ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរ រស់នៅតំបន់៥ ស្ថិតក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានប្រមូលផ្តុំតវ៉ា ទាមទារឱ្យថៃ ប្រគល់ដីផ្ទះ មកពួកគាត់វិញ ក្រោយពីក្រុមទាហានថៃ ចូលឈ្លានពានទឹកដីកម្ពុជា យកលួសបន្លា សំណាញ់ និងកង់ឡាន មករាយព័ទ្ធយកដីផ្ទះរបស់ពួកគាត់ ព្រមទាំងបណ្តេញពួកគាត់ចេញពីលំនៅឋានទាំងកំរោល ដូចចោរប្លន់ ដែលជាការឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជា រំលោភបទឈប់បាញ់ កិច្ចព្រមព្រៀមប្រជុំ GBC និងអនុស្សរណៈយោគយល់ MoU ឆ្នាំ២០០០។

ជាមួយគ្នានេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) បានចេញសេចក្តីប្រកាសព័ត៌មាន តវ៉ាប្រឆាំងដាច់អហង្ការចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ មកលើបូរណភាពទឹកដីកម្ពុជា ហើយទាម ទារឲ្យយោធាថៃ រុះរើជាបន្ទាន់ នូវលួសបន្លា សំណាញ់ និងកង់ឡាន ព្រមទាំងចាត់វិធានការទប់ស្កាត់កុំឱ្យកើត មានសកម្មភាពរំលោភបំពានបែបនេះតទៅទៀត នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់ បាននាំគ្នាធ្វើការតវ៉ា ជាមួយការលើកបដា ដែលមានខ្លឹមសារដូចជា «កម្ពុជា ត្រូវការសន្តិភាព» «សូមឲ្យភាគីថៃ ប្រគល់ដីនិងផ្ទះ មកឲ្យពួកយើងខ្ញុំវិញ» «សូមឲ្យភាគីថៃ រក្សាស្ថានភាពនៅតាមព្រំដែន ឲ្យដូចមុនថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វិញ» «សូមឲ្យភាគីថៃ បញ្ឈប់ការរំលោភបំពានមកលើទឹកដីរបស់កម្ពុជា ជាបន្ទាន់» «យើងខ្ញុំទាំងអស់គ្នា ត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមទេ» …។

នារីជាប្រជាពលរដ្ឋខ្មែរម្នាក់ ឈ្មោះវីតា ដែលរងគ្រោះត្រូវទាហានថៃ ប្លន់យកដីផ្ទះ ដោយព័ទ្ធលួសបន្លានិងកង់ឡាន ហើយបណ្តេញរូបនាងនិងឪពុកម្តាយ ចេញពីលំនៅឋានដែលនាងរស់នៅតាំងពីយូរណាស់មកហើយនោះ បាននិយាយទាំងឈឺចាប់ថា “បងប្អូន ពេលនេះខ្ញុំកំពុង ឡាយផ្ទាល់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នេះដំបូលខៀវនេះ គឺជាផ្ទះរបស់ខ្ញុំ វីតា ផ្ទាល់តែម្តង ហើយពួកចោរសៀម វាបានព័ទ្ធលួសបន្លាជុំវិញទាំងអស់។ និយាយទៅ ដីនេះ ក្បាល៥០ បណ្តោយចូលជិត៣០០ គឺវាព័ទ្ធយកទាំងអស់តែម្តង ហើយនៅនេះ ផ្ទះប្រជាពល រដ្ឋដែលវាព័ទ្ធយកហ្នឹង មានចំនួន ៤គ្រួសារ គឺវាព័ទ្ធយក បិទផ្លូវចេញចូលមុខក្រោយទាំងអស់ ហើយមានបងប្អូនសួរខ្ញុំថា ក្រោយពេលអ្នកសង្កេតការណ៍ ៧ប្រទេស ចុះមកម្សិលមិញ តើមានដំណោះស្រាយអីអត់? ជាក់ស្តែងគឺអត់ទាន់មានដំណោះស្រាយអីទេ គឺពួកគាត់មកទទួលដឹងឮ និងធ្វើកំណត់ហេតុផ្សេងៗអ៊ីចឹងទៅ តែបើសួរថា ដោះស្រាយអី គឺនៅទេ។ មួយទៀត ពួកចោរសៀម វាបានប្រាប់ថា ឱ្យយើងចូលនៅផ្ទះធម្មតាចុះ វាមិនថាអីទេ តែខាងទាហានយើង បានប្រាប់គ្រួសារខ្ញុំថា មិនបាច់ចូលនៅទេ ព្រោះពេលយើងចូលនៅ អាចនឹងវាគិតថា យើងធ្វើអីៗទៅ ខ្លាចប៉ះពាល់សុវត្ថិភាពយើង។ និយាយទៅ គឺខាងយើងគឺគាត់រក្សាសុវត្ថិភាពប្រជាជនយើងទាំងអស់ ដោយមិនឱ្យទៅរញ៉េរញ៉ៃជាមួយពួកហ្នឹងទេ វាជាអ្នកលួច វាជាអ្នកបិទ អាហ្នឹងទុកឱ្យថ្នាក់លើជាអ្នកដោះស្រាយ ឱ្យវាមកបើកឱ្យយើងវិញ។ បានន័យថា វាអ្នកបិទ គឺត្រូវវាអ្នកបើកដោយខ្លួនឯង»។

នារីខាងលើ បន្តថា «អ្វីដែលពួកខ្ញុំចង់បាន អ្វីដែលខ្ញុំត្រូវការនោះ គឺមិនចង់បានអ្វីដែលជារបស់អ្នកណា ឬជន ជាតិណាទេ ហើយអ្វីដែលប្រជាពលរដ្ឋរបស់យើងទាំងអស់ ចង់បាន គឺចង់បានរបស់ខ្លួនឯង ត្រឡប់មកវិញ អត់ចង់បានដីរបស់អ្នកណាទេ។ ជាក់ស្តែងប្រជាជនកម្ពុជាយើង គឺមិនចង់បានរបស់អ្នកណាស្រាប់ទៅហើយ ឈាមខ្មែរយើង មិនមែនឈាមចោរ ដូចវាទេ វាឱ្យយើងចូលនៅ តើយើងហ៊ានចូលនៅឬអត់? បើវាព័ទ្ធយើងអ៊ីចឹងហ្នឹង វាព័ទ្ធយើង តែវាឱ្យយើងចូលនៅ វាម្តងក្តៅ ម្តងត្រជាក់ ម្តងអត់ ម្តងឱ្យ ហើយវាយកផ្ទះយើង ដូចជាកម្មសិទ្ធិផ្ទះម៉ែវាសាងសង់ពីជំនាន់មុនមកអ៊ីចឹង។ ម៉ាក់ខ្ញុំប្រាប់ថា វាព័ទ្ធបន្លាលួសរួច វាដើរចូលដីខ្មែរយើង ដើរតាមផ្លូវ ចូលយ៉ាងជ្រៅ ហើយវាដើរបណ្តើរ វារាវមីនបណ្តើរ សុទ្ធតែពួកអាឆ្កួត អាណាទៅរាយមីន លើផ្លូវដើរ តែនេះបញ្ជាក់ថា មិនមែនជាទីតាំងវា ដែលវាមិនស្គាល់ អ៊ីចឹងវាអត់ដឹងទេថាកន្លែងណាសុវត្ថិភាព កន្លែងណាមិនសុវត្ថិភាព។ ក្នុងចំណោមផ្ទះ៤ ដែលវាព័ទ្ធយកនោះ មានពលរដ្ឋយើងម្នាក់ ជាជនពិការថែមទៀត បងប្អូនគិតមើល តើពួកវាមានឈាមជ័រជាមនុស្សដែរទេ? សម្រាប់ខ្ញុំគិតថា ពួកវាគ្មានឈាមជ័រជាមនុស្ស សូម្បីតែបន្តិចទេ ព្រោះបើមានឈាមជ័រជាមនុស្សតែបន្តិច ច្បាស់ណាស់ វាមិនមែនដើរមកលួចប្លន់ មកព័ទ្ធយករបស់គេទាំងស្រស់ៗបែបនេះទេ…”។

ប្រជាពលរដ្ឋដដែល បន្តទៀតថា “នៅពេលដែលវាមកធ្វើបែបនេះហើយ យើងមិនអាចទៅបំផ្លាញ ឬរុះបន្លាលួសវាចេញបានទេ ព្រោះកុំឱ្យថ្នាក់លើគាត់កាន់តែឈឺក្បាលជាមួយយើង ព្រោះគេមានភ័ស្តុតាងមានអី បាន ន័យថា កម្ពុជាយើង ពេលនេះកំពុងមានសំឡេងទៅកាន់ក្រៅប្រទេស ឱ្យគាត់បានដឹង បានឃើញថា ប្រទេសកម្ពុជា ស្លូតត្រង់ ត្រូវបានគេបំពាន មិនមាននរណាគេជួយក្រៅពីយើងខំព្យាយាមបង្ហាញឱ្យពួកគាត់បានឃើញទេ ហើយមានអ្នកសួរថា ចុះពេលពួកវាមកភ្លាមៗ ម៉េចក៏មិនប្រឆាំងទៅ? គឺប្រឆាំងមិនកើតទេ ដោយសារប្រជាពលរដ្ឋយើងនៅនេះ មានតិច ចំណែកគ្នាវាដាក់កម្លាំងចុះមកដូចស្រមោច គ្នារាប់សិបនាក់ មានទាំងដ្រូនហោះពេញលើក្បាលទៀតផង ហើយដោយសារកម្លាំងវាដាក់មកច្រើន វារាយកង់ឡាន និងបន្លាលួស ត្រឹមតែប្រហែលកន្លះម៉ោងប៉ុណ្ណោះ។ ចំណែកប្រជាជនយើង មានគ្នាតិច អ៊ីចឹងហើយ យើងត្រូវរក្សាសុវត្ថិភាព ជាជាងទៅតតាំងជាមួយពួកវា យើងទុកឱ្យនេះជាចំណាត់ការរបស់ថ្នាក់លើ ក៏ដូចជាបង្ហាញទៅកាន់បរទេស ឱ្យគេបានឃើញថា ប្រទេសកម្ពុជា កំពុងរងការឈ្លានពានពីចោរសៀម បន្ទាប់ពីបទឈប់បាញ់។ អ៊ីចឹងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋស្លូតត្រង់ ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលរបស់ខ្ញុំ ខ្ញុំស្តាប់ឱវាទសម្តេចពុក និងសម្តេចធិបតី ហ៊ុន ម៉ាណែត ខ្ញុំពិតជាដើរតាមគន្លងផ្លូវដែលលោកទាំងទ្វេបានគូស អ៊ីចឹងហើយ ប្រជាពលរដ្ឋស្លូតត្រង់ គ្មានចង់បានអ្វីក្រៅពីដីខ្លួនឯងមកវិញទេ ហើយអ្វីដែលយើងមិនរើរុះ មិនបង្កជម្លោះជាមួយពួកចោរសៀមនេះ គឺដោយសារតែយើងមានរាជរដ្ឋាភិបាល ដែលពួកយើងជឿទុកចិត្តបាន ជឿថារាជរដ្ឋាភិបាល នឹងដោះស្រាយ លោកមិនមើលនឹងភ្នែកទេ។ ជាក់ស្តែងដូចជា សម្តេចពុក អ៊ីចឹង យើងហត់១០ តែលោកហត់ដល់ទៅ ១ពាន់ឯណោះ មិនមែនយើងហត់តែម្នាក់ឯងទេ ហើយខ្ញុំជឿជាក់ថា ពាក្យសម្តីដែលសម្តេចពុក មានប្រសាសន៍ មិនឱ្យបាត់សូម្បីតែ ១មិល្លីម៉ែត្រ គឺខ្ញុំជឿជាក់លើសម្តីនេះខ្លាំងណាស់ ព្រោះសម្តីសម្តេចពុក មានអត្ថន័យណាស់ គាត់មិនឱ្យរបស់យើងបាត់ទៅងាយៗទេ ខ្ញុំជឿជាក់បែបហ្នឹង។ ហើយសួរថា បើជឿថាមិនបាត់បង់អ៊ីចឹង តើយំស្រែកធ្វើអី? បងប្អូន ប្រសិនបើគេមកបំពានលើដីផ្ទះបងប្អូន ដែលបងប្អូនកំពុងជ្រកកោនបែបនេះ តើបងប្អូនមានអារម្មណ៍បែបណា? អារម្មណ៍តក់ស្លុត គឺជារឿងធម្មតា អារម្មណ៍ភ័យខ្លាច គឺជារឿងដែលមានស្រេចទៅហើយ។ សម្រាប់ខ្ញុំ ខ្ញុំសូមអះអាងថា ខ្ញុំរស់នៅលើទឹកដីខ្មែរ ខ្ញុំត្រូវតែជឿជាក់លើថ្នាក់ដឹកនាំខ្មែរ បើខ្ញុំនៅលើដីខ្មែរ ខ្ញុំមិនជឿជាក់លើថ្នាក់ដឹកនាំខ្មែរ ឱ្យខ្ញុំឡេឡឺដូចជនជាតិថៃ មែន? ឱ្យខ្ញុំឡេឡឺដូចថៃ មិនដឹងទៅជឿអាណាមែន? អ៊ីចឹងទោះបីជាល្អអាក្រក់ម៉េច គឺខ្ញុំជឿលើថ្នាក់ដឹកនាំរបស់ខ្ញុំ។ ឥឡូវនេះខាងយោធាយើង ក៏មិនចោលប្រជាពលរដ្ឋដែរ គឺគាត់តែងនៅមើល និងគិតពីសុខទុក្ខប្រជាពលរដ្ឋទាំងអស់គ្នា…”។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ថា “ខ្ញុំបាទ សម្របសម្រួលជាមួយក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះអង្កេតមើលដោយផ្ទាល់ ចំនួន២ទីតាំង ដែលយោធាថៃ យកបន្លាលួសព័ទ្ធយកដីនិងផ្ទះរបស់ពលរដ្ឋ ព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ…”។

ចំណែកលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក៏បានដាក់ញ្ញត្តិបន្ទាន់មួយ ជូនទៅអ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិលំនៅឋាន មានទីតាំងនៅទីក្រុងហ្សឺណែវ ដោយមានគោលបំណងគឺ ៖
១- ជំរុញឱ្យភាគីថៃ រើបន្លាលួស និងកង់ឡាន ដែលបានដាក់ពង្រាយខុសច្បាប់ លើទឹកដីកម្ពុជា ចេញវិញជាបន្ទាន់។
២- ធានាការប្រគល់ទ្រព្យសម្បត្តិ និងស្រែចម្ការរបស់ពលរដ្ឋខ្មែរទាំងអស់ ដែលត្រូវបានភាគីថៃ រំលោភយក។
៣- ជំរុញឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ និងព្រមព្រៀង ១៣ចំណុច នៃកិច្ចប្រជុំ GBC ។

៤- បង្កើតក្រុមការងារចំពោះកិច្ច ក្នុងការស៊ើបអង្កេតនិងស្វែងរកអ្នកទទួលខុសត្រូវ និងអ្នកពាក់ព័ន្ធចំពោះអំពើរំលោភបំពាននេះ។ ជំរុញឱ្យភាគីថៃ ដោះលែងកងទ័ពកម្ពុជា ទាំង១៨នាក់ ជាបន្ទាន់និងឥតលក្ខខណ្ឌ។គួរបញ្ជាក់ដែរថា ជុំវិញករណីទាហានថៃ ចូលមកឈ្លានពានទឹកដីកម្ពុជា ហើយរាយលួសបន្លា សំណាញ់ និងកង់ឡាន ព័ទ្ធយកដីផ្ទះប្រជាពលរដ្ឋខ្មែរ និងបណ្តេញពួកគាត់ចេញពីលំនៅឋាន នៅកំណាត់ខ្សែព្រំដែន ក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) បានចេញសេចក្តីប្រកាសព័ត៌មាន តវ៉ាប្រឆាំងដាច់អហង្ការចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ មកលើបូរណភាពទឹកដីកម្ពុជា ហើយទាមទារឲ្យយោធាថៃ រុះរើជាបន្ទាន់ នូវលួសបន្លា សំណាញ់ និងកង់ឡាន ព្រមទាំងចាត់វិធានការទប់ស្កាត់កុំឱ្យកើតមានសកម្មភាពរំលោភបំពានបែបនេះតទៅទៀត នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា ចាត់ទុកទង្វើរបស់យោធាថៃ នេះជាការរំលោភនៃស្មារតីនៃ MOU ឆ្នាំ២០០០ និងច្បាប់អន្តរជាតិ ។ ជាពិសេស គឺរំលោភលើសមត្ថកិច្ច JBC ព្រមទាំងបំផ្លាញលទ្ធផលប្រឹង ប្រែងកន្លងមក និងដំណើរការនៃការចរចារបស់ JBC នៃប្រទេសទាំងពីរ។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា «គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) សូមធ្វើការតវ៉ាប្រឆាំងដាច់អហង្ការ ចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ ដូចខាងក្រោម ៖
១-នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ យោធាថៃ បានរាយបន្លាលួស សំណាញ់ រនាំង និងដាក់ កង់ឡាន នៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលព្រំដែនលេខ៤៦-៤៧ ស្ថិតក្នុងភូមិសាស្ត្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

២-នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ យោធាថៃ បានរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលព្រំដែនលេខ ៤២-៤៣ ស្ថិតក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
៣-នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ យោធាថៃ បានប៉ុនប៉ងធ្វើសកម្មភាពរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅបរិវេណច្រកទ្វារព្រំដែនបឹងត្រកួន នៅកំណាត់ខ្សែព្រំដែន ស្ថិតក្នុងភូមិសាស្ត្រភូមិបន្ទាយមានឫទ្ធិ និងភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប៉ុន្តែដោយឃើញមានវត្តមានប្រជាពលរដ្ឋ និងកងកម្លាំងកម្ពុជា ព្រមទាំងអនុព័ន្ធយោធាបរទេស ចុះសង្កេតការណ៍នៅតំបន់នេះ យោធាថៃ ក៏សម្រេចបញ្ឈប់សកម្មភាព និងដកថយត្រឡប់ទៅវិញ។

សកម្មភាពទន្ទ្រានកាន់កាប់យកដី ជាឯកតោភាគី របស់យោធាថៃ តាមរយៈការរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅកំណាត់ខ្សែព្រំដែនខាងលើនេះ គឺជាសកម្មភាពរំលោភលើស្មារតីនៃ MOU ឆ្នាំ២០០០ និងច្បាប់អន្តរជាតិ ជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) ព្រមទាំងបំផ្លាញលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក និងដំណើរការនៃការចរចា របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។

ជាថ្មីម្តងទៀត គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) សូមធ្វើការតវ៉ាប្រឆាំង ដាច់អហង្ការ ចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ និងទាមទារឱ្យរុះរើជាបន្ទាន់ នូវបន្ទាលួស សំណាញ់ និងកង់ ឡាន ព្រមទាំងចាត់វិធានការទប់ស្កាត់កុំឱ្យកើតមានសកម្មភាព រំលោភបំពានបែបនេះតទៅទៀត នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ…៕