ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក និងនាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាមេរិក លើកលែងទំនិញប្រើរួច។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ១៣៩ អនក្រ.បក ចុះថ្ងៃសុក្រ ១៤កើត ខែស្រាពណ៍ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្តីពីការដាក់ឲ្យអនុវត្តអត្រាពន្ធគយ លើទំនិញនាំចូលពីសហរដ្ឋអាមេរិក បានសម្រេច ដូចខាងក្រោម ៖

មាត្រា ១.
ដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក និងនាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាមេរិក។
មាត្រា ២.
អត្រាពន្ធគយ ០% ដូចមានចែងក្នុងមាត្រា ១ ខាងលើ មិនអនុវត្តចំពោះទំនិញប្រើរួចឡើយ។
មាត្រា ៣.
នីតិវិធីក្នុងការអនុវត្តអត្រាពន្ធគយ ចំពោះទំនិញនាំចូលពីសហរដ្ឋអាមេរិកនេះ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
មាត្រា ៤.
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា ៥.
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធាន គ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ…។
ចំណែកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃដដែលនោះ បានចេញប្រកាសលេខ ៦៣២ សហវ.ប្រក ចុះថ្ងៃ១៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែ ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយលោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការអនុវត្តអត្រាពន្ធគយ លើទំនិញនាំចូលពីសហរដ្ឋអាមេរិក សម្រេចដូចខាងក្រោម ៖
ប្រការ ១.-
ប្រកាសនេះ កំណត់អំពីនីតិវិធីនៃការអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាមេរិក។
ប្រការ ២.-
ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះទំនិញមានដើមកំណើតនៅសហរដ្ឋអាមេរិក ដែលបានដឹកជញ្ជូនត្រង់ពីសហរដ្ឋអាមេរិក មកព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកទំនិញប្រើរួចមិនស្ថិតក្នុងវិសាលភាពនៃប្រកាសនេះទេ។
លក្ខណៈវិនិច្ឆ័យកំណត់ថាជាទំនិញប្រើរួច ត្រូវកំណត់ដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ប្រការ ៣.-
អ្នកនាំចូល ត្រូវប្រកាសអំពីសំអាងដើមកំណើតទំនិញ តាមទម្រង់និងនីតិវិធីដែលកំណត់ដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ប្រការ ៤.
អត្រាពន្ធគយ ០% នេះ អនុវត្តចំពោះតែទំនិញនាំចូលមកព្រះរាជាណាចក្រកម្ពុជា ដែលផ្ទុកចូលក្នុងមធ្យោបាយដឹកជញ្ជូននៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។
ប្រការ ៥-
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវចេញសេចក្តីណែនាំបន្ថែម ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តប្រកាសនេះ។
ប្រការ ៦.-
បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
ប្រការ ៧.-
នាយកខុទ្ទកាល័យ អគ្គលេខាធិការ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយក អគ្គាធិការ និងប្រធានអង្គភាពនានាដែលស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រតិបត្តិករពាក់ព័ន្ធ ត្រូវទទួលបន្ទុកដើម្បីអនុវត្តតាមប្រកាសនេះ ឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ…៕
ខៀវទុំ