ភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បានប្រកាសព័ត៌មាន ស្តីពីជនសង្ស័យ២នាក់ (ខ្មែរម្នាក់ ចិនម្នាក់) ត្រូវបានចោទប្រកាន់ពាក់ព័ន្ធករណីគ្រឿងញៀន ទម្ងន់ប្រមាណ ១តោន និងបទសម្អាតប្រាក់។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជម្រាបជូនសាធារណជនមេត្តាជ្រាបថា ៖ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជា មួយនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីនំពេញ នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបង្ក្រាបករណីគ្រឿងញៀនជាច្រើនទីតាំង ស្ថិតនៅក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
ក្នុងរង្វង់ប្រតិបត្តិការ សមត្តកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ដកហូតវត្ថុតាង ពីឈ្មោះ LAI JUI CHIEN ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិចិន និងឈ្មោះរឿន រីន ភេទប្រុស អាយុ៤១ឆ្នាំ ជាជនជាតិខ្មែរ នូវសារធាតុញៀនប្រភេទអ៊ិកស្តាស៊ី ទម្ងន់ ៧.៣១១,៦៦ក្រាម និងប្រភេទកេតាមីន ៩៩២.២៣៧,៣០ក្រាម រួមជាមួយជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន១គ្រឿង ម៉ាស៊ីនអ៊ុតថង់ ចំនួន ១គ្រឿង និងសម្ភារៈសម្រាប់ច្រកវេចខ្ចប់គ្រឿងញៀន មួយចំនួន (បាវ និងថង់) ព្រមទាំងវត្ថុតាងមួយចំនួន ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់។
ក្រោយបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើមកកាន់អយ្យការ មសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកឯបក្ខពួកដែលជាប់ពាក់ពន្ធនិងករណីគ្រឿងញៀនខាងលើនេះ សមត្តកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត។
ក្រោយពីទទួលបាននិងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់ជនសង្ស័យទាំង២នាក់ខាងលើ និងបក្ខពួក ពីបទរក្សាទុក ជួញដូរនិងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤០ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម។

ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងត្រូវបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ហើយចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនសង្ស័យ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំកាត់ទោសទៅតាមផ្លូវច្បាប់៕