Friday, August 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចតឡានមុខក្រុមហ៊ុន ចោរលួចបាត់

ចតឡានមុខក្រុមហ៊ុន ចោរលួចបាត់

ភ្នំពេញ ៖ រថយន្តម៉ាក Lexus LX-470 ១គ្រឿង ដែលជនជាតិចិន ជួលជិះ ត្រូវបានជនសង្ស័យម្នាក់ ចូលទៅលួចយកទៅបាត់ ខណៈពេលដែលជនជាតិចិន បានបើករថយន្តខាងលើ មកឈប់ចតនៅមុខក្រុមហ៊ុន ១យប់។ករណីបាត់រថយន្តនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅត្រង់មុខក្រុមហ៊ុនចិន ១កន្លែង ស្ថិតនៅតាមបណ្តោយផ្លូវណតប្រ៊ីដ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

រថយន្តដែលត្រូវជនសង្ស័យលួចយកទៅបាត់នោះ ម៉ាក Lexus LX-470 ស៊េរីឆ្នាំ២០០០ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 2P-5991 (ជារថយន្តដែលជនជាតិចិន ជួលជិះ)។

តាមប្រភពពីឈ្មោះ LIU JIANGPING ភេទប្រុស អាយុ៥៧ឆ្នាំ ជាជនជាតិចិន បានឱ្យដឹងតាមរយៈអ្នកបកប្រែថា នៅមុនពេលកើតហេតុ កាលពីវេលារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ខណៈពេលដែលខ្លួនកំពុងនៅក្នុងក្រុមហ៊ុន ស្ថិតនៅផ្ទះលេខ៤៤-៤៦ ផ្លូវណតប៊្រីដ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្រាប់តែឈ្មោះ VANG ZHONGSHAN ជាជនជាតិចិន ស្នាក់នៅខេត្តកោះកុង បានបើករថយន្ត ១ គ្រឿង ម៉ាក Lexus LX-470 ស៊េរីឆ្នាំ២០០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-5991 យកមកឱ្យឈ្មោះ YU DENG JIANG ដែលស្នាក់នៅជាមួយរូបគាត់ នៅក្នុងក្រុមហ៊ុនខាងលើ ដើម្បីឱ្យជូនទៅព្រលានយន្តហោះអន្តរ ជាតិភ្នំពេញ។

បុរសឈ្មោះ LIU JIANGPING បានបន្តថា បន្ទាប់ពីត្រឡប់មកពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ វិញ ឈ្មោះ YU DENG JIANG ក៏បានបើករថយន្តមកទុកមុខក្រុមហ៊ុន រួចទុកសោនៅលើតុ បន្ទាប់មក ក៏ឡើងទៅជាន់ទី២ សម្រាក។ ស្រាប់តែរយៈពេលប្រមាណ ១ម៉ោងក្រោយមក ពេលចុះមកក្រោម បាត់កូនសោរថយន្ត និងសួរនាំរកកូនសោ ស្រាប់តែនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ មានការភ្ញាក់ផ្អើលបាត់រថយន្តតែម្តង។

ក្រោយកើតមានករណីខាងលើនេះ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ជនជាតិចិនខាងលើ ក៏បាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងបានមើលតាមកាមេរ៉ាសុវត្ថិភាព ឃើញមានជនសង្ស័យម្នាក់ បានចូលលួចរថយន្តខាងលើ បើកចេញទៅបាត់ តាំងពីវេលាម៉ោង ៧ និង១៩នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។

ជុំវិករណីខាងលើនេះ សមត្ថកិច្ចសង្ស័យថាជនសង្ស័យ អាចជាជនជាតិចិនដូចគ្នា និងជាអ្នកស្គាល់គ្នា លួចសោរថយន្ត មកបើករថយន្តទៅបាត់តែម្តង។ យ៉ាងណា សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយកមមកចាត់ការតាមច្បាប់៕

RELATED ARTICLES