Sunday, August 3, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទឹកទន្លេហក់ឡើង លិចចម្ការពោត ខូចខាតជាង ៥០០ហិកតារ

ទឹកទន្លេហក់ឡើង លិចចម្ការពោត ខូចខាតជាង ៥០០ហិកតារ

ខេត្តកំពង់ចាម ៖ នៅក្នុងរដូវវស្សាហ៍នេះ ទឹកទន្លេមេគង្គ បានបន្តហក់ឡើងលឿនគំហុក ធ្វើឲ្យទឹកហូរចូលតាមបឹងបួនានា លិចដំណាំពោត ដែលបងប្អូនប្រជាកសិករដាំដុះនៅក្នុងស្រុកកំពង់សៀម និងកោះសូទិន សរុបប្រមាណជាង ៥០០ហិកតារ ។

តាមប្រភពអាជ្ញាធរឃុំកោះសូទិន បានឱ្យដឹងថា ផ្លូវចំនួន ៣ខ្សែ ត្រូវបានទឹកលិច ក្នុងនោះ មានភូមិទី៣ ភូមិទី៩ និងភូមិទី១០ ហើយដំណាំពោតដែលបងប្អូនប្រជាកសិករដាំដុះបានសរុបជាង៧០០ហិកតារ ក្នុងនោះលិច ខូច ខាតចំនួន ១០៥ហិកតារ។ ចំពោះប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរមកក្រុងកំពង់ចាម តាមព្រែកតាឃ្លោក និងផ្លូវសម្តេចសាយ ឈុំ ត្រូវឆ្លងទូកដ។

កសិករឈ្មោះថោ ប៊ុនថន អាយុ៦០ ឆ្នាំរស់នៅភូមិកោះព្រលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម បានឱ្យដឹងថា គាត់បានប្រកបរបរដាំពោត រយៈពេល២០ ទៅ៣០ឆ្នាំ មកហើយ នៅលើផ្ទៃដីចំនួន៤ហិកតារ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់គាត់។ ចំពោះពោតដែលដាំជាប្រភេទពូជ ៦៩ និង៧៩ ប្រភេទផលិតចំណីសត្វ ដោយក្នុង១ហិកតារ ផ្តល់ទិន្នផលប្រមាណជាង ១០តោន។ កសិករខាងលើ បានត្អូញតែថា ពោតរបស់គាត់ មកដល់ពេលនេះ គឺបានហុចផលជាបណ្តើរៗហើយ សម្រាប់តម្លៃ គឺបានធ្លាក់ចុះក្នុងរង្វង់ ៥០០ទៅ៦០០រៀល គ្រាប់ពោតដែលបកសម្ងួតរួចរាល់។

ស្របពេលដែលតម្លៃធ្លាក់ចុះ តែមកដល់ពេលនេះមិនទាន់ឃើញមានឈ្មួញកណ្តាល ចុះមកប្រមូលទិញនៅក្នុងភូមិរបស់គាត់ទៀត។ បើថោកហើយគេមិនទិញទៀតនោះ នឹងធ្វើឱ្យគាត់រឹតតែខាតបង់ ត្រូវចូលដើម ព្រោះពូជគ្រាប់ពោត ដែលទិញយកមកដាំ មួយគីឡូ តម្លៃ៣ម៉ឺនរៀល ជាមួយនោះត្រូវប្រើជី ជួលគ្រឿងចក្រគេ មកភ្ជួរថែមទៀត គឺមានការចំណាយច្រើន ក្នុងករណីបើឈ្មួញកណ្តាល មិនចុះទិញ អ្នកភូមិរបស់គាត់ ម្នាក់ៗខាតបង់ច្រើនណាស់។

កសិករដដែល បានរំលឹកថា នៅឆ្នាំ២០២៤ កន្លងទៅ គ្រាប់ពោត អាចលក់បាន ១គីឡូ តម្លៃ៨០០រៀល ទោះបីមានប៉ុន្មាន ក៏មិនសល់ដែរ គឺគេទិញយកទៅទាំងអស់ ដើម្បីផលិតចំណីសត្វ លក់នៅតាមទីផ្សារនានា ក្នុងប្រទេសកម្ពុជា។ តាមរយៈមុខរបរមួយនេះ បានធ្វើឱ្យជីវភាពក្រុមគ្រួសាររបស់គាត់ បានប្រសើរមួយកម្រិត ដោយបានឱ្យកូនបួននាក់ ក្នុងនោះប្រុសមួយ ស្រីបី រៀនរហូតដល់ថ្នាក់ឧត្តមសិក្សា។

ចំណែកលោកវ៉ែន នាង មេឃុំកោះមិត្តវិញ មានប្រសាសន៍ឱ្យដឹងថា នៅតាមភូមិនានា ក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម បងប្អូនដាំពោតក្រហម បានសរុបចំនួន ៤៩៦ហិកតារ ក្នុងនោះលិចខូចខាតគិតត្រឹមថ្ងៃទី៣១កក្កដា ចំនួនជាង ៥២ហិកតារ និងលិចផ្លូវបេតុង ប្រវែង៣០០ម៉ែត្រ។ លោក សន សុខ មេឃុំកោះសំរោង មានប្រសា សន៍ថា នៅក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ដែលមានទឹកទន្លេ ព័ទ្ធជុំវិញ បងប្អូនប្រជាពលរដ្ឋដាំដុះពោត បានសរុប៥៦០ហិកតារ ហើយទឹកឡើងមកលិច ខូចខាតអស់ចំនួន ៣៩១ហិកតារ។ ផ្លូវសម្រាប់ឆ្លង មកពីមុន តាមជីរោទ៍ មកកោះសំរោង ឥឡូវនេះ ត្រូវបង្វែរទិសឆ្លងតាមទូកដ ទៅឃុំកៀនជ្រៃ វិញ៕

RELATED ARTICLES