ខេត្តស្ទឹងត្រែង ៖ ស្ត្រីវ័យក្មេងម្នាក់ ជាភរិយាវីរកងទ័ពជួរមុខ មួយរូប ក្នុងចំណោមវីរកងទ័ពខ្មែរ២០រូប ដែលត្រូវទាហានសៀម ប្រើល្បិចចាប់ខ្លួនយកទៅឃុំ អស់រយៈពេលជិត២០ថ្ងៃមកហើយ តាំងពីមានបទឈប់បាញ់នោះ បានបង្ហាញអារម្មណ៍សោកសៅ ដេកយំនឹកប្តី បារម្ភពីសុវត្ថិភាពប្តី ខ្លាចត្រូវពួកទាហានចោរសៀម ធ្វើទារុណកម្ម បន្ទាប់ពីបានឃើញវីរកងទ័ព ២នាក់ ដែលត្រូវបានទាហានសៀម ដោះលែងមកវិញ ម្នាក់មានបញ្ហាមិនប្រ ក្រតី វង្វេងស្មារតី ចំណែកម្នាក់ទៀត ធ្លាក់ខ្លួនពិការ គួរឱ្យសង្វេគ។

ស្ត្រីវ័យក្មេង ឈ្មោះ រស់ ណាន ជាភរិយារបស់វីរកងទ័ពកម្ពុជា ឈ្មោះផាន កៀន ដែលត្រូវទាហានសៀមឈ្លានពាន ប្រើល្បិចចាប់យកទៅឃុំឃាំងនោះ មានលំនៅក្នុងឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ស្ត្រីជាប្រពន្ធវីរកងទ័ពផាន់ កៀន បានបង្ហោះរូបភាពស្វាមីរបស់ខ្លួន ចំនួន៣សន្លឹក ក្នុងគណនីបណញតាញសង្គម ហ្វេសប៊ុក របស់ខ្លួន ជាមួយសំណេរថា “គ្មានកម្លាំងក្នុងខ្លូនទេ តែត្រូវស៊ូ អូនរង់ចាំបងរាល់ថ្ងៃ តើពេលណាបានបញ្ជូនពួកគាត់ត្រឡប់មកវិញ? សូមមេត្តាជួយពួកគាត់ទាំង ១៨នាក់ផង។ (ផាន់ កៀន) ប្តីសម្លាញ់ សុខទុក្ខយ៉ាងណាក៏អូនមិនដឹង…”។
គួរបញ្ជាក់ថា តាំងពីថ្ងៃដែលទទួលដំណឹងថា ប្តីរបស់ខ្លួន ដែលជាវីរកងទ័ពការពារទឹកដី ត្រូវបានទាហានចោរ សៀម ប្រើល្បិចកខ្វក់ ចាប់យកទៅឃុំខ្លួន ក្រោយបទឈប់បាញ់ ចូលជាធរមាន នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នោះមក ស្ត្រីជាប្រពន្ធវីរកងទ័ពខាងលើ តែងបង្ហោះរូបភាពនាងជាមួយប្តី ព្រមទាំងសរសេរសារតាមបណ្តាញសង្គម បង្ហាញពីទុក្ខសោក នឹកបារម្ភពីសុវត្ថិភាពរបស់ប្តី បារម្ភខ្លាចត្រូវពួកទាហានចោរសៀមឈ្លានពាន ចាប់យកទៅឃមឃាំង វាយដំ ធ្វើទារុណកម្ម ជាពិសេសក្រោយពេលឃើញយុទ្ធមិត្ត២នាក់ របស់ប្តី ដែលថៃ ដោះលែង បញ្ជូនមកវិញ មានសភាពខុសប្រក្រតី ដោយម្នាក់ ក្លាយជាមនុស្សវង្វេងស្មារតី និងម្នាក់ទៀត ពិការដៃជើង ហើយពេលបញ្ជូនទៅមន្ទីរពេទ្យ គ្រូពេទ្យបានពិនិត្យឃើញថា វីរកងទ័ពរងគ្រោះ ត្រូវបានរងទារុណកម្ម ឆក់ខ្សែភ្លើង យ៉ាងសាហាវឃោរឃៅ ធ្វើឲ្យជនរួមជាតិខ្មែរទូទាំងប្រទេស សម្តែងនូវភាពសោក សង្រេង ឈឺចាប់ អាណិតដល់វីរកងទ័ពកម្ពុជា ដែលត្រូវទាហានចោរសៀម ចាប់យកទៅធ្វើបាបយ៉ាងសាហាវឃោរឃៅ ដោយពួកគាត់លើកឡើងថា «កាលទៅនៅល្អជាសោះ មកវិញវង្វេងស្មារតី ពិការបាក់ដៃបាក់ជើង គួរឲ្យសង្វេគណាស់»។

ជាក់ស្តែង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ស្ត្រីជាប្រពន្ធវីរកងទ័ព ផាន់ កៀង សរសេរក្នុងគណនីហ្វេសប៊ុក របស់នាងថា “១៤ថ្ងៃហើយ តើពេលណាបានដោះលែង? សុខទុក្ខយ៉ាងណាក៏មិនដឹង សូមឱ្យប្តីអូនមានសុវត្ថិភាព ឆាប់ត្រឡប់មកវិញលឿនៗ អូនសង្ឃឹមថា បងនឹងត្រឡប់មករកអូន ជុំគ្រួសារយើងវិញ…”។
បន្ទាប់មក នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ស្ត្រីជាប្រពន្ធវីរកងទ័ពដដែល បានសរសេរបន្ថែមថា “ពីមួយថ្ងៃ ទៅមួយថ្ងៃ ខ្ញុំគេងចាំតែដំណឹង រង់ចាំផ្លូវប្តីអូន ពេលណាបានត្រឡប់ចូលសមរភូមិយើងវិញ? អូននឹកបងណាស់ តើម៉េចហើយ បងរងាទេ? នឹកសំឡេង នឹកស្នាមញញឹម នឹកគ្រប់ពេល អូនសូមបងមានសុវត្ថិភាព សុខទុក្ខយ៉ាងណាក៏មិនអូនដឹង បានត្រឹមមើលរូបនិងវីដេអូ ឆាប់ត្រឡប់មកវិញប្តីសម្លាញ់…”។
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ស្ត្រីជាប្រពន្ធវីរកងទ័ព ផាន់ កៀន បានសរសេរបន្ថែមទៀតថា “សង្ឃឹមថា បងនឹងត្រឡប់មកវិញ នៅថ្ងៃណាមួយ សូមឱ្យប្តីអូន និងបងៗវីរកងទ័ព ទាំង១៨នាក់ ត្រឡប់មកឆាប់ៗ ពីមួយថ្ងៃ ទៅមួយថ្ងៃ…”។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបញ្ជាក់ប្រាប់អនុព័ន្ធយោធា និងមន្ត្រីទូតនានាចំនួន ១៣ប្រទេស ដែលចុះទៅពិនិត្យជាក់ស្តែងនូវការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នៅចំណុចព្រំដែនអានសេះ ថាកាលពីវេលាម៉ោងប្រមាណ៥ទៀបភ្លឺ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចសមរភូមិ ច្រកជាំតែ ទាហានថៃ បានចាប់ខ្លួនទាហានកម្ពុជា ចំនួន២០នាក់ (បាញ់ស្លាប់ ១នាក់) ក្រោយបទឈប់បាញ់ចូលជាធរមាន ដោយទាហានថៃ បានប្រើល្បិចកខ្វក់ បក់ដៃហៅទាហានកម្ពុជា ចាប់ដៃគ្នាស្វាគមន៍គ្នា នៅសមរភូមិជាំតែ ស្រាប់តែត្រូវទាហានថៃ ភ្ជង់ កាំភ្លើង ព័ទ្ធចាប់តែម្តង ដែលសកម្មភាពនេះ ជាការរំលោភលើបទឈប់បាញ់ របស់ភាគីថៃ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្រា បានបញ្ជាក់នៅពេលនោះថា “គាត់ (ទាហានថៃ) បានក្រោកឈរ ហើយនាំគ្នាបក់ដៃហៅកម្លាំងយើង ស្រែកហៅកម្លាំងយើងថាឈប់ៗ! ចរចាគ្នា ។ កម្លាំងយើង នៅពេលឮពាក្យថា ឈប់ ចចារគ្នា ក៏ងាកមកឃើញគាត់បក់ដៃហៅ យើងក៏ដើរមកជិតគាត់ ពេលដែលដើរមកជួបចរចាជាមួយគាត់ យើងអត់ចូលមកទាំងស្រុងទេ យើងចូលមកតែប្រមាណ ៥ទៅ៦នាក់ទេ ដើម្បីមកជួបគាត់ នៅពេលដែលជួបភាគីគាត់ គាត់ហាក់ដូចជាបញ្ចេញនូវគេហៅថាកាយវិការ ព្រមទាំងទឹកចិត្តសប្បាយរីករាយជាមួយយើង ចាប់ដៃចាប់ជើង និយាយជាមួយគ្នាល្អណាស់។ ប៉ុន្តែផ្ទុយទៅវិញ ក្រោយពេលដែលយើងបានធ្វើការសន្ទនា ចរចាគ្នា ស្តីពីការឈប់បាញ់ឈប់អីគ្នាទៅវិញទៅមកហើយ គាត់ក៏ហៅថត ដើម្បីរក្សាទុកជារូបថតអនុស្សាវរីយ៍ រវាងកម្ពុជា-ថៃ កងទ័ពកម្ពុជា-ថៃ ក្រោយពីមានបទឈប់បាញ់គ្នា។ នៅពេលកំពុងឈរថត គាត់ក៏បានបញ្ជាឱ្យកម្លាំងគាត់ដែលនៅក្នុងព្រៃ លោតមកភ្ជង់កម្លាំងខ្ញុំពីក្រោយ…”។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្រតា បានបន្តថា “ខ្ញុំសួរអស់លោកអនុព័ន្ធយោធាតាមបណ្តាប្រទេសនានាថា តើអស់លោកឈឺចាប់ទេ នៅពេលដែលយើងមានបទបញ្ជាឈប់បាញ់ហើយ ទីបំផុតភាគីថៃ ប្រើល្បិចកលដ៏ថោកទាបបំផុត ដែលភ្ជង់មកលើកម្លាំងរបស់ខ្ញុំ តើអស់លោកឈឺចាប់ទេ? ខ្ញុំសួរអស់លោកទៅវិញ អស់លោកនៅតាមសេនានុព័ន្ធ អស់លោកឈឺចាប់ទេ នៅពេលដែលគេធ្វើអំពើអាក្រក់មកលើយើង ទាំងដែលយើងបញ្ចេញនូវកាយវិការស្មោះត្រង់ជាមួយគេនេះ?…”។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្រា បានបន្តទៀតថា “ក្រោយពីគាត់ចាប់កម្លាំងរបស់ខ្ញុំទាំងអស់ ២០នាក់ យកទៅ ត្រូវបានរត់រួចម្នាក់ នៅសល់១៩ ប៉ុន្តែនៅពេលដែលអ្នករត់រួច គាត់រត់មកដល់ ព័ត៌មានគាត់ប្រាប់ថា ប្រ ហែលជាបាញ់សម្លាប់នៅមុខគាត់ ២នាក់ទៀត…”។

ក្រោយពេលមានការចាប់ខ្លួនទាហានកម្ពុជា ២០នាក់ ខាងលើនេះ ក្រសួងការពារជាតិ ក៏ដូចជាក្រសួងការ បរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ទាមទារឲ្យភាគីថៃ គោរពឲ្យបានហ្មត់ចត់នូវបទឈប់បាញ់ និងត្រូវដោះលែងទាហានកម្ពុជា ទាំង២០នាក់ ដោយឥតលក្ខខណ្ឌ។ លុះមកដល់វេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១ ខែ សីហា ឆ្នាំ២០២៥ ភាគីថៃ បានប្រគល់ទាហានកម្ពុជា ចំនួន ២នាក់ប៉ុណ្ណោះ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលរួមមាន ទី១-លោកអនុសេនីយ៍ត្រី អាង អឿង អាយុ៣៧ឆ្នាំ (មានបញ្ហាវង្វេងស្មារតី) និងទី២-លោកព្រិន្ទបាលឯក ម៉ម រិទ្ធី អាយុ៥៣ឆ្នាំ (រងរបួសធ្ងន់ ពិការ) ។ ហើយមកដល់ពេលនេះ ភាគីថៃ នៅតែមិនព្រមដោះលែងវីរកងទ័ពកម្ពុជា ដែលនៅសេសសល់ទាំង១៨នាក់នោះនៅឡើយ បើទោះបីជាមានការទាមទារជាបន្តបន្ទាប់ពីភាគីកម្ពុជា រហូតដល់មានបាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្រុងនិងក្រៅប្រទេស ទាមទារឱ្យភាគីថៃ ប្រគល់កងកម្លាំង របស់កម្ពុជា ឲ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ក៏ដោយ៕ ដារិទ្ធ