ខេត្តបាត់ដំបងៈ ជនឆ្លៀតឱកាស ១ក្រុម បានស្កាត់ចេញពីរាជធានីភ្នំពេញ ធ្វើដំណើរទៅកាន់ច្រកទ្វារអន្តរជាតិ ដូង ដែលមានពលករខ្មែររាប់ម៉ឺននាក់ កំពុងសម្រុកចាកចេញពីប្រទេសថៃ បន្លំធ្វើសកម្មភាពវះកាបូប លួចលុយនិងគ្រឿងអលង្កាr របស់ពលករ បានសម្រេចជាច្រើនករណី តែចុងក្រោយ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ ចាប់ក្របួចban៣នាក់ (ប្រុស១ ស្រី២) និងដកហូតបានលុយ ព្រមទាំងគ្រឿងអលង្ការ មួយចំនួនធំ។

ការបង្ក្រាបក្រុមចោរវះកាបូបនេះ បានធ្វើឡើង កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ត្រង់ចំណុចមុខច្រកទ្វារអន្តរ ជាតិ ដូង (បានឡែម) ស្ថិតក្នុងភូមិដូង ឃុំអូរដាលើ ស្រុកកំរៀង។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះជា ពេជ្រ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី២-ឈ្មោះសឿន ផល ហៅវណ្ណា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី៣-ឈ្មោះកេង សុផល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានលំនៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំពោះសម្ភារ និងវត្ថុតាងដកហូតបាន រួមមាន លុយខ្មែរ ចំនួន៥លាន១៩ម៉ឺនរៀល លុយបាត ៣៥ ៦០០បាត លុយភូមា ៦២០០យ៉ាត លុយឡាវ ១០០០គីប លុយចិន ៥យ័ន ទូរស័ព្ទដៃ ៥គ្រឿង ចិញ្ចៀនប្លាទីន ១វង់ ខ្សែកប្លាទីន លោហធាតុពណ៌លឿង ៥ខ្សែ បន្តោងប្លាទីន រូបទន្សាយ៩ កងដៃប្លាទីន១ កាបូបស្ពាយ២ និងផ្លែឡាម សម្រាប់វះកាបូប១។

ក្រោយពីធ្វើការស្រាវជ្រាវបឋម រកឃើញជនរងគ្រោះចំនួន២នាក់ ភេទស្រី ដែលជាពលករមកពីប្រទេសថៃ ដោយជនរងគ្រោះម្នាក់ បាត់លុយ ១ម៉ឺន៥ពាន់បាត និងម្នាក់ទៀត បាត់ទូរស័ព្ទ ១គ្រឿង។
សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យស៊ីសង្វាក់ ហើយបានប្រគល់ជូនទៅជនរងគ្រោះវិញ។ ចំណែកជនរងគ្រោះផ្សេងទៀត កំពុងស្វែងរក ដើម្បីប្រគល់សម្ភារៈ និងទ្រព្យសម្បត្តិជូនពួកគាត់វិញ។

ក្រុមជនសង្ស័យទាំង៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕