ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីតូច២នាក់ ត្រូវបានឪពុកម្តាយដែលជាវីរកងទ័ព នាំយកមកផ្ញើឱ្យស្នាក់នៅជាមួយជីដូនវ័យចំណាស់ ខណៈឪពុកម្តាយត្រូវបំពេញភារកិច្ចការពារព្រំដែន នៅសមរភូមិជួរមុខ លុះលោកអភិបាល ខេត្តកំពង់ឆ្នាំង ទទួលបានដំណឹង ក៏ចុះសួរសុខទុក្ខផ្ទាល់ ព្រមទាំងណែនាំឱ្យមន្ត្រីពាក់ព័ន្ធ មើលការខុសត្រូវ និងមើលថែយ៉ាងយកចិត្តទុកដាក់។

ក្មេងស្រីតូចទាំង២នាក់ ក្មេងស្រីបង មានអាយុ១១ឆ្នាំ ចំណែកប្អូនស្រី មានអាយុ៨ឆ្នាំ មានឪពុកឈ្មោះ លោកចែ ម៉ាញ និងម្តាយឈ្មោះភួង ស្រីណាក់ ជាវីរកងទ័ព កំពុងបម្រើការងារនៅអង្គភាពវរៈ២ កងពលតូចអន្តរាគមន៍លេខ១ ដែលកំពុងឈរជើងការពារទឹកដី នៅសមរភូមិជួរមុខ ទិសខេត្តព្រះវិហារ។ បច្ចុប្បន្នក្មេងស្រីទាំង២នាក់បងប្អូន បានមកស្នាក់នៅជាមួយជីដូន ឈ្មោះភួង ស្រីអន អាយុ៦៧ឆ្នាំ រស់នៅក្នុងភូមិថ្លុកឫស្សី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។

គួរបញ្ជាក់ថា លោកអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងាររដ្ឋ បាលខេត្តនិងស្រុក ចុះសួរសុខទុក្ខ និងនាំយកកំណោយ រួមទាំងថវិកាមួយចំនួន ឧបត្ថម្ភជូនកុមារី ២នាក់បង ប្អូនបង្កើត ដែលត្រូវជាកូនៗរបស់វីរកងទ័ព កំពុងឈរជើងការពារទឹកដី នៅខេត្តព្រះវិហារ។ ខណៈដែលឪពុកនិងម្តាយរបស់ពួកគេ កំពុងជាប់បំពេញភារកិច្ចជូនជាតិមាតុភូមិ ក៏បាននាំកូនស្រីទាំង២នាក់ បានមកស្នាក់នៅជាមួយជីដូន ឈ្មោះភួង ស្រីអន អាយុ ៦៧ឆ្នាំ រស់នៅក្នុងភូមិថ្លុកឫស្សី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ដែលបច្ចុប្បន្នជីដូនរបស់ក្មួយៗទាំង២នាក់ ក៏កំពុងមានជំងឺ និងបានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច។ ចំណែកក្មេងស្រីទាំង២នាក់ ត្រូវបានផ្ញើឱ្យស្នាក់នៅជាបណ្តោះអាសន្ន ជាមួយអ្នកជិតខាង ដែលជាអ្នករាប់អានគ្នា។

ក្នុងឱកាសចុះសួរសុខទុក្ខនិងនាំយកអំណោយ ថវិកាផ្តល់ជូនដល់ក្មួយស្រីទាំង២នាក់ និងជីដូនដែលកំពុងមានជំងឺ សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ខាងលើនេះ អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យឱ្យយកចិត្តទុក ដាក់មើលថែនិងព្យាបាលជំងឺជីដូនរបស់ក្មេងស្រី ឱ្យបានឆាប់ជាសះស្បើយ។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងការសិក្សារៀនសូត្ររបស់ក្មេងស្រីទាំង២នាក់ ឱ្យបានដិតដល់ បើមានករណីចាំបាច់ ត្រូវប្រញាប់រាយការណ៍ជូនលោកអភិ បាល ដោយផ្ទាល់៕
