខ៣៧១ នៃកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ និងជាយុទ្ធជនជួរមុខ ឈរជើងការពារទឹកដី នៅតំបន់សមរភូមិភ្នំខ្មោច មានស្រុកកំណើតនៅភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

គួរបញ្ជាក់ថា ខណៈដែលលោក អ៊ុក គា កំពុងជាប់ដៃច្បាំងជាមួយនឹងទាហានចោរសៀមឈ្លានពានទឹកដី ពេញ៥ថ្ងៃ ៥យប់ លោកយាយអឿ លាក់ អាយុ៨០ឆ្នាំ ត្រូវជាម្តាយបង្កើតលោក អ៊ុក គា ដែលកំពុងឈឺធ្ងន់ បានទទួលមរណភាព នៅវេលាម៉ោង ៤និង៤៥នាទី ទៀបភ្លឺ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅឯគេហដ្ឋាន ស្ថិតក្នុងភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ចំណែកកូនប្រុស (អ៊ុក គា) ដោយសារតែជាប់កាតព្វកិច្ចបម្រើជាតិ ប្រយុទ្ធការពាទឹកដី ទើបមិនត្រឹមតែមិនបានមកទាន់ដង្ហើមម្តាយជាទីស្រលាញ់ទេ សូម្បីតែបុណ្យសព ក៏មកមិនទាន់ផង រហូតដល់មានបទឈប់បាញ់ ទើបបានត្រឹមមកលុតជង្គង់ក្រាបសំពះផ្នូរសពម្តាយ កាល ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

ដោយមើលឃើញពីវីរភាពដ៏អង់អាចក្លាហានរបស់យោធិនវ័យចាស់ អ៊ុក គា ខាងលើនេះ លោកស្រី ទ្រីដាណា ថៅកែហាងមានពេជ្រ និងក្រុមហ៊ុន NNP បានចូលរួមជាថវិការំលែកទុក្ខ ចំពោះក្រុមគ្រួសារលោកឪចាស់ អ៊ុក គា ចំនួន១លានរៀល។

លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាព និងសំណេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ថា “ជាប់កាតព្វកិច្ចបម្រើជាតិ មកមិនទាន់ដង្ហើមម្តាយ បានត្រឹមលុតជង្គង់មុខផ្នូរម្តាយ។ សូមចូលរួមរំលែកទុក្ខ ១ ០០០ ០០០រៀល។ លោកពូ អ៊ុក គា ជាកងទ័ពជើងចាស់ ក្លាហាន មិនខ្លាចសត្រូវ ធ្លាប់ឃើញវីដេអូគាត់លីបេ ហើយ។ ប៉ុន្មានថ្ងៃនេះ លោកពូ ជាប់ប្រយុទ្ធនៅសមរភូមិភ្នំខ្មោច។ ចំណែកម្តាយ ឮថាគាំងបេះដូង នៅវេលាទៀបភ្លឺ ថ្ងៃទី២៩ ម្សិលមិញ នេះ ពេលមើលទូរស័ព្ទ ឃើញព័ត៌មានបាញ់គ្នា គាត់រន្ធត់បារម្ភកូនប្រុសនិងចៅ ជាទាហានពេក។ ខ្ញុំបានបាញ់ថវិកាជូនគាត់ភ្លាមៗផ្ទាល់ ហើយខ្ញុំនឹងព្យាយាមជួយកងកម្លាំងផ្សេងទៀត ដែលជួបការលំបាក តាមលទ្ធភាព…”។

ចំណែកលោកផែង វណ្ណៈ អ្នកសារព័ត៌មានអនឡាញល្បីឈ្មោះមួយរូប បានបង្ហោះរូបភាពលោក អ៊ុក គា ក្រោយពេលបញ្ចប់ការប្រយុទ្ធនៅតំបន់ភ្នំខ្មោច ដោយភ្ជាប់ជាមួយសំណេរថា “អាគមផ្សំអាយុ បើមិនជឿ កុំប្រមាថ! បងអ៊ុក គា វីរៈយុទ្ធជនដ៏អង់អាចក្លាហាន ដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ស្គាល់ច្បាស់ តាមរយៈសកម្មភាពកាំភ្លើង B40 រកបាញ់សត្រូវឈ្លានពាន តាំងពីមុនថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៥ បានប្រាប់ខ្ញុំនៅព្រឹកនេះថា រូបគាត់និងមិត្តរួមអាវុធរបស់គាត់ នៅជួរមុខ ជាពិសេសនៅសមរភូមិភ្នំខ្មោច គឺពាក់ខ្សែគាថា របស់លោកតាដុង នៅវត្តត្បែង ភ្នំគូលែន ស្ទើរគ្រប់គ្នា ហើយក៏បានសុវត្ថិភាពគ្រប់ៗគ្នាដែរ។ សត្រូវវាយលុយយ៉ាងខ្លាំងក្លា រួមទាំងផ្លូវអាកាសផង គ្រាន់តែមានរបួសតិចតួចប៉ុណ្ណោះ។ មានន័យថា ខ្សែគាថាលោកតាដុង ពូកែស័ក្តិសិទ្ធិណាស់ ជួយកូនចៅបានសុខសប្បាយ…”។

គួររំលឹកថា ព្រិន្ទបាលឯក អ៊ុក គា រហស្សនាម “លោកឪចាស់” ដែលឈរជើងការពារទឹកដីព្រំដែន នៅសម រភូមិភ្នំខ្មោច ត្រូវបានគេស្គាល់ច្បាស់ នៅមុនផ្ទុះសង្គ្រាមសៀមឈ្លានពាន ដែលពេលនោះ អំឡុងពេលល្បាត តាមបន្ទាត់ព្រំដែន មានទាហានចោរសៀម ១ក្រុម បានល្បាត បំពានចូលទឹកដីកម្ពុជា និងត្រូវបានកងកម្លាំងយោធាកម្ពុជា ដែលមានលោកអ៊ុក គា ហៅឪចាស់ ១រូបផងនោះ បានពើបប្រទះ និងបណ្តេញក្រុមទាហានសៀម ឱ្យចាកចេញទៅវិញ ខណៈដែលលោកឪចាស់ ដែលកំពុងលីអាវុធបេ ជាប់លើស្មា បានផ្ទុះកំហឹងខ្លាំង រហូតប្រុងបាញ់ក្រុមទាហានចោរសៀម ទៀតផង តែត្រូវបានមិត្តរួមអាវុធឃាត់ និងដោយគោរពតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ ទើបលោកឪចាស់ បានព្យាយាមទប់កំហឹង អត់ធ្មត់ មិនផ្ទុះអាវុធដោយគ្មាន បទបញ្ជានោះឡើយ៕

