ខេត្តបាត់ដំបង ៖ ក្មេងទំនើងឈាមរាវ ១ក្រុម បានធ្វើសកម្មភាពជិះម៉ូតូដេញកាប់យុវជនម្នាក់ ធ្វើឱ្យជនរងគ្រោះភ័យ ផ្តួលម៉ូតូចោល រួចរត់ចូលផ្ទះអ្នកភូមិ ស្រែកហៅគេឯងឱ្យជួយ។ ចំណែកក្រុមជនសង្ស័យ បាននាំគ្នាកាប់យកស្លាកលេខម៉ូតូ របស់ជនរងគ្រោះ រួចនាំគ្នារត់គេច ខ្លួនបាត់អស់។ លុះ២ថ្ងៃក្រោយមក ត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់សរុបចំនួន៦នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីដេញកាប់ប្លន់ស្លាកលេខម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល។ រហូតមកដល់រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចជំនាញ បានស្រាវជ្រាវឃាត់ខ្លួនក្រុមជនដៃដល់ បានចំនួន៦នាក់ នៅចំណុចភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល។

ជនរងគ្រោះ មានឈ្មោះភេន រីហ្សា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល។ ចំណែកក្រុមជនសង្ស័យទាំង៦នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះយុត អ៊ីឈិ ភេទប្រុស អាយុ១៧ឆ្នាំ។ ទី២-ឈ្មោះលីន មករា ភេទប្រុស អាយុ១៩ឆ្នាំ។ ទី៣-ឈ្មោះបួ សុផាន ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៤-ឈ្មោះចេក សៀវយ៉ុង ភេទប្រុស អាយុ១៥ឆ្នាំ។ ទី៥-ឈ្មោះទូច តុលា ភេទប្រុស អាយុ១៧ឆ្នាំ និងទី៦-ឈ្មោះផុន សក្តា ភេទប្រុស អាយុ១៦ឆ្នាំ។

តាមសម្តីជនរងគ្រោះ ឈ្មោះភេន រីហ្សា បានរៀបរាប់នៅក្នុងបណ្តឹងថា កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ មានមនុស្សមួយក្រុម ដែលខ្លួនមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ចំនួន៣គ្រឿង បានជិះដេញតាមខ្លួនរហូត ក្នុងចេតនាមិនល្អ។ ក្រោយឃើញសកម្មភាពបែបនេះ ធ្វើឱ្យខ្លួនភ័យ ក៏ព្យាយាមជិះគេច លុះជិះដល់ចំណុចភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ខ្លួនក៏ផ្តូលម៉ូតូ រត់ចូលផ្ទះអ្នកភូមិ ស្រែកហៅឱ្យអ្នកភូមិជួយ ស្រាប់ តែក្រុមជនមិនស្គាល់មុខទាំងហ្វូង បាននាំគ្នាចុះកាប់យកស្លាកលេខម៉ូតូ របស់ខ្លួន រួចពួកវានាំគ្នាជិះគេចខ្លួនបាត់ភ្លាមៗ ដោយទុកម៉ូតូចោលលើចិញ្ចើមផ្លូវ។ ចំពោះស្លាកលេខម៉ូតូដែលក្រុមជនសង្ស័យកាប់ប្លន់យកទៅបាត់នោះ មានលេខ ភ្នំពេញ 1CL-2687។
លោកសេង លុច អធិការស្រុកថ្មគោល បានបញ្ជាក់ប្រាប់ថា ក្រោយកើតហេតុបាន ២ថ្ងៃ ពោលគឺនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ទើបជនរងគ្រោះបានដាក់ពាក្យបណ្តឹង សុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ ក្រោយទទូលបណ្តឹងជនរងគ្រោះ នៅថ្ងៃដដែល ទើបកម្លាំងជំនាញ នៃអធិការស្រុក សហការជាមួយកម្លាំងប៉ុស្ត៏រដ្ឋបាល ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនក្រុមជនសង្ស័យ បានចំនួន៦នាក់ នៅភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល។
នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពជិះម៉ូតូដេញតាមជនរងគ្រោះ ក្នុងគោលបំណងតាមវាយប្លន់ស្លាកលេខម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។
លោកអធិការស្រុកថ្មគោល បានបញ្ជាក់ថា ក្រុមជនសង្ស័យវ័យក្មេងទាំងនេះ ពិតជាបានកាច់យកស្លាកលេខម៉ូតូរបស់ជនរងគ្រោះ បន្ទាប់ពីជិះដេញតាមទាន់ត្រង់ចំណុចកើតហេតុខាងលើ តែមិនបានប្លន់យកម៉ូតូជនរងគ្រោះទេ ហើយស្លាកលេខម៉ូតូ ដែលក្រុមចោរអន្ធពាល បានប្លន់យកទៅ មន្ត្រីជំនាញក៏បានដកហូតបានមកវិញផងដែរ។

ក្រុមជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕