Thursday, August 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្អើ---/លចិនចាប់ប្រពន្ធខ្មែរច្រកបាវ ជាប់ខ្នោះ

បង្អើ—/លចិនចាប់ប្រពន្ធខ្មែរច្រកបាវ ជាប់ខ្នោះ

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីបង្ហោះវីដេអូ ផ្សព្វផ្សាយព័ត៌មានបំពុលសង្គម បង្អើលថា មានបុរសជនជាតិចិន ចាប់ស្ត្រីជនជាតិខ្មែរ ជាប្រពន្ធ ច្រកបាវ។

អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ១រូប ឈ្មោះ ស.ហ.ត ភេទប្រុស អាយុ៣១ឆ្នាំ ពាក់ព័ន្ធនឹងការបង្ហោះវីដេអូផ្សព្វផ្សាយព័ត៌មានបំពុលសង្គម ដោយសរសេរភ្ជាប់ខ្លឹមសារថា “ជនជាតិចិន ចាប់ប្រពន្ធ ច្រកការុង” និងបញ្ចូលសំឡេង ហើយបង្ហោះតាមគណនីបណ្តាញសង្គមរបស់ខ្លួន ក្នុងគោលបំណងរកចំណូលពីហ្វេសប៊ុក។

បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានគូសបញ្ជាក់ថា ករណីខាងលើនេះ ជនសង្ស័យ គឺជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «Like taing» មានតំណភ្ជាប់ (សុំមិនបង្ហាញ) បានយកវីដេអូដែលកើតឡើងនៅឯបរទេស យកមកបង្ហោះផ្សព្វផ្សាយជាព័ត៌មានបំពុលសង្គម ក្នុងគោលបំណងទាញយកចំណាប់អារម្មណ៍មកលើគណនីរបស់ខ្លួន ដើម្បីទទួលបានផលប្រយោជន៍ផ្សេងៗ។

ជនសង្ស័យខាងលើ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមអំពាវនាវដល់សាធារណជន មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការបង្ហោះផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ដែលបង្កចលាចលក្នុងសង្គម គឺជាទង្វើខុសច្បាប់។ រាល់ការបង្ហោះផ្សព្វផ្សាយព័ត៌មាន ត្រូវបញ្ជាក់ពេលវេលា ទីកន្លែង និងប្រភពនៃវីដេអូ ឱ្យបានច្បាស់លាស់ ចៀសវាងសាធារណជនមានការយល់ច្រឡំ និងអាចក្លាយខ្លួនជាអ្នកបង្ហោះផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ដែលអាចប្រឈមមុខចំពោះមុខច្បាប់ ជាធរមាន៕

RELATED ARTICLES