ភ្នំពេញ ៖ រថយន្តតូយ៉ូតា ព្រូស ១គ្រឿង បើកបត់ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅកៀររថយន្តម៉ាក Mazda ១គ្រឿង បណ្តាលឱ្យខូចខាត បន្ទាប់មកភាគីទាំងសងខាង បានជជែកគ្នាយកត្រូវរៀងៗខ្លួន ដោយភាគីរថយន្តព្រូស សុំរួចខ្លួន តែភាគីរថយន្ត Mazda ទារសំណង ១៥០០ដុល្លារ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣៥នាទីយប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅជិតរង្វង់មូលវិមានឯករាជ្យ តាមផ្លូវព្រះសីហនុ កែងផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ បានបើករថ យន្តម៉ាក Mazda CX5 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CF-7233 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិច ទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់បានបើករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2CB-2793 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូង ទៅជើង ហើយបត់ស្តាំ ឡើងទៅផ្លូវព្រះសីហនុ ក៏ជ្រុលទៅបុកកៀររថយន្ត Mazda បណ្តាលឱ្យខូចថ្នាំ ទ្វារមុខ ក្រោយចំហៀងខាងស្តាំ។ ចំណែករថយន្តតូយ៉ូតា ព្រូស ខូចខាតផ្នែកខាងមុខ ចំហៀងខាងឆ្វេង តែក្នុងហេតុការណ៍នេះ មិនមានគ្រោះថ្នាក់ដល់ភាគីណានោះទេ។

ក្នុងករណីនេះ ភាគីទាំងពីរបាននិយាយលើកហេតុផលរៀងៗខ្លួន ហើយខាងរថយន្ត Mazda បានទាមទារសំណង ១៥០០ដុល្លារ តែខាងរថយន្តតូយ៉ូតា ព្រូស សុំស្មើគ្នា។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ និងឱ្យភាគីទាំងពីរសម្របសម្រួលគ្នាបញ្ចប់រឿង ដោយចុងក្រោយ ភាគីទាំង២ យល់ព្រមយកមធ្យោបាយទៅជួសជុលរៀងៗខ្លួន៕