ភ្នំពេញ ៖ វីរយុទ្ធជនជួរមុខដ៏ក្លាហានមួយរូប របស់កម្ពុជា ត្រូវបានគេប្រសិទ្ធនាមថា ជា «រ៉ាំបូខ្មែរ» កំពុងល្បីសុសសាយដល់ពិភពលោក បន្ទាប់ពីបែកធ្លាយវីដេអូសកម្មភាពចេញប្រយុទ្ធជាមួយនឹងទាហានចោរសៀម ឈ្លានពាន យ៉ាងអង់អាច ទាំងគ្មានឯកសណ្ឋាន មួក ឬអាវការពារគ្រាប់អ្វីទាំងអស់ គឺលែងខ្លួនទទេ ដោយស្លៀកតែខោជើងខ្លីត្រឹមជង្គង់ តែកាន់កាំភ្លើងវែង និងបេ បាញ់តតាំងជាមួយសត្រូវឈ្លានពានទឹកដី ដោយគ្មានខ្លាចញញើតអ្វីបន្តិចសោះឡើយ។

យោធិនជួរមុខកម្ពុជា ដែលមានរហស្សនាម «រ៉ាំបូខ្មែរ» នេះ មានឈ្មោះ នាយចំណង់ ម៉ៅ ណុល មានស្រុកកំណើតនៅឯខេត្តតាកែវ ជាទាហានឈរជើងនៅជួរមុខ ទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។
គួរបញ្ជាក់ថា ឃ្លីបវីដេអូ សកម្មភាពនាយចំណង់ ម៉ៅ ណុល កំពុងប្រយុទ្ធតតាំងជាមួយនឹងខ្មាំងសត្រូវ ចោរ សៀមឈ្លានពានទឹកដីកម្ពុជា យ៉ាងអង់អាចក្លាហាន ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ចែករំលែកព្រោងព្រាត រហូតល្បីរន្ទីដល់ពិភពលោក និងថែមទាំងមានការផ្តល់ រហស្សនាមនាយចំណង់ ម៉ៅ ណុល ថាជា “រ៉ាំបូខ្មែរ” ទៀតផង។

អ្វីដែលជាចំណុចចាប់អារម្មណ៍ខ្លាំងបំផុតនោះ នៅត្រង់វីរយុទ្ធជនជួរមុខដ៏ក្លាហាននេះ ឈរជើងនៅទិសប្រា សាទតាក្របី ស្លៀកតែខោជើងខ្លី អត់អាវ កាន់កាំៅ្លែងវែង AK បង់ត្រឡោក និង B40 ទប់ការឈ្លានពានពីសំណាក់ទាហានថ្មើរជើងថៃ និង Drone។ ចំពោះមូលហេតុ ដែលឃើញវីរជនរូបនេះ ស្លៀកខោខ្លី អត់អាវ ធ្វើការតស៊ូប្រយុទ្ធជាមួយខ្មាំងបែបនេះ គឺមុនពេលមានការផ្ទុះអាវុធ គាត់កំពុងតែជីកដី ធ្វើត្រង់សេ សម្រាប់ឈរជើង ដោយមានគ្នា ចំនួន២នាក់ ស្រាប់តែមានការផ្ទុះអាវុធពីទាហានថៃ បាញ់រះមកទីតាំងឈរជើងរបស់គាត់ និងឃើញ Drone របស់កងទ័ពថៃ ហោះមក គាត់ក៏ស្ទុះទៅយកអាវុធ មកបាញ់ទប់ទល់ជាមួយខ្មាំងតែម្តង។

នាយចំណង់ ម៉ៅ ណុល បានបញ្ជាក់ប្រាប់ថា “ពេលនោះអ៊ីចេះទេ ខ្ញុំឡើងពីក្រោមមក ធ្វើការវាបែកញើស អ៊ីចឹងដោះអាវទៅ ខ្ញុំថាឡើងមកហូបបាយ ដល់អ៊ីចឹង ស្រាប់តែមកភឹងៗមក ខ្ញុំក៏រត់ទៅរកកាំភ្លើង បាញ់វា (ចោរសៀម) វិញទៅ ហើយគេថាយើងសម្តែងអី តែអានេះ ជារឿងពិតរបស់ខ្ញុំ ហើយថតហ្នឹង គឺគាត់លួចថតខ្ញុំទៀត ហើយខ្ញុំអត់ដឹងគាត់ថតខ្ញុំទេ ដល់តែគាត់ផុសទៅ ទើបដឹង…”។
យ៉ាងណា ដោយសារតែការលីកាំភ្លើងធំ ប្រភេទ B40 បាញ់ប្រហារសត្រូវ ទាំងគ្មានពាក់អាវបែបនេះហើយ ទើបធ្វើឱ្យយុទ្ធជនរូបនេះ បានរងរបួសរលាកស្មា និងត្រូវបានបញ្ជូនទៅព្យាបាលរបួស នៅមណ្ឌលសុខភាពភ្លាមៗដែរ។

កំពុងសម្រាកនៅលើគ្រែពេទ្យ ព្យាបាលរបួស នាយចំណង់ ម៉ៅ ណុល បានបញ្ជាក់ប្រាប់ថា “ខ្ញុំរបួសត្រង់ស្មាឆ្វេង ដោយសារវាជះអាខ្យល់ចំហាយបេ មក វារលាក អ៊ីចឹងវាប្រហែលជាប៉ះពាល់ដល់ឆ្អឹង បានវាចុក ។ ចំពោះសមរភូមិមុខ ដែលខ្ញុំឈរជើង ប្រាសាទតាក្របី គឺយើងឈរជើងបាន ១០០ភាគរយហើយ វា (ចោរសៀម) និយាយទៅ វាអត់បុកមកពីមុខទេ វាបុកយកតែស្លាបទេ ដើម្បីយកកន្លែងវាឡើង ចូលកាន់កាប់ វាបុកមក យើងរហូត តែយើងដាក់ទៅវាវិញរហូតដែរហ្នឹង ដាក់ទៅដាក់មក។ បើនិយាយរួមទៅ តាមខ្ញុំសន្និដ្ឋាន ពួកវាប្រហែលជាស្លាប់ច្រើន…”។


ក្រោយពីបានឃើញនូវវីរភាពនិងទឹកចិត្តដ៏អង់អាចក្លាហានរបស់យុទ្ធជន ម៉ៅ ណុល ខាងលើនេះ លោកស្រី ទ្រី ដាណា ម្ចាស់ហាងពេជ្រ និងជាអ្នកលក់ផលិតផលអនឡាញល្បីឈ្មោះ បានប្រកាសឧបត្ថម្ភដល់យោធិនរូបនេះ ចំនន១ពាន់ដុល្លារ។

លោកស្រីទ្រី ដាណា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រីថា “ឧបត្ថម្ភគាត់ 1000$ ដើម្បីគាត់អាចមានជម្រកសម្រាប់គ្រួសារ ទៅថ្ងៃមុខ។ ឃើញវីដេអូគាត់ពិតជាក្លាហានណាស់ ការពារទឹកដី មិនរាថយ ចុងក្រោយក៏របួស មិនបានប៉ុន្មានផង សុំទៅសមរភូមិបន្តទៀត។ ថ្ងៃនេះ គេទៅជួបគ្រួសារគាត់ គ្មានផ្ទះនៅផ្ទាល់ខ្លួនទេ ប្រពន្ធនិងកូនៗ សុំនៅជាមួយប្អូន។ ពូៗ បងៗ កងកម្លាំងផ្សេងទៀត ខ្ញុំនឹងជួយបន្តបន្ទាប់ តាមលទ្ធភាព។ អរគុណសម្រាប់ការចូលរួមពីពុកម៉ែ បងប្អូនទាំងអស់គ្នា ដើម្បីជួយដល់កងកម្លាំងយើងផ្ទាល់ៗ…”៕
