Wednesday, August 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្អាកស៊ាន បូរ៉ាត ពីអនុប្រធាន ACU

ផ្អាកស៊ាន បូរ៉ាត ពីអនុប្រធាន ACU

ភ្នំពេញ ៖ លោកស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ (ACU) ត្រូវបានលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ចេញសេចក្តីសម្រេចផ្អាកមុខងារអនុប្រធានអង្គ ភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។

ការផ្អាកមុខងារលោកស៊ាន បូរ៉ាត នៅពេលនេះ នឹងបើកផ្លូវឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតពេញលេញទៅលើសំណុំរឿងពាក់ព័ន្ធអតីតឧកញ៉ា ឡេង ចាន់ណា។

សេចក្តីសម្រេចរបស់លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ថា ត្រូវបានផ្អាកមុខងារលោក ស៊ាន បូរ៉ាត អនុប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ ហើយលោកស៊ាន បូរ៉ាត ត្រូវមកបង្ហាញខ្លួនរៀងរាល់ថ្ងៃធ្វើការនៅអង្គភាព។ នាយកដ្ឋានបុគ្គលិកនិងបណ្តុះបណ្តាល មានភារកិច្ចសម្រុះសម្រួលចុះវត្តមានប្រចាំថ្ងៃ។

គួរបញ្ជាក់ថា កាលពីថ្ងៃនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចបើកការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គ ភាពប្រឆាំងអំពើពុករលួយ និងលោកឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់រយលានដុល្លារ។

តាមប្រភពអង្គភាពប្រឆាំងអំពើពុកលួយ បានឱ្យដឹងកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ថា តាមរយៈក្រុមស៊ើប អង្កេតផ្ទៃក្នុង បានបើកការស៊ើបអង្កេតលើអនុប្រធានអង្គភាពប្រឆាំងពុករលួយ គឺលោកស៊ាន បូរ៉ាត និងលោកឧត្តមសេនីយ៍ឯក ស ថាវី ដែលបានជាប់ពាក់ព័ន្ធ ជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា។

អង្គភាពប្រឆាំងអំពើពុកលួយ បញ្ជាក់ថា ស្របជាមួយគ្នានេះ តុលាការខេត្តសៀមរាប បានបញ្ជូនសំណុំរឿងករណីអតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក ចំនួន៣២សំណុំរឿង មកអង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ ហើយតុលាការ បានខិតខំធ្វើការយ៉ាងហ្មត់ចត់ អស់រយៈ ពេលជិតពីរឆ្នាំមកនេះ។

សំណុំរឿងទាំង៣២ នេះ មានទាំងអស់ ២៤ ៨៥២ទំព័រ (អង្គភាពចាត់មន្ត្រី ១០រូប អានឯកសារទាំងនេះ មួយខែ បានចប់) ហើយតួអង្គ ស៊ាន បូរ៉ាត និង ស ថាវី នៅដំណាក់កាលតុលាការខេត្តសៀមរាប គឺជាសាក្សី។ រីឯក្នុងសំណុំរឿងបើកការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើ ពុករលួយ លើស៊ាន បូរ៉ាត និង ស ថាវី អ្នកទាំងពីរនេះ មិនមែនជាអ្នកសាក្សីទេ គឺជាជនសង្ស័យនៃសំណុំរឿង។

សូមបញ្ជាក់ថា អតីតឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន “ប៊្រីនលាន ស៊ីធី” ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ចាប់ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ តាមពាក្យបណ្តឹងរបស់ប្រជា ពលរដ្ឋ ពាក់ព័ន្ធនឹងងបទល្មើសឆបោក រំលោភលើទំនុកទុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ក្នុងរូប ភាពទិញដី ផ្ទះ និងការវិនិយោគដោយបានការប្រាក់ខ្ពស់ ដោយអ្នកខ្លះបានការប្រាក់ស៊ី តែប៉ុន្មានខែ ក៏លែងបានរហូត។ ប្រជាពលរដ្ឋខ្ទង់ពាន់នាក់ បានចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា ដោយខ្លះខ្ចីលុយពីធនាគារ ដើម្បីមកវិនិយោគជាមួយក្រុមហ៊ុនខាងលើ ហើយពួកគាត់ត្រូវសងធនាគារវិញយ៉ាងលំបាកលំបិនបំផុត ព្រោះ តែចាញ់ការលួងលោមឆបោករបស់អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក។

ក្រោយការចាប់ខ្លួនអតីតឧកញ៉ា ឡេង ចាន់ណា ជាច្រើនខែមក មេធាវីតំណាងជនរងគ្រោះ គឺលោកគី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់តាំងមេធាវីរាជរដ្ឋាភិបាលមួយក្រុម ចុះជួបផ្ទាល់ជាមួយពលរដ្ឋរងគ្រោះ ដោយបានប្រមូលភ័ស្តុតាង ចំនួន១៤លើក រួចមកហើយ នៅលើទឹកដីខេត្តសៀមរាប មុននឹងឈានដល់អង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតលើមន្ត្រីធំ ២នាក់ខាងលើ គឺលោកស៊ាន បូរ៉ាត និងលោក ស ថាវី ដែលពាក់ព័ន្ធនឹងសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា៕

RELATED ARTICLES